ឈ្មួញគ្រឿងញៀនដ៏ល្បីជាតិម៉ិកស៊ិក ត្រូវបានចាប់ខ្លួនមកវិញ ព្រោះ... ភាពយន្ដ!
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៨ មករា ២០១៦
- កែប្រែចុងក្រោយ: January 09, 2016
- ប្រធានបទ: ឈ្មួញគ្រឿងញៀន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកប្រធានាធិបតីម៉ិកស៊ិក លោក ប៉េណា នីអេតូ (Peña Nieto) បានប្រកាសក្នុងគណនីទ្វីសធើរ ដែលជាគណនីផ្លូវការរបស់លោកថា មេឈ្មួញជួញដូរគ្រឿងញៀនជាតិម៉ិកស៊ិក ដ៏ល្បីរន្ទឺពេញទាំងពិភពលោក លោក ជ័គីន អែលឆាប៉ូ ហ្គុម៉ាន់ (Joaquin "El Chapo" Guzman) ត្រូវបានអាជ្ញាធរនៃប្រទេសម៉ិកស៊ិក ចាប់ខ្លួនបានមកវិញហើយ។
លោក នីអេតូ ដែលបានជាប់ឆ្នោតជាប្រធានាធិបតី នៃប្រទេសម៉ិកស៊ិក កាលពីឆ្នាំ២០១២ បានសរសេរឲ្យដឹងថា៖ «បេសកកម្ម បានបញ្ចប់ទៅ ដោយជោគជ័យ៖ យើងចាប់វាបានហើយ។ ខ្ញុំសូមជម្រាបជូន ពលរដ្ឋម៉ិកស៊ិកថា ជ័គីន អែលឆាប៉ូ ហ្គុម៉ាន់ ត្រូវបានឃាត់ខ្លួន (ឡើងវិញ - Editor's note)។»
បើតាមកងកម្លាំង របស់ប្រទេសក្នុងទ្វីបអាមេរិកកណ្ដាលមួយនេះ បានអះអាងថា មេដឹកនាំ នៃបណ្ដាញជួញដូរគ្រឿងញៀន ដ៏មានឥទ្ធិពល ត្រូវបានឃាត់ខ្លួន នៅក្នុងលំនៅដ្ឋានមួយ នៃក្រុង «Los Mochis» រដ្ឋ «Sinaloa» ភាគពាយ័ព្យនៃប្រទេសម៉ិកស៊ិក។
ចារកម្មអាមេរិក ដឹងពីកន្លែងលាក់ខ្លួន...
អាជ្ញាធរម៉ិកស៊ិក បានបញ្ជាក់បន្ថែមថា ការផ្ទុះអាវុធបានកើតឡើង យ៉ាងខ្លាំងក្លា រវាងក្រុមជនប្រដាប់អាវុធ និងកងកម្លាំងជាតិ។ មនុស្ស៥នាក់ ត្រូវបានសម្លាប់ និងមនុស្ស៦នាក់ បានរងរបួស។ ប៉ុន្តែចំពោះស្ថានភាព របស់មេឈ្មួញ អែលឆាប៉ូ ថាមានសភាពបែបណានោះ មិនត្រូវបានអាជ្ញាធរបញ្ជាក់ឲ្យដឹងនោះទេ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានអះអាងថា បុរសខ្លាំង ដែលជាមេបណ្ដាញជួញដូរ គ្រឿងញៀនដ៏ធំរូបនេះ ត្រូវបានអាជ្ញាធរម៉ិកស៊ិក និងបណ្ដាញចារកម្មរបស់អាមេរិក តាមដានឃើញស្នាមរបស់លោក តាំងពីជាង១ខែមកហើយ នៅក្នុងគេហដ្ឋានមួយនេះ បន្ទាប់ពីលោក បានជួបជាមួយនឹងមេធាវី និងអ្នកជំនាញខាងភាពយន្ដមួយចំនួន ដើម្បីថតភាពយន្ដមួយ ដែលនិយាយពីជីវិតរបស់លោក។
ចាប់ខ្លួន នៅក្នុងសណ្ឋាគារ...
យុទ្ធនាការចាប់ខ្លួនមេឈ្មួញ ជួញដូរគ្រឿងញៀនដ៏ល្បី បានធ្វើឡើងនៅព្រឹកព្រហាម ហើយលោក អែលឆាប៉ូ បានគេចខ្លួនតាមរូងក្រោមដីមួយ ចេញពីគេហដ្ឋាន កន្លែងដែលលោកបានលាក់ខ្លួន ប្រមាណជាតាំងពី១ខែមកហើយ។ លោក ទំនងជាបានលួចរថយន្ដ ចតនៅក្បែរច្រកចេញ នៃរូងក្រោមដី ហើយបានចូលទៅស្នាក់នៅ ក្នុងសណ្ឋាគារមួយ មុននឹងលោក ត្រូវបានកងកម្លាំងម៉ិកស៊ិក ចូលទៅចាប់ខ្លួនបានជាស្ថាពរ នៅទីនោះ។
ការស្វែងរកចាប់ខ្លួនលោក អែលឆាប៉ូ ត្រូវបានធ្វើឡើង ទាំងនៅក្នុងប្រទេសម៉ិកស៊ិក ទាំងនៅពាសពេញពិភពលោក បន្ទាប់ពីមេឈ្មួញគ្រឿងញៀនមួយនេះ បានគេចខ្លួនពីពន្ធនាគារ កាលពីខែកក្កដា ឆ្នាំកន្លងទៅ តាមរូងក្រោមដីមួយ ដែលជីកចូលទៅកាន់បន្ទាប់ឃុំឃាំង។ រូបភាពដែលបង្ហាញពីមូលហេតុ នៃការគេចខ្លួនរបស់លោក អែលឆាប៉ូ ដែលជាការគេចខ្លួន ជាលើកទីពីរនេះ ត្រូវបានផ្សព្វផ្សាយ ពេញទាំងបណ្ដាញអ៊ិនធើណែត ជាពិសេសតាមបណ្ដាញសង្គម ហើយបានដាក់សំពាធ លើអាជ្ញាធរម៉ិកស៊ិកមិនតិចទេ ពីប្រព័ន្ធសុវត្ថិភាពក្នុងពន្ធនាគារ និងអំពើពុករលួយ នៅក្នុងប្រទេស។ ការដាក់សំពាធ ដែលបង្ខំអាជ្ញាធរម៉ិកស៊ិក ចាំបាច់ត្រូវតែតាមរកចាប់ខ្លួន បុរសដែលបង្គគ្រោះ ដោយមនុស្សជាតិមួយនេះ ឲ្យខាងតែបានមកវិញ៕