សមាហរណកម្មអាស៊ានឆ្នាំ ២០១៥៖ អ្នកសារព័ត៌មានកម្ពុជា នៅ«អន់»?
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ តុលា ២០១៤
- កែប្រែចុងក្រោយ: October 29, 2014
- ប្រធានបទ: ព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការយល់ដឹង អំពីព័ត៌មានរបស់អ្នកសារព័ត៌មានកម្ពុជា ស្តីពីអាស៊ាន នៅមានកំរិតទាបណាស់ បើប្រៀបធៀបទៅនឹងប្រទេស ដែលជាសហគមន៍អាស៊ាន។ បច្ចុប្បន្ននេះ អ្នកសារព័ត៌មានពុំសូវយល់ដឹង អំពីចំណេះដឹងទូទៅ និងសមាហរណកម្មអាស៊ាន បានទូលំទូលាយប៉ុន្មានទេ ព្រមទាំងមានកម្សោយភាព ចំពោះភាសាអង់គ្លេសទៀតផង។ អ្នកសារព័ត៌មានមួយចំនួនទៀត ក៍កំពុងមានការព្រួយបារម្ភ ចំពោះសមាហរណកម្មអាស៊ាន ឆ្នំា២០១៥ នេះដែរ ព្រោះគិតថាខ្លួនមិនទាន់មានសមត្ថភាព អាចប្រកួតប្រជែងជាមួយ នឹងអ្នកសារព័ត៌មានក្នុងតំបន់អាស៊ានបាន។
នៅក្នុងវេទិការពិភាក្សា ស្ដីពី«តើសារព័ត៌មានកម្ពុជា រៀបចំខ្លួនហើយឫនៅ ចំពោះសមាហរណកម្ម សហគមន៍អាស៊ាន?» ដែលរៀបចំធ្វើនៅសណ្ឋាគារ កាំបូឌីយ៉ាណា នេះ គេបានរកឃើញពីបញ្ហាប្រឈមសំខាន់ៗ ច្រើនទៀតទាក់ទង នឹងកម្រិតយល់ដឹងរបស់អ្នកសារពត័មាន ហើយជាពិសេសស្ថាប័នអប់រំសារព័ត៌មាន ឬសកលវិទ្យាល័យមានតិចបំផុត ដែលជាបញ្ហាមិនទាន់អាចបណ្តុះបណ្តាលអ្នកសារពត័មានបានគ្រប់គ្នា។
លោក កៃ គឹមសុង នាយកការសែតភ្នំពេញប៉ុស្តិ៍ ផ្នែកភាសាខ្មែរ បានថ្លែងនៅក្នុងកម្មវិធីពិភាក្សានេះថា អ្នកការសែតត្រូវពង្រឹងភាសាអង់គ្លេស និងចំណេះដឹងផ្នែកវប្បធម៌ទូទៅ ឲ្យបានច្រើន ព្រោះវាជាមូលដ្ឋានគ្រឹះ សំរាប់សរសេរព័ត៌មានក្នុងស្រុក សំរាប់អ្នកអាន។ មួយវិញទៀត លោកបានលើកឡើងអំពីការបញ្ជូនអ្នកការសែត ឲ្យទៅរៀននៅប្រទេសក្រៅ ដើម្បីពង្រឹងចំណេះដឹង សមត្ថភាព និងបានស្វែងយល់អំពីព័ត៌មានខាងក្រៅ។
រីឯលោក ប៉ែន បូណា ប្រធានរដ្ឋបាលក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា៖ «ពាក់ព័ន្ធនឹងចំនុចខ្វះខាត របស់អ្នកសារព័ត៌មាននេះ អ្នកសាព័ត៌មានត្រូវយល់ ពីបញ្ហាច្រើនណាស់ ព្រោះយើងអ្នកផ្សាយព័ត៌មាន នៅពេលដែលយើងមានកំរិតចំណេះដឹង អំពីបញ្ហាអាស៊ាននៅមានទាប យើងអត់ច្បាស់ យើងអត់ស្គាល់យើងអត់យល់ដឹង យើងអត់អាចផ្សាយព័ត៌មានឲ្យគេបានទេ។ អញ្ចឹង ទី១ ត្រូវតែបង្កើនចំនេះដឹងអាស៊ាន ទី២ បញ្ហាភាសាគឺសំខាន់ ដើម្បីឲ្យយើងអាចស្រាវជ្រាវ យល់ដឹង ហើយយើងអាចធ្វើដំណើរបាន នៅក្នុងថ្នាក់តំបន់។»៕