អ្នក​វិភាគ​៖ សម រង្ស៊ី អង្ទង​«ចិន»​ដើម្បី​ស្រាយ​វិបត្តិ បង្កប់​ន័យ​នយោបាយ

នៅពេលនេះគណបក្សសង្រ្គោះជាតិ បានលាតត្រដាងយ៉ាងប្រាកដឲ្យសាធារណៈជនបានដឹងថា មានតែ​ប្រទេស​ចិនទេ ដែលមានលក្ខណៈសម្បត្តិល្អបំផុត ក្នុងការទម្លុះទម្លាយភាពជាប់គាំងនយោបាយនៅកម្ពុជា បានដោយ​សន្តិវិធី។ តែ​សម្រាប់អ្នកវិភាគបានលើកឡើងថា ការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ មានបង្កប់ន័យ​នយោបាយ​ច្រើន ហើយ​វាក៏មិនមែនជាប្រផ្នូលល្អទេ ដែលចង់ឲ្យប្រទេសចិន មកដោះស្រាយ​វិបត្តិនយោបាយ​នៅកម្ពុជា ខណៈប្រទេសនេះ​ប្រកាន់នូវលិទ្ធិប្រជាធិបតេយ្យ រីឯចិនជាប្រទេសកុំមុយនីស្តនោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលនេះគណបក្សសង្រ្គោះជាតិ បានលាតត្រដាងយ៉ាងប្រាកដឲ្យសាធារណៈជនបានដឹងថា មានតែ​ប្រទេស​ចិនទេ ដែលមានលក្ខណៈសម្បត្តិល្អបំផុត ក្នុងការទម្លុះទម្លាយភាពជាប់គាំងនយោបាយនៅកម្ពុជា បានដោយ​សន្តិវិធី។ តែ​សម្រាប់អ្នកវិភាគបានលើកឡើងថា ការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ មានបង្កប់ន័យ​នយោបាយ​ច្រើន ហើយ​វាក៏មិនមែនជាប្រផ្នូលល្អទេ ដែលចង់ឲ្យប្រទេសចិន មកដោះស្រាយ​វិបត្តិនយោបាយ​នៅកម្ពុជា ខណៈ​ប្រទេស​នេះ​ប្រកាន់នូវលិទ្ធិប្រជាធិបតេយ្យ រីឯចិនជាប្រទេសកុំមុយនីស្តនោះ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

នយោបាយកម្ពុជា - កន្លងទៅថ្មីៗនេះក្នុងកិច្ចសម្ភាស ជាភាសារអង់គ្លេសជាមួយទូរទស្សន៍ចិន ដែលមាន​វិសាល​ភាព​ផ្សាយទូទាំងពិភពលោក ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអត្ថាធិប្បាយថា ចិនជាប្រទេស​មាន​ឥទ្ធិពល ហើយថែមទាំងទទួលបានការគោរព និងការគាំទ្រពីគណបក្សសង្រ្គោះជាតិ និងរដ្ឋាភិបាលកម្ពុជា​ដែល​ដឹកនាំ​ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូច្នេះមានតែប្រទេសចិនទេ ដែលអាចមានលទ្ធភាពជួយ​សម្រុះ​សម្រួល និង​ស្វែងរកដំណោះស្រាយដោយសន្តិវិធីណាមួយ ដើម្បីឆ្លើយតបទៅនឹងបញ្ហានយោបាយ​ដែលកំពុង​កើត​មានឡើង​នៅ​កម្ពុជា។

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ចិនដដែលនោះ ប្រមុខគណបក្សជំទាស់ដដែលនេះ មិនត្រឹមតែលើកពីបញ្ហា​នយោបាយ​នៅកម្ពុជាតែប៉ុណ្ណោះទេ គឺថែមទាំងបានសម្តែងការរិះគន់ រាល់បណ្តាប្រទេសដែលមានចេតនា​ទាមទារ​ចង់បានកោះដែលកំពុងការពារដោយចិន ហើយបានសម្តែងការគាំទ្រដល់ប្រទេសចិន ដែលខិតខំប្រឹងប្រែងការពារ​ដែនកោះនៅសមុទ្រចិនខាងត្បូង។

លោក សម រង្ស៊ី បញ្ជាក់ថា៖ «យើងចាត់ទុកចិនមិនមែនត្រឹមតែជាមិត្តនោះទេ តែខ្ញុំអាចនិយាយថា ជាសម្ព័ន្ធមិត្ត។ គណបក្សរបស់ខ្ញុំ គាំទ្រចិនចំពោះការការពារ ដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង ហើយចំពោះកោះ​ដែលចិន​កំពុងការពារនៅពេលនេះ គឺពិតជាត្រឹមត្រូវ និងស្ថិតនៅក្នុងទឹកដីរបស់ចិនពិតប្រាកដមែន។»

ជុំវិញករណីនេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងមន្រ្តីរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយ​បាន​នៅឡើយ។ តែបើយោងលើអ្នកតាមដានស្ថានការណ៍នយោបាយឯករាជ្យកម្ពុជា បានកត់សម្គាល់ថា កន្លងមក​រដ្ឋាភិបាល​នៃគណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលមិនសូវមានទំនាក់ទំនងល្អ​ ជាមួយប្រទេសលោក​ខាងលិច (ប្រទេសប្រជាធិបតេយ្យ) នោះទេ តែបែរជាមានទំនាក់ទំនងល្អ និងជិតស្និតជាមួយប្រទេសកុំមុយនិស្ត ដែលមានចិន និងវៀតណាមជាដើម។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជា និងជាអ្នកវិភាគឯករាជ្យ​ដែរនោះ បានពន្យល់ថា កាលដែលអ្នកនយោបាយ ចង់ឲ្យមានមហាអំណាចជួយអន្តរាគន៍ ក្នុងជម្លោះ​នយោបាយ​កម្ពុជាសព្វថ្ងៃ គឺជារឿងប្រសើរ តែអ្វីដែលគួរកត់សម្គាល់និងត្រូវព្រួយបារម្ភនោះ គឺប្រទេសចិនជាប្រទេសកុំមុយនិស្ត ហើយក៏មិនដែលមានការបោះឆ្នោត តាមបែបសេរីពហុបក្សផងដែរ។

ទាក់ទងនឹងការសម្តែងការគាំទ្ររបស់លោក សម រង្ស៊ី ដល់ប្រទេសចិន ក្នុងជម្លោះសមុទ្រចិនខាងត្បួង លោក ហង្ស ពុទ្ធា បញ្ជាក់ថា៖ «ខ្ញុំជឿថាសម្តីរបស់គាត់(សម រង្ស៊ី) មានបង្កប់ន័យនយោបាយច្រើន ក្នុងនោះក៏​ប្រហែលជា​ចង់​បន្ទន់​ចិត្តដើម្បីឲ្យភាគីចិន យកចិត្តទុកដាក់ដល់ការជាប់គាំងនយោបាយនៅកម្ពុជា(...)។ នេះក៏ប្រហែលជាយុទ្ធសាស្រ្ត​របស់គណបក្សសង្រ្គោះជាតិ ដែលមើលឃើញចិនមានឥទ្ធិពលមកលើកម្ពុជា។»

ផ្ទុយពីជំហរដែលគណបក្សសង្គ្រោះជាតិ ចង់ឲ្យមហាយក្សចិន លូកដៃចូលមកសម្រួលជម្លោះនយោបាយកម្ពុជានេះ សម្តេច​ព្រះរាជបុត្រី ព្រះអានុជ នរោត្តម អារុណរស្មី ព្រះ​ប្រធានគណបក្សហ្វុនស៊ីនប៊ិច ដែលមិនបានមួយកៅអី​ក្នុងសភា​និតិកាល​ទី៥ និងធ្លាប់ជាមិត្តជិតស្និតនឹងចិនដែរនោះ បែរជាទ្រង់លិខិតចង់យាង​ព្រះមហាក្សត្រកម្ពុជា ឲ្យជួយដោះ​ស្រាយ​បញ្ហា ដែលនៅជាប់គាំង​សព្វ​ថ្ងៃនេះទៅវិញ។

នៅក្នុងលិខិតមួយ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ​២០១៤ របស់សម្ដេចព្រះអនុជ មានសរសេរជាអាថ៌ថា៖ «ក្នុងកាលៈទេសៈ​នៃអាយុជីវិតជាតិនេះ មានតែព្រះបរមរាជា តម្រិះ​របស់​ព្រះមហាក្សត្រ ជាទីសក្ការៈនៃ​ប្រជា​នុរាស្ត្រ​កូនចៅទាំងអស់​គ្នាទេ ទើបអាចធ្វើឲ្យមានការសម្របសម្រួល ឬការ​ចរចានយោបាយមួយ សម្រាប់រក្សាបាននូវ​ស្ថេរភាព​និងសន្តិភាព​ជាតិ កត្តាចម្បងនៃសាមគ្គីជាតិ និងឯកភាពជាតិខ្មែរ ដែលមានព្រះករុណាព្រះមហាក្សត្រ ព្រះអង្គកំពុងគង់ជានិម្មិតរូប​និង​ជាម្លប់ដ៏ត្រជាក់សម្រាប់ជាតិទាំងមូល។» តែការដង្ហោយហៅរកការចូលអន្តរាគមន៍ ពីព្រះមហាក្សត្រកម្ពុជានេះ ទំនងជា​មិនមានលទ្ធផលប៉ុន្មានទេ ដោយសារតែព្រះអង្គធ្លាប់បានយាង ទៅបើករដ្ឋសភា«ឯកបក្ស»របស់គណបក្ស​ប្រជាជន​​កម្ពុជាម្ដងរួចមកហើយ បង្កឲ្យក្រុមអ្នកស្និតនឹងគណបក្សប្រឆាំងសម្ដែងការខឹងសម្បារមិនតិចទេ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...