ហ៊ុន សែន៖ អ្នកច្បាប់នឹងធ្វើបណ្តឹងប្រឆាំង សម រង្ស៊ី មុនចូលឆ្នាំខ្មែរ
នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន បានអះអាងថាក្រុមអ្នកច្បាប់កំពុងតែសិក្សាពីនីតិវិធីច្បាប់ ដើម្បីដាក់បណ្តឹងទៅតុលាការ ប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពីបទជំទាស់សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យបានមុនចូលឆ្នាំខ្មែរ។
លោក ហ៊ុន សែន នៅរដ្ឋសភា ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
នយោបាយ - ថ្លែងទៅកាន់និស្សិតច្រើនសិបនាក់ នៅក្នុងកម្មវិធីប្រគល់សញ្ញាប័ត្រជូននិស្សិត វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី០៧ មេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ករណីបណ្តឹងប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ទៅតុលាការ ទំនងជាមិនពាក់ព័ន្ធពីបទប្រមាថព្រះមហាក្សត្រនោះទេ ត្បិតមិនមានច្បាប់កំណត់ ទោសបញ្ញត្ត ពីបទប្រមាថព្រះមហាក្សត្រ តែបណ្តឹងប្រឆាំងលោក សម រង្ស៊ី អាចពាក់ព័ន្ធនឹងបទជំទាស់សេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ។
ការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសេចក្ដីថ្លែងការណ៍ថ្កោលទោសមួយ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ទី៥ ខែមេសា ដោយរដ្ឋាភិបាលរបស់លោក ចោទលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ជាច្រើនករណី ក្នុងនោះករណីប្រមាថព្រះមហាក្សត្រ និងមិនគោរពសេចក្ដីសម្រេចបិទផ្លូវរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ បានសរសេរលិខិតមួយច្បាប់ផ្ញើរថ្វាយព្រះរាជា។ សេចក្ដីថ្លែងការណ៍ ដែលត្រូវបានគាំទ្រជាហូហែរ ដោយញ្ញត្តិគាំទ្ររបស់ស្ថាប័ននានាស្និតនឹងរដ្ឋាភិបាលនោះ បានព្រមានរួចហើយថា នឹងពិចារណានូវវិធានការដ៏«ម៉ឺងម៉ាត់»ចំពោះបុគ្គល សម រង្ស៊ី» ដើម្បីរក្សា ការពារ ទោះក្នុង«តម្លៃណាក៏ដោយ»។
វិធានការផ្លូវច្បាប់ ដែលលោក ហ៊ុន សែន លើកមកធ្វើការចោទប្រកាន់នោះ ទំនងជាចង់សង្កត់ធ្ងន់ទៅលើឃ្លាមួយរបស់លោក សម រង្ស៊ី សរសេរក្នុងលិខិតផ្ញើថ្វាយព្រះមហាក្សត្រកម្ពុជា ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ ដែលមានសេចក្ដីជាអាថ៌ថា៖ «រដ្ឋសភាបច្ចុប្បន្នគឺមិនបានឆ្លុះបញ្ចាំង ពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយក៏ពុំអាចធ្វើជាតំណាង ឲ្យពលរដ្ឋខ្មែរទាំងមូលបានដែរ ដោយសារពុំមានតំណាងរាស្រ្តគ្រប់ចំនួន១២០រូប ចូលរួមសម័យប្រជុំដំបូង នៃរដ្ឋសភា ដូចដែលតម្រូវដោយមាត្រ៧៦ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។»
ក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល ចុះថ្ងៃទី៥ ខែមេសា បានហៅការសរសេររបស់លោក សម រង្ស៊ី ខាងលើថាជាការប្រមាថមាក់ងាយ និងប្រឆាំង«យ៉ាងជាក់ស្ដែង» ទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះហត្ថាលេខា ដោយលោក ប៊ិន ឈិន (មកពីគណបក្សប្រជាជនកម្ពុជា) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣កន្លងទៅ។ សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា លោក សម រង្ស៊ី «អាចប្រឈមនឹងការផ្ដន្ទាទោស តាមមាត្រា ៣៦ នៃច្បាប់ស្ដីពី ការរៀបចំ និងការប្រព្រឹត្តិទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ»។
ចំពោះការព្រមានដាក់បណ្តឹងប្រឆាំងខ្លួនដោយលោក ហ៊ុន សែន ខាងលើនេះ លោក សម រង្ស៊ី បាន បានថ្លែងនៅទីស្នាក់ការកណ្តាលរបស់គណបក្សខ្លួន នៅថ្ងៃទី០៧ មេសា នេះថា លោកមិនស្ទាក់ស្ទើរក្នុងការចូលពន្ធនាគារនោះទេ ប្រសិនបើមានការចាប់ខ្លួន ដោយសារការចោទប្រកាន់របស់រាជរដ្ឋាភិបាល និងស្ថាប័នកំពូលផ្សេងៗ។
ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ តែងត្រូវបាន គណបក្សសង្រ្គោះជាតិ និងក្រុមអ្នកវិភាគនយោបាយមានជំហរកណ្ដាល ចោទប្រកាន់ពីភាពឯករាជ្យប្រកបដោយមន្ទិល របស់ស្ថាប័ននេះ ថាមានចរិកនយោបាយ និងលំអៀង។ មន្ត្រីអ្នកទទួលខុសត្រូវមួយចំនួនធំ នៅក្នុងស្ថាប័ននេះ ត្រូវបានគេដឹងថា ត្រូវបានជ្រើសតាំងចេញពីសមាជិកនយោបាយជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ហើយបានធ្វើការបកស្រាយច្បាប់ លំអៀងទៅរកតែនយោបាយ ឬការចង់បានរបស់គណបក្សកាន់អំណាចប៉ុណ្ណោះ៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ មេសា ២០១៤