សាកសព យ៉ាស៊ែ អារ៉ាហ្វាត់ ត្រូវបានគាស់ដើម្បីធ្វើកោសលវិច័យ
- ដោយ: ត្នោតខ្មែរ
- កែប្រែចុងក្រោយ: November 27, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាកសពរបស់លោក យ៉ាស៊ែ អារ៉ាហ្វាត អតីតថ្នាក់ដឹកនាំប៉ាលេស្ទីន ត្រូវបានគេសំរេច គាស់នៅថ្ងៃអង្គារទីនេះ ដើម្បីធ្វើកោសលវិច័យឡើងវិញ បន្ទាប់ពីមានការសង្ស័យថា លោកបានស្លាប់ដោយសារតែ សារជាតិពុលម្យ៉ាងដែល គេហៅថា ប៉ូឡូនីយ៉ូម។ ការអង្គេតនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹងរបស់ ប្រពន្ធលោក ទៅតុលាការប្រទេសបារាំង។
រូបថតអតីតប្រធានរដ្ឋប៉ាឡេស្ទីន លោកយ៉ាស៊ែ អារ៉ាហ្វាត នៅទីក្រុងរ៉ាម៉ាឡា។
រូបថត MONOROOM.info/ Chea Bunthoeun
ក្រុមអ្នកជំនាញមកពីប្រទេសបារាំង ប្រទេសស្វីស និងប្រទេសរូស្សុីបានចាប់ផ្តើម ប្រតិបត្តិការណ៏ គាស់សពរបស់អតីតថ្នាក់ដឹកនាំ អង្គការរំដោះប៉ាលេស្ទីន ដើម្បីធ្វើការអង្តេត លំអិតឡើងវិញ កាលពីព្រឹកថ្ងៃអង្គារទី ២៦ វិច្ឆិកា ២០១២នេះនៅទីក្រុង រ៉ាម៉ាឡា (Ramallah) ស្ថិតក្នុងតំបន់វែសប៊ែង។ នេះជាការបោះឆ្នោតសម្រេច របស់សភាអង្គការសហប្រជាជាតិ។ ប្រតិបត្តការណ៍ វិភាគលើសាកសព នឹងប្រព្រឹត្តទៅ នៅក្នុងបណ្តាប្រទេស ទាំងបីខាងលើ ហើយលទ្ធផលនឹងអាចចេញ ជាផ្លូវនៅដើមឆ្នាំ២០១៣។
ការគាស់សាកសពរបស់លោក បានប្រព្រឹត្តទៅដោយបិទរបងជិត ដែលមិនបានអនុញ្ញាត្តិ ឲ្យមានការចូល ជាសាធារណៈឡើយ ។ សូម្បីតែអ្នកយកព័ត៍មាន ក៏មិនត្រូវបានអនុញ្ញាត្តឲ្យចូល ថតយករូបភាពសកម្មភាព នេះផងដែរ។ បើតាមអ្នកនាំពាក្យ ក្នុងបេសកកម្មស៊ើបអង្កេត របស់អជ្ញាធរប៉ាលេស្ទីន បានឲ្យដឹងថា បន្ទាប់ពីការគាល់នេះ ផ្នូររបស់លោកនឹងត្រូវបិទឡើងវិញ ហើយក៏មានធ្វើពិធីតាមរបៀបវីរៈយោធា និងប្រពៃណីយ៏ផងដែរ។
ជាង៨ឆ្នាំបន្ទាប់ពីការស្លាប់របស់ អារ៉ាហ្វាត ទូរទស្សន៍ អាហ្សាហ្សេរ៉ា(Aljazeera) របស់ប្រទេសកាតា បានចាក់ផ្សាយបទយកការណ៍ បែបអង្កេតរបស់ខ្លួន ដោយបង្ហាញពីភាពសង្ស័យ ក្នុងការស្លាប់េនះ។ អាហ្សាហ្សេរ៉ាបានដក់ស្រង់សំដី នាយកមជ្ឈមណ្ឌល នីតិវេជ្ជវិជ្ជា នៃសាកលវិទ្យាល័យឡូសាន (Laussane) ប្រទេស្វីស។ លោកបានបង្ហាញថា នៅក្នុងសម្ភារៈប្រើប្រាស់ របស់អារ៉ាហ្វាត ដូចជា ច្រាស់ដុះធ្មេញ ខោត្រនាប់... ជាដើម មានបរិមាណជាតិវិទ្យុសកម្ម ខុសពីប្រក្រតី គឺសារធាតុពុល ប៉ូឡូនីយ៉ូម(Polonium) ។
បន្ទាប់ពីមានការសង្ស័យនេះ អ្នកស្រី ស៊ូហា អារ៉ាហ្វាត (Souha Arafat) អតីតភរិយារបស់ យ៉ាស៊ែ អារ៉ាហ្វាត បានដាក់ពាក្យបណ្តឹង ទៅតុលាប្រទេសបារាំង ដើម្បីធ្វើការអង្កេតឡើងវិញ ពីមូលហេតុជាក់ស្តែង នៃការស្លាប់េនះ។ អារ៉ាហ្វាត(Yasser Arafat) បានស្លាប់ កាលពីថ្ងៃទី១១ វិច្ឆិកា ២០០៤ នៅមន្ទីពេទ្យយោធាពែសុី (Percy) ប្រទេសបារាំង ក្នុងអាយុ៧៥ឆ្នាំ។ ហើយមិនមានការបំភ្លឺ បែបការវិភាគវេជ្ជសាស្រ្ត ណាមួយក្នុងករណីស្លាប់នេះទេ។
ការមន្ទឹលនេះ ធ្វើឲ្យមានការវិភាគ ខុសៗគ្នា។ តាមប្រភពមួយចំនួនបានសង្ស័យថា ការស្លាប់នេះ ប្រហែលជាមានទាក់ទង នឹងការដណ្តើមអំណាចផ្ទៃក្នុង របស់អជ្ញាធរប៉ាលេស្ទីន។ ផ្ទុយទៅវិញប្រភពមួយទៀត បានសង្ស័យថា មានការពាក់ព័ន្ធ នឹងរដ្ឋអំណាច អេប្រ៊ើ (ប្រទេសអុីស្រាអែល)។ ចំពោះលទ្ធផលអង្កេតជាផ្លូវការ លើការស្លាប់របស់ថ្នាក់ដឹកនាំ ជាប្រវត្តិសាស្រ្តរបស់ប៉ាលេស្ទីន នឹងអាចដឹងក្នុងរយះពេល ក្រោយបីខែទៀត៕
------------------------------------------------------
ដោយ៖ ជា ប៊ុនធឿន ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ