ចៅក្រមម្ចាស់រថយន្ដដែលផ្ទុះឆេះម្សិលម៉ិញ ចេញមុខបកស្រាយ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 11, 2017
- ប្រធានបទ: គ្រោះរថយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ ការឆាបឆេះរថយន្ដ ប្រភេទ តូយ៉ូតាធុនដ្រា (Thundra សេរីឆ្នាំ២០១១) នៅត្រង់ចំណុចជិតផ្សារបែកចាន ក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានកើតឡើង កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ និងមានរយៈពេលច្រើនម៉ោង មុននឹងត្រូវក្រុមអាជ្ញាធរ ពន្លត់ភ្លើងបានជាស្ថាពរ ដោយមានអន្តរាគមន៍ ពីរថយន្ដពន្លត់អគ្គិភ័យចំនួនពីរគ្រឿង។
ការផ្ទុះឆេះរថយន្ដ ដោយអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើន យកទៅចុះផ្សាយ បង្កឲ្យមានប្រតិកម្ម និងការលើកឡើងជាច្រើន ពីសំណាក់មហាជន។ ប៉ុន្តែប្រតិកម្មទាំងនោះ មិនបានធ្វើឲ្យម្ចាស់រថយន្ដ លោក ឆឹម ឫទ្ធី ដែលជាចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺផង សំដែងការយល់ព្រមនោះឡើយ និងបង្ខំចិត្ត ចេញមុខមកបកស្រាយ ពីហេតុការណ៍នេះ ទៅតាមអ្វីមួយ ដែលលោកអះអាងថា ជា«ព័ត៌មានជាក់លាក់» ក្នុងនាមលោក គ្រានត់ែជា«ជនរងគ្រោះ» ដោយឧប្បត្តិហេតុ ទាំង«មិនដឹងអី»ប៉ុណ្ណោះ។
ខាងក្រោមនេះ ជាដំណកស្រង់ទាំងស្រុង ពីការលើកឡើង៥ចំណុច របស់លោក ឆឹម ឫទ្ធី៖
១/ រថយន្តខ្ញុំនោះ គឺប្រើសាំងមិនបានប្រើប្រព័ន្ធហ្គាសនោះទេ ដោយសារបារម្មណ៍ ពីសុវត្ថិភាពនេះឯង ប៉ុន្តែនៅតែឆេះដដែល។
២/ ក្នុងកំឡុងពេល ដែលរថយន្តកំពុងរត់ នៅលើដងផ្លូវ ក្នុងល្បឿនពី៧០ ទៅ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងពេលនោះ ខ្ញុំបានមើលតាមកញ្ចក់ក្រោយ ឃើញភ្លើងឆេះ ចេញពីធុងសាំងកម្ពស់អណ្តាតភ្លើង ជាង១ម៉ែត្រទៅហើយ។ ពេលបានដឹងភ្លាម ខ្ញុំក៌ឈប់ឡានជាបន្ទាន់ ហើយក៌បានគិត ពីសុវត្ថិភាពរបស់បងប្អូននៅតាមដងផ្លូវ ព្រមទាំងខ្លាចឆេះផ្ទះអ្នកស្រុក និងធនាគានៅទល់មុខនេះ ខំប្រឹងតាំងចិត្តចតបន្ទាន់ នៅកណ្តាលទ្រូងផ្លូវ ដើម្បីជៀសវាងការខូចខាតច្រើន ដល់អ្នកស្រុក សុខចិត្តគិតថា យ៉ាងម៉េចជា ឆេះតែម្នាក់ឯងចុះ។
៣/ បញ្ហាបង្កការឆាបឆេះនេះ គឺអាចបណ្តាល មកពីជាងជួសជុលរថយន្ត បានប្តូរបូមសាំងឲ្យខ្ញុំ មានការខ្ជីខ្ជារមិនយកចិត្តទុកដាក់ វាយសំពងខ្លាំងៗ គ្រាន់តែដូរបូមសាំងសោះ អាចធ្លាយនៅចំណុចណាមួយ ឬរិតប្រេភ្ជាប់ មិនបានល្អដូចដើម អាចសាចប្រេង ចូលបំពង់ស៊ីម៉ាំងកំពុងក្តៅ ទើបបណ្តាលឲ្យឆាបឆេះតែម្តងទៅ។ សូមបញ្ជាក់ថា រយៈពេលប្តូរ អស់ពីរសាប្តាហ៍មកហើយ។
៤/ ចំពោះមិត្តភក្តិ ដែលបានផ្តល់ជាគំនិត ឲ្យទៅប្តឹងជាង ដើម្បីទាមទារសំណង និងការទទួលខុសត្រូវនោះ ខ្ញុំយល់ឃើញថា ស្ថានភាពជីវភាពគ្រួសារជាង មានការខ្វះខាត មានការ៉ាស់តូច ខ្ញុំសម្រេចចិត្តអហោសកម្មមិនប្តឹងផ្តល់ទេ ចាត់ទុកជាគ្រោះចង្រៃរបស់ខ្ញុំទៅចុះ។ តែសូមផ្តាំទៅជាងថា ធ្វើការឲ្យមានការយកចិត្តទុកដាក់ផង កុំខ្ជីខ្ជារនឹងការងារ។ ត្រូវចាត់ទុករថយន្តរបស់ភ្ញៀវ ដូចជារថយន្តរបស់ខ្លួន ប្រហែលជាថ្ងៃក្រោយ គ្មាននរណាម្នាក់អត់ឱនឲ្យអ្នកទៀតទេ។
៥/ ចំពោះពត៌មានមួយចំនួន ដែលបានចុះផ្សាយថា មានមនុស្សស្រីជិះជាមួយនោះ គឺជាអ្នកធ្វើការក្នុងផ្ទះ ដែលត្រូវត្រឡប់ទៅស្រុកកំណើតវិញ នៅឯកំពង់ស្ពឺ។ស្របពេលខ្ញុំត្រូវធ្វើការ ក៏ជូនទៅតែម្តង។ ពេលនេះ គេបានទៅជួបឪពុកម្តាយគេហើយ។
នៅក្នុងរបាយការណ៍របស់អាជ្ញាធរ ដែលត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួន យកមកផ្សាយបន្តនោះ ក៏មានលក្ខណៈប្រហាក់ប្រហែល នឹងការលើកឡើងខាងលើ របស់លោក ឆឹម ឫទ្ធី ដែរ។ ចំណែកឯរថយន្ដ តូយ៉ូតាធុនដ្រា ដែលបានរងការខូចខាតទាំងស្រុង ត្រូវបានក្រុមអាជ្ញាធរអូស យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីរង់ចាំម្ចាស់មកយកទៅវិញ។ របាយការណ៍បានអះអាងដែរថា ដោយសារមិនមានប៉ះពាល់ ដល់អ្នកដទៃ ទើបហេតុការណ៍នេះ មិនមានអ្វីត្រូវបន្តការស្រាវជ្រាវ ឲ្យវែងឆ្ងាយឡើយ។
ដោយឡែក ចំពោះការប្រមាថ ពីសំណាក់បណ្ដាជនមួយចំនួន ទាក់ទងនឹងតួនាទីរបស់លោកនោះ ត្រូវបានលោកចៅក្រមរូបនេះ ពន្យល់ថា វាគ្រាន់តែជា «ការប្រមាថដើម្បីបន្ថយគំនុំផ្ទាល់ខ្លួន» របស់អ្នកទាំងនោះ ចំពោះរូបលោក ដែល«មិនដឹងអីសោះ»។ លោកបានរៀបរាប់បន្តថា៖ «ខ្ញុំស្រឡាញ់ណាស់យុត្តិធម៌។ លុយប៉ុន្មាន ក៍មិនអាចទិញសតិសម្បជញ្ញ: និងវិចារណញ្ញាណ របស់ខ្ញុំបានឡើយ។ (...) មនុស្សក្នុងលោក មិនថាជាតិសាសន៍ណាទេ តែងតែមានល្អ និងអាក្រក់ សូមធ្វើការបែងចែកខ្លះផង កុំប្រមាថយ៉ាងដូច្នោះ វាពិតជាមានបាបណាស់ សម្រាប់យើងជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា។ វាសនារបស់មនុស្សមិនដូចគ្នាទេ ឧប្បត្តិហេតុកើតឡើង ម្តងគេម្តងយើង (...) គ្រាន់តែគ្រោះនោះ តូចឬធំ ដល់អាយុជីវិត ឬមិនដល់អាយុជីវិត តែប៉ុណ្ណោះ។»៕