រាជទាយាទថៃ បង្ក​​ភាព​​អាម៉ាស់​ដល់​​រាជា​​ណាចក្រ

រូបភាពដែលនឹកស្មានមិនដល់ នៃព្រះអង្គម្ចាស់ស្នងរាជ្យ (ឬរាជទាយាទ) ដែលបានថតជាប់ និងផ្សាយ​​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ អាច​នឹង​ដាក់បញ្ចប់ជាស្ថាពរ នូវការឡើងសោយរាជ្យសម្បត្តិ​របស់ព្រះអង្គ បន្តពី​ព្រះរាជ​បិតា​​របស់​​ទ្រង់​​សព្វ​ថ្ងៃ។
រាជទាយាទថៃ បង្ក​​ភាព​​អាម៉ាស់​ដល់​​រាជា​​ណាចក្រ
រូបភាពមន្ត្រីយោធាថៃ ឈរគំនាប់រាជទាយាទ ដែលទ្រង់គ្រឿង​ដោយអាវខ្លី​បញ្ចេញ​សាច់ ខោខូយប៊យ និងមានឆ្កែនៅនឹងព្រហស្ថ។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 22, 2016
  • ប្រធានបទ: ជនល្បី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងប្រទេសមួយ ដែលមិនដែលលេងសើច សូម្បីបន្តិច ជាមួយនឹងការគោរព​ ដល់ព្រះមហាក្សត្រខ្លួននោះ រូបថតនៃរាជទាយាទ (ឬព្រះអង្គម្ចាស់ស្នងរាជ្យ) របស់រាជាណាចក្រថៃ ដែលត្រូវបានថត និងផ្សាយ​ព្រោង​ព្រាត នៅក្នុងប្រទេសអាល្លឺម៉ង់ អាចនឹងបិតបញ្ចប់ជាស្ថាពរ ការឡើងស្នងរាជ្យសម្បត្តិ របស់​ព្រះអង្គ​ម្ចាស់​អង្គ​នេះ បន្ត​ពី​ព្រះរាជា​សព្វថ្ងៃ ដែលជាបិតារបស់ព្រះអង្គ។

រូបថតនេះ បង្ហាញពីការយាងចុះ របស់ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ពី​យន្ដហោះ​​នៅ​ព្រលាន​យន្ដហោះ​ក្រុង ម៉ូនិក (Munich) ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ ដោយ​មាន​ក្រាល​ទ្រនាប់​ព្រះបាត ដោយ​​កម្រាលព្រំ និងហែហមដោយមន្ត្រីអ្នកមុខអ្នកការ កងអង្គរក្ស ពាក់ដោយឯក​សណ្ឋាន​របស់​ជាតិ ជា​ច្រើន​នាក់។

បន្ថែមពីលើនេះ រូបថតបានបង្ហាញទៀតថា នៅចំពោះកាយវិការ«គំនាប់» របស់មន្ត្រីយោធាថៃ ព្រះរាជ​បុត្រ​ស្នង​រាជ្យ បានទ្រង់គ្រឿងដោយខោខូវប៊យ ពាក់អាវខ្លីបង្ហាញសាច់ ដែលមានរូបសាក់ពាសពេញ ព្រមទាំង​មាន​សត្វ​ឆ្កែ​មួយ​ក្បាល ឈ្មោះ «Foo-Foo» នៅនឹងព្រះហស្ថនោះផង។

សារព័ត៌មានអាល្លឺម៉ង់ «Bild» បានបញ្ជាក់ថា រាជទាយាទព្រះជន ៦៣ព្រះវស្សាអង្គនេះ នឹងយាងក្រសាល នៅក្នុងកម្មវិធីសប្បាយជាច្រើន ព្រមទាំងគ្រោង​ធ្វើការចាយវាយ ទិញសម្ភារៈគ្រឿងលំអខ្លួន ជាមួយនឹង «អ្នក​ម្នាង​កំណាន់» អាយុ​៣២ឆ្នាំ ឈ្មោះ ស៊ូធីតា (Suthida) នៅក្នុង​ប្រទេស​អាល្លឺម៉ង់។ សារព័ត៌មានបាន​បង្ហើប​ទៀត​​ថា ព្រះអង្គ​​ម្ចាស់​​​ទំនង​​ជា​បាន​ទិញ ភូមិ​គ្រឹះ​មួយ​នៅ​ក្នុង​​តំបន់​​ជុំវិញ​ក្រុង ម៉ូនិក ដែលមានតម្លៃ ប្រមាណ​ជា១០​លាន​​​អ៊ឺរ៉ូ (ប្រមាណ​ជា១២​លាន​​ដុល្លារ) សម្រាប់​ទុក​ក្រសាល​ម្ដងម្កាល នៅទីនោះ។

រូបថតទាំងនេះ ជៀសមិនផុត ពីការយកទៅបង្ហោះ នៅពាសពេញ​លើបណ្ដាញសង្គម ជាពិសេស​បណ្ដាញ​សង្គម នៅក្នុងប្រទេសថៃ ដោយបង្ក​ឲ្យមានការរិះគន់ តាមបែប​បញ្ឆិត​បញ្ឆៀង​នោះឡើយ។ ហើយការរិះគន់ នៅ​តែ​​កើត​​មាន បើ​ទោះ​ជា​ច្បាប់ «លិតព្រះបាតទា» របស់ថៃ កំពុងត្រូវ​បាន​អនុវត្ត​ជាធរមាន​​យ៉ាងខ្លាំងក្លា ពី​សំណាក់​​រដ្ឋាភិបាល​យោធាសព្វថ្ងៃ យ៉ាងណាក៏ដោយ។ បើតាមច្បាប់នេះ នរណាក៏ដោយដែលហ៊ានចំអក ឬ​រិះគន់​​ដល់​​សមាជិក នៃ​ព្រះ​ញាតិ​វង្ស (រួមទាំងឆ្កែរបស់ទ្រង់ផង) អាចនឹងរងការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ។

ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកន មិនមានប្រជាប្រិយភាពប៉ុន្មានទេ នៅក្នុងប្រទេសរបស់ទ្រង់។ ក្រុមអ្នក​ធ្វើ​អត្ថាធិប្បាយ ដែលមានដើមកំណើតថៃ នៅឯបរទេស បានរំពឹងថា រូបថតទាំងប៉ុន្មានខាងលើនេះ អាចនឹង​បិត​បញ្ចប់ នូវ​ឱកាស​របស់ទ្រង់ ក្នុងការឡើងស្នងរាជ្យ បន្តពីព្រះបិតា (ព្រះមហាក្សត្រសព្វថ្ងៃ) ដែលបានធ្លាក់​ព្រះ​កាយ​​ប្រឈួន តាំង​ពីច្រើន​ឆ្នាំ​មក​ហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...