ដំណើរចូលស្រុកវិញរបស់សម រង្សី៖ ក្រឡា«អុក»ណាខ្លះដែលត្រូវដើរ?
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: July 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្យុះព្យោមាបានបោកបក់បន្ថែមទៀត លើនយោបាយនៃប្រទេសកម្ពុជា បន្ទាប់ពីការប្រកាសវិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្សី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថាជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។ បន្ថែមពីលើនោះ អាជ្ញាធរនៃប្រទេសកម្ពុជាក៏ពុំទុកឲ្យមេដឹកនាំបក្សប្រឆាំងដែលជាទណ្ឌិតរូបនេះ ត្រឡប់ចូលក្នុងប្រទេសវិញ ដោយសុខស្រួលនោះដែរ ដោយបានប្រកាសថា នឹងចាប់ខ្លួនលោកប្រសិនណាលោកមានវត្តមានលើទឹកដីកម្ពុជា។
ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)
ជាការរំឮកឡើងវិញ ប្រធានគណបក្សប្រឆាំង លោក សម រង្សី បាននិរទេសខ្លួនលោកចេញពីប្រទេសកម្ពុជា ដើម្បីគេចពីការផ្ដន្ទាទោសចំនួន១២ឆ្នាំក្នុងពន្ធនាគារ របស់តុលាការកម្ពុជា ពីបទក្លែងបន្លំឯកសារសាធារណៈ និងការផ្សាយព័ត៌មានមិនពិត រួមទាំងសកម្មភាពដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀងនោះផង។ ការប៉ុនប៉ងត្រឡប់ចូលមកក្នុងប្រទេសវិញ របស់ប្រធានគណបក្សប្រឆាំងលេចធ្លោម្នាក់នេះ ត្រូវបានគេដឹងថាបានធ្វើជាច្រើនលើករួចមកហើយ តែមិនដែលបានសម្រេចម្ដងណាឡើយ នោះក៏ដោយសារតែភាពមិនចុះសម្រុងគ្នា នៃផ្លូវដែលត្រូវដើររវាងរូបលោក និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឬបើគេនិយាយម្យ៉ាងទៀត ភាពមិនយល់គ្នានៃភាសារបស់«ពួកតម្លង់ប្រាំពីរសន្ដាន» ដែលម្ខាងចោទថាជាករណីព្រហ្មទណ្ឌឬតុលាការ រីឯម្ខាងទៀតថាជាករណីនយោបាយ។
តែអ្វីដែលជាការភ្ញាក់ផ្អើល សម្រាប់មជ្ឈដ្ឋាននយោបាយខ្មែរ នៅមុនពេលបោះឆ្នោតតែប៉ុន្មានសប្ដាហ៍នេះ គឺជាការប្រកាសយ៉ាងម៉ឺងម៉ាត់ របស់លោក សម រង្សី នៅក្នុងវីដេអូមួយផ្សាយលើទំព័រផ្លូវការរបស់លោក ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថាលោក«ស៊ូស្លាប់ខ្លួន» នឹងវិលត្រឡប់ចូលមកក្នុងប្រទេសកំណើតរបស់លោកវិញ ដើម្បីសង្គ្រោះជាតិដែលកំពុងជួបនូវ«គ្រោះមហន្ដរាយ»។ នៅក្នុងសារជាភាសាអង់គ្លេសមួយបន្ទាប់មកទៀត លោក សម រង្សី បាននិយាយជាអាថ៌ថា «ខ្ញុំបានសម្រេចចិត្តត្រឡប់មកវិញ ដោយសារតែវត្តមានរបស់ខ្ញុំ ក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំង នឹងអនុញ្ញាតឲ្យពិនិត្យមើលពីការពិតនៃ "ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌" ដែលត្រូវបានកំណត់ធានាដោយសន្ធិសញ្ញាទីក្រុងប៉ារីស (...)។ ការវិលត្រឡប់របស់ខ្ញុំ នឹងជាឱកាសមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ សម្រាប់អភិវឌ្ឍនិងរំលឹកពីការតព្វកិច្ចនៃអ្នករាល់គ្នា រួមមានប្រជាជនកម្ពុជា និងមិត្តភក្ដិរបស់ប្រទេសកម្ពុជានោះផង។»
តើការត្រៀមចូលមកក្នុងស្រុកនេះ លោក សម រង្សី មាន«ខែល»ការពារខ្លួនមែនទេ បើការនិរទេសខ្លួនរបស់លោក ចាប់តាំងពីឆ្នាំ២០០៩មកនោះ គឺដើម្បីតែគេចចេញ ពីការចាប់ចង់នៃរដ្ឋបាលរបស់លោកហ៊ុន សែន នោះ? ភាសារអ្នកនយោបាយ និយាយថា«ស៊ូស្លាប់» តែបើស្លាប់ទាំង«ខ្លៅ» ក៏មិនជាមានប្រយោជន៍អ្វីនោះដែរ។ ដូច្នេះលោកប្រាកដជាមានក្រឡា«អុក»ណាមួយ ច្បាស់ជាងមុន ឬចំណេញជាមុន ដើម្បីយកមកប្រើប្រាស់ ដើម្បីលេងជាមួយលោក ហ៊ុន សែន ជាក់ជាមិនខាន។ រួចចុះខាងលោក ហ៊ុន សែនវិញ?
ប្រាកដណាស់លោក សម រង្សី មានជំនឿជឿជាក់ក្នុងចិត្តយ៉ាងច្បាស់ណាស់ថា សម្លេងរបស់លោកក្នុងនាមជាមេបក្សប្រឆាំង នៅតែមានសន្ទុះខ្លាំងក្លា និងអាចខ្លាំងក្លាជាងពេលមុនៗនោះផង។ បើយើងគ្រាន់តែក្រឡេកមើលទំព័រផ្លូវការរបស់លោក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលទើបនឹងបើកនៅថ្ងៃទី២២ខែមេសាឆ្នាំ២០១៣នេះប៉ុណ្ណោះ លោកទទួលបាននៅថ្ងៃនេះ អ្នកចូលទៅចុច«ស្រឡាញ់ចូលចិត្ត» បានចំនួនច្រើនជាង១១៨ពាន់នាក់ ដែលជាចំនួនមួយប្រហាក់ប្រហែល នឹងទំព័រផ្លូវការរបស់មេដឹកនាំនយោបាយធំៗមួយចំនួន នៅតាមបស្ចឹមលោកដែរ។
មួយវិញទៀត បើយើងងាកមកមើលសភាពជាក់ស្ដែងឯណេះវិញ យុវជននិងអ្នកគាំទ្ររាប់សិបពាន់នាក់ និងកាន់តែមានចំនួនច្រើនឡើងៗ បានបង្ហាញសេចក្ដីក្លាហាន នាំគ្នាចុះតាមដងផ្លូវ ដើម្បីចូលរួមដង្ហែជាមួយនឹង ការឃោសនារបស់គណបក្សប្រឆាំង។ អ្នកគាំទ្ររាប់សិបនាក់ទាំងនោះ គ្មាននរណាម្នាក់គិតដល់ ថាតើទោសទណ្ឌរបស់លោក សម រង្សី សមប្រកបដោយគតិយុត្តិ កាត់ក្ដីដោយប្រព័ន្ធយុត្តិធម៌ខ្មែរនោះឡើយ។
មេដឹកនាំប្រទេសធំៗ ដូចយ៉ាងអាមេរិក និងបារាំងសុទ្ធតែធ្លាប់លើកករណីមេបក្សប្រឆាំង មកនិយាយជាមួយលោកហ៊ុន សែន។ មួយវិញទៀត ទន្ទឹមនឹងការសម្រេចចិត្តនេះ លោក សម រង្សី ក៏បានផ្ញើរសារទៅប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងអស់ ពីដំណឹងនៃការវិលចូលស្រុករបស់លោកដែរ។ ដូច្នេះលោក សម រង្សី ដែលគេធ្លាប់តែរិះគន់ ថាលោកមានចិត្តមិន«សឿង» មិនហ៊ានប្រឈមមុខ ដូចយ៉ាងលោក ម៉ម សូណង់ដូ ទល់នឹងការផ្ដន្ទាទោសរបស់តុលាការខ្មែរនោះ នៅវេលានេះ លោកប្រហែលជាចង់លប់បំបាត់ពាក្យរិះគន់ទាំងនេះចោលចេញ ហើយឈានជំហានទៅមុខដើម្បីក្លាយជាវីរបុរសវិញម្ដង។
និយាយឲ្យខ្លី ក្រឡាអុក ដែលលោក សម រង្សី ត្រូវដើរនៅពេលនេះ មានតែ«ចំណេញ» បើទោះបីលោកត្រូវធ្វើពលិកម្មខ្លះក៏ដោយ។ នៅក្នុងសារមួយទៀតកាលពីថ្ងៃទី១០ខែកក្កដា លោក សម រង្សីថែមទាំងបញ្ឈឺរដ្ឋាភិបាលលោក ហ៊ុន សែន មួយក្បាច់ទៀត ដោយនិយាយថា «មិនចាំបាច់ចាប់ខ្ញុំទេ ខ្ញុំសុខចិត្តដើរចូលក្នុងកន្លែងឃុំឃាំងត្រូវកំណត់ ខ្ញុំនឹងដើរចូលដោយខ្លួនឯង» ព្រោះថាបើរដ្ឋាភិបាល ចាប់ខ្លួនលោកឃុំមែននោះ វានឹងកាន់តែធ្វើឲ្យរូបលោកមានប្រជាប្រិយភាពកាន់តែខ្ពស់ថែមទៀត ទាំងនៅក្នុងប្រទេស និងនៅអន្តរជាតិ។ ក្នុងជំហានដើរលើកនេះ លោក សម រង្សី ទំនងជាបានរៀបក្រឡា«អុក» វាយលុក ច្រើនជាទប់ទល់ ព្រោះលោកដូចជាបានត្រៀមរួចអស់ហើយ នូវយុទ្ធសាស្ត្រការទូត និងយុទ្ធសាស្ត្រមហាជន។
តែផ្ទុយទៅវិញ អ្នកដែលខាតនោះ គឺរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឯណេះទៅវិញទេ។ នៅក្នុងជំហានដំបូងភ្លាមៗ រដ្ឋាភិបាលមិនមានជម្រើសអ្វី ក្រៅតែពីប្រកាសអនុវត្តន៍«ច្បាប់»តាមបែប«និតិរដ្ឋ» ចាប់ខ្លួនលោក សម រង្សី តាមដីការរបស់តុលាការនោះឡើយ។ តុលាការកម្ពុជាដែលនរណាៗក៏ដឹងថា មានភាពលំអៀង និងរងឥទ្ធិពលនយោបាយនោះ។ នៅក្នុងករណីនេះ រដ្ឋាភិបាលលោកហ៊ុន សែន បានទុកប្រឡោះក្រឡា«អុក»មួយយ៉ាងធំ សម្រាប់គូរប្រជែងរបស់ខ្លួន ព្រោះមិនបានស្នើទៅនគរបាលអន្តរជាតិ (Interpol) អោយធ្វើការចាប់ឃាត់ខ្លួនលោក សម រង្សីនៅបរទេស។ ប៉ុន្តែមិនមែនជាការទុកប្រឡោះ ដើម្បីឲ្យគូរប្រជែងមានឱកាសវាយបកវិញនោះទេ តែរាល់ទឡ្ហីករណ៍ដែលយកមកដាក់បន្ទុកលើលោក សម រង្សី ដោយតុលាការខ្មែរ មិនអាចយកមកធ្វើជាសំអាងជាសំនុំរឿង«ព្រហ្មទណ្ឌ» នៅក្នុងប្រព័ន្ធចាប់ចងនៅឯបរទេសបានឡើយ ជាពិសេសក្នុងករណីដែលភាគីម្ខាងចោទថាជាករណីនយោបាយ។
ចំពោះការឃាត់ខ្លួនលោក សម រង្សី រដ្ឋាភិបាលនឹងត្រូវប្រឈមនូវប្រតិកម្ម ពីគ្រប់ទិសទីក្នុងពិភពលោក និងជាពិសេសពីប្រជាពលរដ្ឋអ្នកគាំទ្រលោក សម រង្សី នោះផង។ បន្ថែមពីលើនេះ ការឃាត់ខ្លួននេះ នឹងអនុញ្ញាតគេមើលឃើញពីការបោះឆ្នោតមួយ ដែលមានការរិតត្បិត មិនសេរី និងគ្មានការប្រកួតដោយស្មើភាព។ បន្ទាប់មក គណបក្សប្រឆាំងនិងអន្តរជាតិដែលឈឺឆ្អាលជាមួយកម្ពុជា នឹងអាចមានអំណះអំណាង គ្រប់គ្រាន់និងជាស្វ័យប្រវត្តិ ដើម្បីបដិសេធចោលលទ្ធផលនៃការបោះឆ្នោត ឬអាចសុំពន្យាពេលនៃការបោះឆ្នោត។ ដូច្នេះ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលគេរំពឹងថានឹងឈ្នះឆ្នោតនៅអាណត្តិក្រោយនេះទៀត នឹងទទួលទានជ័យជំនះនេះមិនឆ្ងាញ់ឡើយ ឬអាចស្លាក់បំពង់ករទៀតផងក៏ថាបាន។
តែសម្រាប់លោក ហ៊ុន សែន ដែលជាអ្នកពូកែដើរក្រឡា«អុក»មួយរូបនោះ លោកមិនងាយនឹងអស់ក្រឡាដើរនោះឡើយ។ ខាងក្រោមនេះ ជាជម្រើសពីរយ៉ាង ដែលគេរំពឹងថា ទំនងជាអាចត្រូវយកមកប្រើ ៖
១- ដកថយកូនអុកតូចមួយ ដើម្បីអុកវាយយកស្ដេច
ក្នុងសេចក្ដីនេះ មានន័យថា ការសម្របសម្រួលណាមួយ នឹងប្រាកដជានឹងត្រូវធ្វើក្នុងពេលដ៏ខ្លីខាងមុខ។ ធ្វើបែបនេះ លោកហ៊ុន សែន បានដកមួយជំហានមកក្រោយវិញក៏ពិតមែន តែគណបក្សរបស់លោក នឹងមានការរីកមុខ ហើយការឈ្នះឆ្នោតខាងមុខក៏នឹងត្រូវធ្វើដោយសមប្រកបដែរ។ គួបញ្ជាក់ដែរថា កាលពីថ្ងៃទី១០ខែកក្កដានេះ មានមន្ត្រីជាន់ខ្ពស់ពីខាងរដ្ឋាភិបាលមួយរូប បាននិយាយរួចស្រេចហើយ ថាសុំឲ្យលោក សម រង្សី ធ្វើលិខិតសម្របសម្រួលមករដ្ឋាភិបាល។ តែយើងនៅមិនទាន់យល់ន័យ ពីលិខិតសម្របសម្រួលនេះ ថាតើជាលិខិតសុំទោសឬយ៉ាងណាទេ។ តែទោះតាមវិធីណាក៏ដោយ ក៏របៀបនៃការថយកូន«អុក»នោះ សុទ្ធសឹងជាការសម្លឺងទៅមុខយ៉ាងវែងឆ្ងាយ ដើម្បីអុកយកស្ដេច។
២- វាយលុក ក្រឡាថ្មី ឲ្យបានមួយក្រឡាមុន
វិធីសាស្ត្រ «ដើរមួយក្រឡាមុន ឈ្នះ»នេះ ត្រូវបានប្រើជាច្រើនដងរួចមកហើយ ហើយថែមទាំង«រាប់ភ្លេច»ទៀតផង ដើម្បីឲ្យលោក ហ៊ុន សែន និងគណបក្សរបស់លោក បានកាន់អំណាចប្រមាណជា ៣០ឆ្នាំមកនេះ។ ក្រឡាថ្មីនោះ អាចជាព្រឹត្តិការណ៍មួយថ្មី ផ្ទុយស្រឡះពីករណីវិលចូលស្រុករបស់លោក សម រង្សី ក្នុងគោលបំណងបង្វែការចាប់អារម្មណ៍របស់សាធារណជន តែនឹងដាក់បន្ទុកទៅលើក្រុមប្រឆាំង ឬមេដឹកនាំក្រុមប្រឆាំងនោះតែម្ដង។ គ្រាន់តែព្រឹត្តិការណ៍នោះ គេនៅមិនទាន់ដឹងថាជាព្រឹត្តិការណ៍អ្វី ក្រោមរូបភាពបែបណា ឬយ៉ាងដូចម្ដេចនោះប៉ុណ្ណោះ។
ជាបន្តទៅទៀតនេះ យើងនឹងចាំមើល ថាតើរវាងក្រុមទាំងពីរ តើក្រុមណានឹងដើរក្រឡាអុកនេះទៅណា របៀបម៉េច? ប៉ុន្តែទោះជាតាមក្រឡាណាក៏ដោយចុះ វាសុទ្ធតែជាការប្រមើលមើល ដែលចេញពីបទពិសោធន៍រាប់សិបឆ្នាំ របស់អ្នកនយោបាយទាំងនេះ ដែលគួរតែចាស់ចិត្តចាស់គំនិត ក្នុងការគិតពីប្រយោជន៍ជាតិ និងប្រជាជនខ្លួនជាធំ។ ក្រឡាអុកមួយដែលល្អ គឺជាការប្រជែងគ្នាដោយស្មើភាព និងត្រូវចេះគិតពីផលវិបាកដែលនឹងអាចកើតមាន នៅក្រោយពេលលើកកូនអុកដើរម្ដងៗ។ គេគួរចាំដែរថា ការលេង«អុក» មិនប្រាកដថានឹងត្រូវតែមានអ្នកឈ្នះ ឬអ្នកចាញ់រាល់លើកនោះទេ តែដំណាក់កាលស្មើ ហើយសប្បាយចិត្តទាំងអស់គ្នា ក៏ជាដំណោះស្រាយល្អមួយដែរ នៅក្នុងកិច្ចការនយោបាយជាតិ៕
-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ