«Fresh News»ជា«រោងចក្រផលិតព័ត៌មានក្លែងក្លាយ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ កុម្ភៈ ២០១៨
- កែប្រែចុងក្រោយ: February 18, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សារព័ត៌មាន «Fresh News» ជា«សម្លេងរបស់ម្ចាស់ខ្លួន»។ នេះ ជាចំណងជើងមួយ នៅក្នុងរបាយការណ៍កម្រាស២៧សន្លឹក របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders /Reporters Sans Frontières) ដែលចេញផ្សាយ កាលពីថ្ងៃពុធ។ អង្គការអន្តរជាតិ ដែលមានទីតាំងកណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង និងដែលមានបណ្ដាញរបស់ខ្លួន នៅពាសពេញពិភពលោក បានពន្យល់នៅក្នុងរបាយការណ៍នោះថា សារព័ត៌មានរណបរដ្ឋាភិបាលកម្ពុជាមួយនេះ យកគំរូតាមប្រព័ន្ធផ្សព្វផ្សាយ តាមបែបចិនកុម្មុយនីស្ដ ហើយថែមទាំងមានអំណះអំណាចជាច្រើន ដែលអាចបញ្ជាក់បានទៀតថា «Fresh News» គឺជា«រោងចក្រផលិតព័ត៌មានក្លែងក្លាយ»ដ៏សម្បូរបែប។
របាយការណ៍ ដែលមានចំណងជើងថា «ប្រទេសកម្ពុជា សារព័ត៌មានឯករាជ្យកំពុងស្ថិតក្នុងភាពមហន្តរាយ» បានស្រង់សំដីរបស់លោក លោក សេបាស្ទៀង ស្ត្រេនជោ (Sebastian Strangio) អ្នកនិពន្ធសៀវភៅ «កម្ពុជា របស់ ហ៊ុន សែន» មករៀបរាប់ដំបូងឡើងថា សារព័ត៌មាន «Fresh News» គឺជាទីភ្នាក់ងារព័ត៌មានកម្ពុជា (ជាភាសាបារាំង Agence Kampuchea Presse ឬ AKP) ដែលមានរូបភាពថ្មី៖ នោះ គឺ «Fresh News» មានលក្ខណៈរីកចម្រើនជាង «AKP» និងដែលមានលក្ខណៈ ឌីជីថល (Digital)។ របាយការណ៍បានសរសេរថា៖ «បទបញ្ជា គោលនយោបាយនានា ធ្លាក់តាមខ្សែបណ្ដោយ ពីលោក ហ៊ុន សែន ទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី រហូតទាល់តែវាក្លាយទៅជាមាតិកាព័ត៌មាន របស់សារព័ត៌មាន "Fresh News"»។
គេតែងសង្កេតឃើញជារឿយៗ ថាសារព័ត៌មានមួយនេះ បានចុះផ្សាយ នូវរាល់មតិយោបល់ ឬលិខិតមិត្តអ្នកអាន ដោយមិនបញ្ចេញអត្តសញ្ញាណ និងដែលមានលក្ខណៈរិះគន់ វាយប្រហារទៅលើគណបក្សប្រឆាំង ឬលក្ខណៈស្រប ជាមួយនយោបាយរដ្ឋាភិបាល។ របាយការណ៍បានបន្តថា មតិយោបល់របស់លោក ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជាមួយចំនួន ត្រូវបានសារព័ត៌មាន «Fresh News» ផ្សព្វផ្សាយជាមុនសិន មុននឹងថ្លែងចេញដោយផ្ទាល់ នៅពេលក្រោយ។
អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានយកឧទាហរណ៍ នៃការបាញ់សម្លាប់មនុស្ស នៅក្រុងឡាសវេហ្គាស (Las Vegas - សហរដ្ឋអាមេរិក) កាលពីខែតុលា មកពន្យល់ថា៖ «នៅពេលនោះ នៅលើគេហទំព័រ "Fresh News" មានការថ្លែងសារចូលរួមមរណទុក្ខ ជាមួយជនរងគ្រោះ ប៉ុន្តែឆ្លៀតបន្ថែមមតិស្អប់ខ្ពើម ឆ្លើយតបឌឺដង ទៅនឹងការប្រកាស របស់ស្ថានទូតអាមេរិក មុនហេតុការណ៍នៅឡាសវេហ្គាស ដែលបានហាមពលរដ្ឋខ្លួននៅកម្ពុជា ឲ្យប្រយ័ត្នប្រយែងចំពោះសុវត្ថិភាព ក្នុងការធ្វើដំណើរនៅក្នុងប្រទេស។ បីថ្ងៃបន្ទាប់មក លោក ហ៊ុន សែន [បាន]ថ្លែងសារដូចគ្នាបេះបិត ទៅនឹងអ្វីដែល "Fresh News" បានចេញផ្សាយ។»។
ទិដ្ឋភាពនេះ ត្រូវបានរបាយការណ៍លើកយកទឡ្ហីករណ៍មួយចំនួន មកបញ្ជាក់ថា ជាការអនុវត្តន៍ ដូចគ្នាទៅនឹងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសចិនកុម្មុយនីស្ដ ដែលអ្នកធ្វើអត្ថាធិប្បាយព័ត៌មានខ្លះ ត្រូវបានគេ«ជួល» ឲ្យបង្ហោះសារគាំទ្ររដ្ឋាភិបាលចិន នៅលើបណ្ដាញអ៊ិនធើណែត។ លោក កាល ថៃយ័រ (Carl Thayer) អ្នកឯកទេសសិក្សាតំបន់ បានថ្លែងឡើងថា វាមិនគួរឲ្យសង្ស័យប៉ុន្មានទេ ដែលសារព័ត៌មាន «Fresh News» ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា ឲ្យមើលទៅជាសារព័ត៌មានឯករាជ្យមួយ ដើម្បីវាយប្រហារ លើគូប្រជែងនយោបាយ។
របាយការណ៍ របស់អង្គការអន្តរជាតិ ក៏បានលើកយកការអះអាង របស់អ្នកគ្រប់គ្រង់សារព័ត៌មានមួយនេះ មកបញ្ជាក់ដែរថា សារព័ត៌មាន «Fresh News» មិនមានជាប់ពាក់ព័ន្ធ ជាមួយនឹងរដ្ឋាភិបាល ឬគណបក្សកាន់អំណាចទេ។ តែការឆ្លើយតបនេះ ត្រូវបានរបាយការណ៍បន្តពន្យល់ថា មានលក្ខណៈដ៏«គ្រោកគ្រាត» ដោយហេតុថាសារព័ត៌មានមួយនេះ មិនសូវខ្វល់ខ្វាយ ពីក្រមសីលធម៌សារព័ត៌មាន ហើយជាបណ្ដើរៗ ធ្វើខ្លួនឯង ឲ្យក្លាយទៅជា«រោងចក្រផលិតព័ត៌មានក្លែងក្លាយ»។
អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន @RSF_inter ហៅសារព័ត៌មាន «ហ្វ្រេសញូយ៍ @freshnewsasia» ថាជា «រោងចក្រផលិតព័ត៌មានក្លែងក្លាយ» pic.twitter.com/7mtd7hevyQ
— MONOROOM.info (@monoroominfo) 18 février 2018
ការចេញរបាយការណ៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ធ្វើឡើងក្រោយពីមានយុទ្ធនាការផ្ទួនៗ ក្នុងការបិទសារព័ត៌មានឯករាជ្យជាច្រើន ចាប់ពីខែសីហា រហូតមកដល់ការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ក្នុងដើមខែកញ្ញា និងការរំលាយគណបក្សប្រឆាំងនេះ នៅខែវិច្ឆិកា។ ផ្ទុយពីការបិទសំឡេងជំទាស់ ឬសារព័ត៌មានឯករាជ្យចោលចេញនោះ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា មានទូរទស្សន៍ វិទ្យុ និងកាសែត សុទ្ធតែត្រូវបានគណបក្សកាន់អំណាច គ្រប់គ្រងយ៉ាងណែនដៃ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗបំផុត មិនតិចជាង៥ កំពុងមានដំណើរការនៅក្នុងប្រទេស ហើយអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងនោះ សុទ្ធសឹងជាមន្ត្រីមានអំណាច និងមន្ត្រីជំនិតរបស់រដ្ឋាភិបាល។
របាយការណ៍សរសេរថា៖ «ក្រុមហ៊ុនដែលដឹកនាំដោយលោកស្រី ហ៊ុន ម៉ាណា កូនស្រីច្បង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអាណចក្រមួយ ដែលមានភាគហ៊ុន នៅគ្រប់ស្ថាប័នផ្សព្វផ្សាយទាំងអស់»។
លោក ដានីញ៉ែល បាស្តស្តាដ (Daniel Bastard) ប្រធានផ្នែកកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការខាងលើ បានសរសេរផ្ដើម នៅក្នុងរបាយការណ៍នោះថា របបដឹកនាំដោយលោក ហ៊ុន សែន បានប្រើប្រាស់យុទ្ធសាស្ត្រដ៏សាមញ្ញមួយ គឺថា តើអ្នក«នៅជាមួយយើង ឬមួយប្រឆាំងនឹងយើង» ហើយចង់ឲ្យសម្លេងជំទាស់ទាំងឡាយ ត្រូវបានបិទបំបាត់ចោល នៅមុនការបោះឆ្នោតជាតិ ដែលនឹងធ្វើឡើង នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ៕