ក្រុមយុវជន«រាំ»ដើម្បីសន្តិភាព
«ហើយបើការប្រើប្រាស់អំពើហិង្សានៅតែមាន យើងនឹងប្រមូលផ្តុំយុវជន និងរៀបចំសកម្មភាពផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងការដោះស្រាយ ដោយធម៌អហិង្សា» នេះជាលើកឡើងរបស់ក្រុមយុវជន ដែលពួកគេនាំគ្នាធ្វើសកម្មភាពនានា ជាការផ្ញើសារសន្តិភាព ក្នុងទប់ស្កាត់អំពើហិង្សាដែលតែងតែកើតមានឡើង។
ក្រុមយុវជន ដែលជួយជុំគ្នាលេងល្បែងប្រជាប្រិយ។ (រូបថត MONOROOM.infO/ O. Vary)
យុវជន - «សន្តិភាពក្នុងដៃយើងទាំងអស់គ្នា» នេះជាសារដែលក្រុមយុវជន មកពីសាកលវិទ្យល័យនានាក្នុងរាជធានីភ្នំពេញ ដែលបាននាំគ្នាធ្វើសកម្មភាពដូចជាការរាំកំសាន្ត និងលេងល្បែងប្រជាប្រិយជាជាដើម កាលពីថ្ងៃទី៦ ខែមេសា នៅស្ពាននាគក្បែរវត្តភ្នំ។
លោក ឈាង ឬទ្ធី សមាជិកនៃក្រុមការងារសន្តិភាព និងជាអ្នកសម្របសម្រួលគម្រោង នៃអង្គការអភិវឌ្ឍន៏ធនធានយុវជន បានអោយដឹងថា លោកបានផ្តួចផ្តើមធ្វើសកម្មភាពម្តងរួចមកហើយ ដែលកាលពីលើកមុនក៏មានការហាមឃាត់ ពីសមត្ថកិច្ចតិចតួចដែរ។ ហើយលើកទី២នេះ ធ្វើនៅថ្ងៃកៀកចូលឆ្នាំ ដោយជ្រើសរើសសកម្មភាពលេងល្បែងប្រជាប្រិយខ្មែរ និងការរាំ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរផង និងជាការផ្ញើរសារសន្តិភាពផង។ រីឯហេតុផលមួយទៀត ដោយសារឃើញអាជ្ញាធរចាប់ផ្តើមរិត្បិត រឿងទីតាំងនៅទីលានប្រជាធិបតេយ្យ មិនអោយប្រជាពលរដ្ឋចូលជួបជុំគ្នា។ ហើយការជួបជុំនៅទីសាធារណៈនេះ ចង់បញ្ជាក់ថា «យើងចង់ទាមទារនូវសិទ្ធិសេរីភាពរបស់ពួកយើងមកវិញ និងចង់បាននូវសន្តិភាព។»
លោកបន្យល់យ៉ាងដូច្នេះទៀតថា «ដោយយើងឃើញថាកាលពីខែ មករា មានការប្រើហិង្សាពីសំណាក់សមត្ថកិច្ច រហូតដល់មានស្លាប់ ៥អ្នក និងរបួសជាច្រើននាក់ អញ្ចឹងអោយគាត់ប្រកាន់អហិង្សា រាល់ដំណោះស្រាយផ្សេងៗ។ អ្វីដែលយើងធ្វើ យកលក្ខណៈជាការរាំសប្បាយ ដោយភ្ជាប់ជាមួយសារនិងសន្តិភាព ដោយសារយុវជនគាត់ចូលចិត្តរឿងសប្បាយច្រើន។»
យុវជន រ័ត្ន សុភា ជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យជាតិគ្រប់គ្រប់ ដែលបានចូលរួមសកម្មភាពនេះ ជាមួយក្រុមយុវជនដទៃទៀតបានបញ្ជាក់ថា៖ «បានជាខ្ញុំមកចូលសកម្មភាពថ្ងៃនេះ ដោយសារខ្ញុំឃើញអាជ្ញាធរតែងតែប្រើអំពើហិង្សាទៅលើបាតុករ ឬក៏ក្រុមប្រឆាំង។ ហើយខ្ញុំចង់បង្ហាញអោយគាត់ឃើញពីសន្តិភាព ដែលយុវជនគាត់ស្រលាញ់សន្តិភាព និងចង់អោយពួកគាត់ធ្វើអ្វីមួយដោយគោរពច្បាប់ និងគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ។»
លោកបន្ថែមថា៖ «លើកទីពីនេះអាជ្ញាធរគាត់យល់ដឹងច្រើន គាត់ផ្តល់សិទ្ធិសេរីភាពអោយពួកយើង លេងកម្មវិធីសប្បាយ មិនបំបែកពួកខ្ញុំ ដែលកាលពីលើកមុន គាត់បានព្យាយាមបំបែកដោយប្រើពាក្យសម្តីមិនសមរម្យ។»
សម្រាប់លោក ឈាង ឬទ្ធី បានបង្ហាញជំនឿចិត្តថា សកម្មភាពនេះវានឹងជាះឥទ្ធិពល ដល់អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ តាមរយៈសារដែលនៅលើ អាវ មួក និងបណ្តា ឬក៏ប្រព័ន្ធផ្សព្វផ្សាយជាដើម។ «នៅពេលដែលគាត់ធ្វើដំណើរឆ្លងកាត់ ហើយបានមើលសារដែលផ្ញើរអោយនោះ ហើយវាដិតជាប់នៅក្នុងចិត្តរបស់គាត់ថា សន្តិភាពនៅក្នុងដៃរបស់យើង ហើយគ្រប់ៗចង់បានសន្តិភាព និងស្រលាញ់សន្តិភាព៕»
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ០៧ មេសា ២០១៤