ប្រជាមតិនៅថៃ៖ យីងឡាក់ អំពាវនាវឲ្យទៅបោះឆ្នោត
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ សីហា ២០១៦
- កែប្រែចុងក្រោយ: August 06, 2016
- ប្រធានបទ: នយោបាយ-ថៃ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) អតីតនាយករដ្ឋមន្ត្រីចេញពីការបោះឆ្នោតថៃ បានអំពាវនាវនៅថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០១៦នេះ ទៅកាន់ប្រជារាស្ត្រថៃគ្រប់រូប ឲ្យធ្វើការបញ្ចេញឆន្ទះរបស់ពួកគេ ទៅលើគម្រោងច្បាប់រដ្ឋធម្មនុញ្ញថ្មី ដែលពោរពេញដោយភាពចម្រូងចម្រាស និងដែលបង្កើតឡើងដោយក្រុមមេដឹកនាំយោធាថៃ។ ជាការថ្លែងទៅកាន់ប្រជាជាតិ របស់ស្ត្រីអតីតនាយករដ្ឋមន្ត្រីរូបនេះ ដែលត្រូវបានក្រុមយោធា ធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅ នៅចំពោះអ្នកគាំទ្ររាប់រយនាក់ ដែលបានប្រមូលផ្ដុំគ្នា នៅខាងមុខអាគារតុលាការ កណ្ដាលរាជធានីបាងកក។
អ្នកស្រីបានថ្លែងឡើងថា៖ «ខ្ញុំសូមអញ្ជើញពលរដ្ឋថៃទាំងអស់ ឲ្យទៅធ្វើការបោះឆ្នោត នៅថ្ងៃអាទិត្យ (ស្អែកនេះ)។ (...) ខ្ញុំមិនចង់ឲ្យមានការចូលរួមតិចតួច ពីសំណាក់ពលរដ្ឋនោះទេ។ ព្រោះបើអញ្ចឹង លទ្ធផលនៃការធ្វើប្រជាមតិ នឹងមិនស្របតាមឆន្ទះរបស់យើង ដែលចង់ឲ្យមានលិទ្ធិប្រជាធិបតេយ្យ ប្រកបដោយអនាគតល្អប្រសើរនោះ។»
រដ្ឋធម្មនុញ្ញដែលមានប្រជាធិតេយ្យ...
យ៉ាងណាក៏ដោយ គេសង្កេតដឹងថា អ្នកស្រី យីងឡាក់ បានធ្វើការអំពាវនាវនេះ ដោយក្ដីប្រុងប្រយ័ត្នជាទីបំផុត នៅពីមុខអាគារតុលាការរាជធានីបាងកក នៃរបបមួយ ដែលការរិះគន់គម្រោងច្បាប់រដ្ឋធម្មនុញ្ញថ្មី អាចនឹងរងការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
ច្បាប់រដ្ឋធម្មនុញ្ញថ្មីនោះ មានចែងពីស្ថាប័នព្រឹទ្ធសភាមួយ ដែលមិនចេញពីការបោះឆ្នោត និងទំនងជាគ្រប់គ្រងដោយយោធា។ ជាគម្រោងច្បាប់ ដែលត្រូវបានក្រុមអ្នកវិភាគ មើលឃើញថា ជាទម្រង់ថ្មីមួយ ដែលមានបំណងចង់ដាក់អ្នកនយោបាយ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ជាពិសេសអ្នកនយោបាយ ដូចអ្នកស្រី យីងឡាក់ ឬអ្នកនយោបាយ ដែលចេញពីត្រកូល ស៊ីណាវ៉ាត្រា នេះជាដើម។ ក្រុមអ្នកវិភាគបានគិតថា រដ្ឋធម្មនុញ្ញថ្មីដែលយោធានិយាយថា ជាការកែទម្រង់ផ្នែកនយោបាយដ៏ស៊ីជម្រៅនោះ មានបំណងរារាំង ការវិលត្រឡប់មកក្នុងឆាកនយោបាយវិញ នៃគ្រួសារត្រកូល ស៊ីណាវ៉ាត្រា ឬអ្នកនយោបាយណា ដែលមានគ្រួសារនេះនៅពីក្រោយ។
រងការជាប់ពន្ធនាគារ១០ឆ្នាំ...
អ្នកស្រី យីងឡាក់ ខ្លួនឯង កំពុងជាប់ពាក្យបណ្ដឹង នៅក្នុងតុលាការ ទាក់ទងនឹងបទចោទមួយ ដែលត្រូវបានគេមើលឃើញដែរថា មានចរិកនយោបាយ។ ក្រុមអ្នកតាមដានសភាពការណ៍ថៃ បានគិតថា ក្រុមមេដឹកនាំយោធា ក៏មានបំណងប្រើប្រាស់ពាក្យបណ្ដឹងមួយនេះ ដើម្បីកម្ចាត់អ្នកស្រី យីងឡាក់ ឲ្យចេញពីឆាកនយោបាយថៃ ជាស្ថាពរតែម្ដងដែរ។ ស្ត្រីអតីតនាយករដ្ឋមន្ត្រីរូបនេះ អាចនឹងត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ ប្រសិនជាតុលាការរកឃើញថា អ្នកស្រីពិតជាមានទោស នៅក្នុងគម្រោងមួយរបស់រដ្ឋាភិបាលអ្នកស្រី ដែលមានបំណងជួយឧបត្ថម្ភកសិករថៃ នៅក្នុងការទិញលក់អង្ក។
ការព្រួយបារម្ភ របស់ក្រុម«អាមាត្រ»...
ក្រុមយោធាថៃ បានធ្វើរដ្ឋប្រហារដណ្ដើមយកអំណាចជាច្រើនដង៖ ក្នុងឆ្នាំ២០០៦ ដើម្បីបណ្ដេញលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) និងក្នុងឆ្នាំ២០១៤ ដើម្បីបណ្ដេញអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប្អូនស្រីរបស់លោក ថាក់ស៊ីន។ ប៉ុន្តែបន្ទាប់ពីរដ្ឋប្រហារ និងក្រោយពីមានការរៀបចំបោះឆ្នោតឡើងវិញ តាមបែបប្រជាធិបតេយ្យនោះ គ្រួសារត្រកូល ស៊ីណាវ៉ាត្រា ឬអ្នកនយោបាយដែលស្និតនឹងគ្រួសារនេះ តែងបានជាប់ឆ្នោត និងវិលត្រឡប់មកកាន់អំណាចវិញដដែល។ ទិដ្ឋភាពបែបនេះ បានបង្កការព្រួយបារម្ភ ដល់ក្រុម«អាមាត្រ» ដែលស្និតនឹងរាជបល្ល័ង្គថៃ ជាពិសេសនៅពេលដែលព្រះមហាក្សត្រសព្វថ្ងៃ កាន់តែចាស់ជរា ហើយរាជទាយាទ ដែលគ្រោងស្នងរាជ្យសម្បត្តិ មិនទទួលបានការស្រឡាញ់ ពីសំណាក់រាស្ត្រថៃឡើយនោះ៕