ខៀវ កាញារីទ្ធ៖ ៧០%ជាយុវជន មិនខ្លាចសង្គ្រាមទេ!
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 08, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
របូតអស់ ជិត៥០០កៅអីឃុំសង្កាត់... ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៤នេះ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចនៅកម្ពុជា តាំងពីច្រើនទសវត្សន៍មកនោះ ហាក់មើលឃើញពីផ្លូវដើរថ្មី ដើម្បីឲ្យគណបក្សអាចបន្តកាន់អំណាច តទៅមុខទៀត! នៅថ្ងៃនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន និងជាសមាជិកជាន់ខ្ពស់មួយរូប របស់គណបក្សប្រជាជនកម្ពុជា បានស្រង់យកទស្សនៈមួយ របស់ប្រិយមិត្តរបស់លោក ឈ្មោះ «គីម ហ៊ាង» មកសរសេរនៅលើជញ្ជាំងហ្វេសប៊ុករបស់លោក ទាក់ទងនឹងគោលនយោបាយ ដ៏សំខាន់មួយ ដែលគណបក្សគប្បីប្រកាន់យក ជាជាង«ការគម្រាមពីសង្គ្រាម»។
ដំណកស្រង់នោះ មានសេចក្ដីទាំងស្រុងថា៖ «ប្រជាជនយើងមានប្រហែល៧០% កើតក្រោយ ០៧ មករា ១៩៧៩ ហើយអ្វីដែលពួកគាត់ចង់បាន គឺការយកចិត្តទុករបស់ CPP ទៅលើអនាគត និងយុវជន ហើយយុវជនមិនខ្លាចសង្រ្គាមទេ បើកាន់តែគំរាម យុវជនកាន់ផ្គើន តែបើ CPP មានគោលនយោបាយ ផ្តោតលើយុវជនកាន់តែច្រើន នោៈពួកគាត់នឹងគាំទ្រដោយស្មោៈចិត្ត! និយាយយ៉ាងខ្លី គឺមិនអាចគំរាមបានទេ តែត្រូវយកចិត្ត តាមរយៈគោលនយោបាយយុវជន!»។
នៅមុននេះបន្តិច លោករដ្ឋមន្ត្រីក៏បានស្រង់ការលើកឡើង របស់លោក គីម ហ៊ាង មកសរសេរដែរ ទាក់ទងនឹងចម្រៀង ដែលគណបក្សប្រជាជនកម្ពុជា តែងច្រៀងរំលឹកគុណថ្ងៃ៧ មករា។ លោកបានសរសេរថា៖ «ចម្រៀងដដែលៗរបស់ CPP ដែលតែងតែរំលឹកគុណពី ០៧ មករា ១៩៧៩ គួរតែមានការ Update សម្រាប់ឆ្នាំ ២០១៨ ព្រោៈក្មេងក្រោយគ្រាប់ផ្លោង ជាម្ចាស់ឆ្នោត ២០១៨ និងទៅអនាគត មិនសូវចាប់អារម្មណ៌ទេ!»។
ជារៀងរាល់ពេលមុនការបោះឆ្នោត មេដឹកនាំគណបក្សកាន់អំណាច នៅកម្ពុជា ជាពិសេសលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្ស តែងលើកឡើងសឹងតែនៅគ្រប់ការថ្លែងជាសាធារណៈ គម្រាមពីការត្រៀមធ្វើសង្គ្រាម ឬការផ្ទុះសង្គ្រាមក្នុងស្រុកជាថ្មីឡើងវិញ ប្រសិនណាជាគណបក្សប្រជាជនកម្ពុជារបស់លោក ចាញ់ឆ្នោត។ ក្រៅពីការថ្លែងគម្រាមដូច្នេះហើយ ក្រុមមេដឹកនាំទាំងនេះ នៅបានអួតអាងពីសមិទ្ធិផល ដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា សម្រេចបាន ដោយប្រៀបធៀបស្នាដៃទាំងនេះ ទៅនឹងចំណុចសូន្យ (ចំណុច ដែលចេញពីរបបប្រល័យពូជសាសន៍ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩)។
ប៉ុន្តែភាគតិចណាស់ ដែលក្រុមមេដឹកនាំនយោបាយ មកពីគណបក្សកាន់អំណាចទាំងនេះ លើកឡើងពន្យល់ពីនយោបាយ និងពីទស្សនៈវិស័យ សម្រាប់អនាគតវែងឆ្ងាយ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ ខណៈយុវជនមានចំនួន ប្រមាណជា៧០% នៃចំនួនប្រជាជនសរុប កំពុងរង់ចាំដោយស្រេកឃ្លាន ពីចំណាត់ការទាំងនោះ ដែលផ្ទុយស្រឡះទាំងស្រុង ពីការលើកឡើង ទាក់ទងនឹងសង្គ្រាម។ សង្គ្រាម ដែលគ្មានអ្នកជំនាញណាម្នាក់ គិតថានឹងអាចកើតមាននៅកម្ពុជាវិញឡើយ ក្រៅតែពីអ្នកគាំទ្រលោក ហ៊ុន សែន ដែលប្រដាប់ដោយអាវុធ ចេញមុខងាកមកប្រឆាំង នឹងលទ្ធផលនៃការបោះឆ្នោត បន្ទាប់ពីលោក ហ៊ុន សែន ចាញ់ឆ្នោត។
«បញ្ហាមិនតិចជាង ៣ម៉ឺន ៤ពាន់ ព្រះធម្មខណ្ឌ»
ការលើកឡើងខាងលើ របស់លោក ខៀវ កាញារីទ្ធ បើទោះជាសំណេរនេះ ជាការដកស្រង់សំដីអ្នកផ្សេងក៏ដោយ ក៏វាត្រូវបានមនុស្សជាច្រើន សំដែងការគាំទ្រ។ ក្រុមអ្នកគាំទ្រខ្លះ បានជំរុញឲ្យលោក គីម ហ៊ាង ដែលជាម្ចាស់គំនិតខាងលើ ក្លាយជាទី«ប្រឹក្សាឲ្យរដ្ឋាភិបាល» ដោយហេតុថា«រដ្ឋាភិបាលមើលមិនអស់»។ តែអ្នកគាំទ្រទាំងនោះទំនងជាភ្លេចថា រដ្ឋាភិបាលលោក ហ៊ុន សែន មានក្បាលធំ-មហាធំ និងមានទីប្រឹក្សា ជំនួយការរាប់មិនអស់ នោះផងទេ។
ប៉ុន្តែប្រិយមិត្តខ្លះទៀត បានលើកឡើងថា ការលើកឡើងរបស់លោក គីម ហ៊ាង គ្រាន់តែជាជ្រុងតូចមួយប៉ុណ្ណោះ។ ប្រិយមិត្តម្នាក់ដាក់ឈ្មោះ «អ្នក ប្រុស ម៉ុច» បានសរសេរថា៖ «បញ្ហាមានច្រើនលើសលប់ មិនតិចជាង ៣ម៉ឺន ៤ពាន់ ព្រះធម្មខណ្ឌទេ។ សិក្សាស៊ីជំរៅ ឲ្យកាន់តែលឿន និងមានប្រសិទ្ធភាពរឹតតែល្អ ក្រែងស្ថានភាពប្រសើរជាងនេះ។ យុវជនអាចជួយបាន? វាមិនអាចទេ! នៅភ្នំពេញ យុវជនឡើងមកថ្មីៗរបស់ CPP ធ្វើព្យុះធ្វើភ្លៀងសម្បើមណាស់ មិនថាចាស់មិនថាក្មេង ឲ្យតែបានធ្វើការរដ្ឋ តាំងខ្លួនដូចស្តេច [និង]តែងតែច្រលំថាខ្លួនតួរឯករហូត ភ្លេចខ្លួនថា មានតួនាទីបំរើររាស្រ្ត។»៕