អាយហ្វូន៥ថ្មី មានអ្វីប្លែក?

ទូរស័ព្ទដ៏ទំនើប របស់អ័បផល ដែលទើបនឹងចេញលកក្នុងសប្ដាហ៍ដំបូងប៉ុណ្ណោះ តែវាបានទាក់ទាញ់អតិថិជន រាប់សិន លាននាក់ក្នុងពិភពលោក អោយធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ទូរស័ព្ទនេះ។ តើវាមានអ្វីប្លែកទៅ បានជាបណ្ដាអ្នកប្រើប្រាស់ ផ្អើលភ្លូកទឹកភ្លូកដី រហូតដល់ថ្នាក់ទៅឈរ បន្ដកន្ទុយអត់ងងុយ រងចាំទិញវានោះ?
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: October 12, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទូរស័ព្ទដ៏ទំនើបរបស់អ័បផល ដែលទើបនឹងចេញលក់ តែមួយសប្ដាហ៍ដំបូងប៉ុណ្ណោះ តែវាបានទាក់ទាញ់អតិថិជនរាប់ លាននាក់ក្នុងពិភពលោក អោយធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ទូរស័ព្ទនេះ។ តើវាមានអ្វីប្លែកទៅ បានជាបណ្ដាអ្នកប្រើប្រាស់ ផ្អើលភ្លូកទឹកភ្លូកដី រហូតដល់ថ្នាក់ទៅឈរ បន្ដកន្ទុយអត់ងងុយ រងចាំទិញវានោះ? ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូម លើកយកចំនុចខ្លាំង និងចំនុចខ្សោយមួយចំនួន របស់ទូរស័ព្ទទំនើបនេះ មករៀបរាប់ជូនលោកអ្នក។


ទំហំខ្នាតរបស់អាយហ្វូន ៥។

អ្វីដែលយើងទ្រាំមិនសរសើរមិនបាន

ប្រអប់រូបរាងរបស់ទូរស័ព្ទ មានខ្នងរបស់វាជាអាលុយមីញ៉ូម ហើយស្ដើងជាងប្រអប់រូបរាង (១៨%) និងមានទំងន់ស្រាល ជាង (១១២ក្រាមប៉ុណ្ណោះ- ត្រូវជា២០%ស្រាលជាងមុន) ទូរស័ព្ទអាយហ្វូនស៊េរីមុន ។ តែផ្ទុយទៅវិញ ទូរស័ព្ទអាយហ្វូន៥ មានទំហំរូបរាង (១២៣,៨មម) និងអេក្រង់ (៤អ៊ីញ) ធំជាងបងប្រុសៗរបស់វា ដែលចេញមកលក់ក្នុងទីផ្សារលើកមុនៗ។ អេក្រង់ដែលមានទំហំធំនេះ ជាគុណប្រយោជន៍ក្នុងការចាក់កំសាន្ដមើល វីដេអូ ឬរូបភាពផ្ដេកទាំងឡាយ អោយកាន់តែ ស្រួលជាងអេក្រង់ដែលមានទំហំតូច។ អេក្រង់របស់ អាយហ្វូន៥នេះ ក៏មានពណ៌កាន់តែច្បាស់ជាងមុន រហូតទៅដល់ ៤៤%ផងដែរ។ កំលាំងប្រូសេសស័រ (processeur) ខ្លាំងជាងមុន ៤ដង ដែលជាហេតុធ្វើអោយកម្មវិធីទាំងឡាយ ដែលដើរ ជាមួយនឹងទូរស័ព្ទ មានល្បឿនលឿនជាងមុនដូចគ្នា។

តែបើនិយាយអោយពិត វាបានផ្លាស់ប្ដូរអ្វីខ្លះ?

ដើម្បីធ្វើទូរស័ព្ទដែលមានរូបរាងស្ដើងយ៉ាងដូច្នេះបាន អ័បផលបានធ្វើការផ្លាស់ប្ដូរ រន្ធដោតឆ្នាំងសាកថ្ម ដែលមិនដូចគ្នា ទាល់តែសោះ ទៅនឹងផលិតផលមុនៗ​របស់អ័បផល។ ទំហំកាតស៊ីម ក៏បានកាត់បន្ថយដែរ។ បើអ្នកទិញអាយហ្វូន៥ អ្នកត្រូវសុំទៅក្រុមហ៊ុនសេវាកម្មទូស័ព្ទ អោយផ្លាស់ប្ដូរទំហំរបស់កាតស៊ីម មកត្រឹមតែ nano-SIM ប៉ុណ្ណោះ។ សូមកត់ ចំណាំ៖ nano-SIM តូចជាង micro-SIM ហើយរឹតតែតូចជា កាតស៊ីមធម្មតាពីមុន។

រូបរាងរបស់កាសស្ដាប់ត្រជៀក មានរូបរាងរចនាខុសពីមុនដែរ  ហើយលែងដោតចូលក្នុងរន្ធខាងលើទូរស័ព្ទ ដូចទូរស័ព្ទ លើកមុនហើយ តែត្រូវដោតមកខាងក្រោម ដើម្បីជៀសវាងខ្សែរកាសនេះ ឆ្លងកាត់មុខអេក្រង់។ ទូរស័ព្ទអាយហ្វូន៥នេះ មានសមត្ថភាពអាចថតរូបភាព ជាខ្សែរបន្ដដ៏វែងបាន ដោយប្រើប្រាស់ពេលតែ២-៣វិនាទីប៉ុណ្ណោះ។ កម្មវិធីមេថ្មីរបស់ អាយហ្វូន ឬអាយអូអេសស៊េរី៦ (iOS6) ដែលទើបនឹងចេញជាមួយនឹង ទូរស័ព្ទនេះ បានអោយយើងឃើញមាន នូវការ បន្ថែមថ្មីៗជាច្រើន គួរអោយចាប់អារម្មណ៍ ជាពិសេសនៅពេលយើងថតរូបភាព ឬវីដេអូ ...។

តែអ្វីដែលគួរតែធ្វើអោយល្អជាងនេះ

ដើម្បីឈប់ប្រើ កម្មវិធីផែនទីរបស់ ហ្គូហ្គើល អ័បផលបានបង្កើតខ្លួនឯង នូវកម្មវិធីផែនទីមួយ ឈ្មោះប្លង់ (Plans) ដោយ រួមសហការជាមួយនឹង​ ក្រុមហ៊ុនឯកទេសហ្សេប៉េអេស តូមតូម (TomTom GPS)។ ហើយយើងទទួលស្គាល់ថា ដំណើរ ការរបស់ «ប្លង់» មានជំហ៊ានល្អប្រសើរគួរអោយកត់សំគាល់ ជាមួយនឹងរូបភាព 3D ភ្ជាប់នឹងផែនទី ចំនួន​ ៣០ទីក្រុងធំៗ ក្នុងលោក។ តែបញ្ហារបស់កម្មវិធី ដ៏ថ្មីស្រឡាងនេះ គឺវាមិនទាន់បានបញ្ចូលទីក្រុងធំៗល្បីៗ ខ្លះដូចជាទីក្រុងប៉ារីសរបស់ បារាំង ទៅក្នុងផែនទីរបស់ខ្លួន ហើយវាមានដំណើរការ នៅរអាក់រអួលនៅឡើយ។ ជាពិសេសទៅទៀត រឿងមួយដែលគួរ អោយសោកស្ដាយ គឺតំលៃលក់ជាផ្លូវការ មានតំលៃថ្លៃជាងទូរស័ព្ទស៊េរីមុន បើយើងនិយាយប្រៀបធៀប ទៅទូរស័ព្ទថ្មីលក់ ដំបូងៗដូចគ្នា។

យើងនៅរងចាំបច្ចេកវិទ្យាមួយចំនួន ដែលអ័បផលគួរតែបង្កភាពភ្ញាក់ផ្អើល អោយបានខ្លាំងជាងនេះ ដូចជាអាចសាក បញ្ចូលថ្មបាន ជាមួយ នឹងពន្លឺព្រះអាទិត្យជាដើម។ ហើយបច្ចេកវិទ្យាខ្លះ ដែលក្រុមហ៊ុនទូរស័ព្ទធំៗផ្សេងទៀត ដូចយ៉ាង ស៊ាមស៊ុង (Samsung) អាស្សតេស្សេ (HTC) ឬណូគីយ៉ា (Nokia) កំពុងតែអភិវឌ្ឍន៍នោះ អ័បផលក៏គួរតែបើកភ្នែកមើល ខ្លះផង ព្រោះថាក្រុមហ៊ុនទូរស័ព្ទទាំងនោះ ច្បាស់ជាមិនឈរអោបដៃនៅស្ងៀម អោយមហាយក្សអ័បផលនេះ វាយដណ្ដើម យកទីផ្សារតែម្នាក់ឯងនោះទេ៕

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...