ការប្រើប្រាស់កើនឡើង៖ អាយហ្វូន នៅអាមេរិក និងអង់ដ្រ័រ នៅអ៊ឺរ៉ុប
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 28, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រព័ន្ធពាណិជ្ជកម្ម នៃផលិតផលបច្ចេកវិទ្យាក្នុងលោក កំពុងបន្តទៅមុខ តែបានដាក់ចេញមកលក់មកក្នុងទីផ្សារ មានលក្ខណៈប្រហាក់ប្រហែលគ្នា មិនសូវឃើញមានភាពខុសគ្នាប៉ុន្មានទេ។
សង្គ្រាមផ្កាយរវាង អាយអូអេសរបស់អ័បផល និងអង់ដ្រ័ររបស់ហ្គូហ្គើល។ រូបភាព 3D។
នៅពេលដែលក្រុមហ៊ុនអ័បផល បានដាក់ចេញមកលក់ នូវផលិតផលទូរស័ព្ទចុងក្រោយគេបង្អស់ (iPhone5) នោះ នៅសហរដ្ឋអាមេរិក អ្នកស្រឡាញ់ចូលចិត្តនឹងអ័បផល នៅតែស្មោះស្ម័គ្រនឹងផលិតផលនេះ ជាមួយនឹងអ្នកចំណូលចិត្តថ្មីខ្លះៗទៀត ហើយបានធ្វើអោយការលក់ផលិតផលនេះ មានការកើនឡើង ក្នុងរយះពេល១ឬ២ត្រីមាសដំបូងនេះ។ តែនៅទ្វីបអ៊ឺរ៉ុបឯណោះវិញ ផលិតផលរបស់អ័បផល មិនសូវជាទទួលបាន នូវចំណូលចិត្តថ្មីប៉ុន្មាន ពីសំណាក់អតិថិជននោះទេ។
តាមតួលេខ នៃត្រីមាសចុងក្រោយ (រហូតដល់ថ្ងៃ៣០តុលាកន្លងមក) ផ្ដល់ដោយការិយាល័យសិក្សាទិន្នន័យ កេនតា វើលផានែល (Kantar WorldPanel) បានអោយដឹងកាលពីថ្ងៃអង្គារទី២៧វិច្ឆិកា ថា អាយហ្វូនលក់ដាក់នៅសហរដ្ឋអាមេរិក ប្រមាណជា ៤៨,១% ទល់នឹង ៤៦,៧% នៃទូរស័ព្ទដទៃៗទៀតបញ្ចូលគ្នា។ តែផ្ទុយទៅវិញ សម្រាប់ប្រទេសចំនួន៥សំខាន់ៗ នៅអ៊ឺរ៉ុបខាងលិច (អាឡឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ) ទូរស័ព្ទដែលប្រើប្រព័ន្ធមេរបស់ហ្គូហ្គើល (Google គឺអង់ដ្រ័រ) បានបង្ហាញពី តួលេខលក់ដាច់របស់ខ្លួន ខ្ពស់ជាងអាយហ្វូន ច្រើនលើសលប់ (៦៣,៩% នៃប្រព័ន្ធអង់ដ្រ័រ ទល់នឹង២១,២%នៃអាយអូអេស)។ តួលេខលក់ដាច់ របស់ប្រព័ន្ធមេអង់ដ្រ័រនេះ បាននាំមុខអាយអូអេស ( iOS) របស់អ័បផល ដូចគ្នាដែរនៅក្នុងប្រទេសចិន និងប្រេស៊ីល។
អាមេរិក ទល់នឹងអ៊ឺរ៉ុប !
សម្រាប់ផលិតផល ដែលចាញ់គេហៅមិនលឺវិញ គឺទូរស័ព្ទ ប្លេកប៊ឺរី (Blackberry) (១,៦%នៅអាមេរិក ទល់នឹង ៥,3%នៅអ៊ឺរ៉ុប) ខណៈក្រុមហ៊ុនរបស់ទូរស័ព្ទនេះ កំពុងរងចាំការចេញមកលក់ នូវផលិតផលថ្មីរបស់ខ្លួន (Blackberry10) នៅដើមឆ្នាំក្រោយ។ ចំណែកឯ វិនដូវ ហ្វូន (Windows Phone) វិញ ក៏មានវាសនាមិនខុសគ្នាប៉ុន្មានពី ប្លេកប៊ឺរី ដែរ ជាមួយនឹងតួលេខនៃការលក់ដាច់របស់ខ្លួន ២,៧%នៅអាមេរិក ទល់នឹង ៤,៧%នៅអ៊ឺរ៉ុប។ តួលេខនេះ នឹងនៅតែអាក្រក់ដដែល ដោយហេតុថា វិនដូវ ហ្វូន៨ (Windows Phone 8 ) មានចេញមកអោយប្រើប្រាស់ ចុងក្រោយរបស់មីក្រុសូហ្វ៍ មានតែនៅលើម៉ាស៊ីនតែពីរប៉ុណ្ណោះ ក្នុងពិភពលោក គឺ Nokia Lumia 920 និង HTC 8X។
គម្លាតនៃការលក់ដាច់របស់ អាយអូអេស នៅអាមេរិក និងនៅអ៊ឺរ៉ុប មានមូលហេតុច្រើន។ ទីមួយ អ័បផលនៅមានអ្នកស្មោះស្ម័គ្រជាច្រើន ក្នុងប្រទេស៖ ៦២% នៃអ្នកប្រើប្រាស់ទូរស័ព្ទដៃទាំងអស់ ប្រើទូរស័ព្ទយីហោ អាយហ្វូន។ ម្យាងទៀត ទីផ្សារទូរស័ព្ទរបស់អាមេរិក មានដំណើរការប្រមាណជា ៩០% ជាមួយនឹងការជៀវទៅប្រើប្រាស់ ដែលមានកិច្ចសន្យា បង់ប្រាក់រំលោះថោកៗ ចំនួន២ឆ្នាំ។ រីឯនៅអ៊ឺរ៉ុប បើទោះជាដំណើរការនៃការជៀវ មានលក្ខណៈប្រហាក់ប្រហែលគ្នា តែអ្នកប្រើប្រាស់ទូរស័ព្ទដៃភាគច្រើន សុខចិត្តទិញទូរស័ព្ទទាំងមូលដាច់ ដោយគ្មានកិច្ចសន្យាអ្វីទាំងអស់។ ដូច្នេះហើយ អ្នកប្រើប្រាស់ តែងតែងាកទៅរកទូរស័ព្ទណា ដែលមាន«តម្លៃថោក» និងជាករណីរបស់បណ្ដាទូរស័ព្ទ ដែលប្រើប្រព័ន្ធមេ អង់ដ្រ័រ៕
--------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ