ប្រតិកម្មដាក់សម្ពាធ ឲ្យស្វែងរកព្រះសារីរិកធាតុមានកាន់តែខ្លាំង
រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃ ក៏ដូចជាសមត្ថកិច្ចជំនាញ នៅតែមិនទាន់រកឃើញព្រះសារិរិកធាតុនៅឡើយទេ ខណៈមហាជនទូទៅគ្រប់ស្រទាប់វណ្ណៈ សម្តែការខកចិត្ត និងដាក់សម្ពាធកាន់ខ្លាំងឡើងលើសមត្ថកិច្ច និងអ្នកទទួលខុសត្រូវផ្សេងទៀត ត្រូវតែចាត់វិធានការម៉ឺងម៉ាត់ ស្វែងរកព្រះសារីរិកធាតុយកត្រឡប់មកវិញ ឲ្យបានឆាប់បំផុត។
ព្រះសក្យមុនីចេតិយសម្រាប់រក្សាព្រះសារីរិកធាតុ នៃព្រះសាមណគោតម នៅលើភ្នំឧត្តុង ខេត្តកំពុងស្ពឺ។ (រូបថត Maria)
ព្រះសារីរិកធាតុ - ក្រោមតំណក់ទឹកភ្លៀងស្រិចៗ ព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនរយអង្គ-អ្នក នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នេះបាននាំគ្នាដើរដង្ហែក្បួន ទៅកាន់វត្តឧណ្ណាឡោម សាលសន្និសីតចតុមុខ និងក្រសួងធម្មការ និងសាសនា ដើម្បីទាមទារឲ្យមានអ្នកទទួលខុសត្រូវ និងការស្វែងរកត្រឡប់មកវិញ នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិ និងសាសនា។
ជាមួយគ្នានេះអ្នកដង្ហែក្បួនក៏បានចោទប្រកាន់ សម្តេចព្រះសង្ឃរាជ ទេព វង្ស នៃគណៈមហានិកាយ ពីអសមត្ថភាពរបស់ព្រះអង្គ ក្នុងការស្វែងរកព្រះសារីរិកធាតុ។ ហើយក្បួនដង្ហែដដែលនេះ ក៏បានលាយឡំជាមួយនឹងរូបភាពនយោបាយផងដែរ ដោយពួកគេ ក៏បានទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញចេញពីតំណែង និងត្រៀមរៀបចំការបោះឆ្នោតឡើងវិញផងដែរ។
បន្ទាប់ដាក់គំនៀបកាន់តែខ្លាំងឡើងៗ របស់ពួកអ្នកដង្ហែក្បួនទៅលើគណៈសង្ឃសំខាន់ៗ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងធម្មការ ដែលពួកគេកំពុងចូលរួមប្រជុំ នៅក្នុងសាលសន្និសីទចតុមុខ ព្រះសង្ឃ ឃឹម សន ជាមេគុណរាជធានីភ្នំពេញ ដែលទំនងជាចង់ឲ្យស្ថានការណ៍បានធូរស្រាល បានសន្យាជាមួយអ្នកដង្ហែក្បួនថា នឹងធ្វើសេចក្តីថ្លែងការណ៍មួយ ទាមទារអោយរដ្ឋាភិបាលស្វែងរកព្រះសារីរិកធាតុ ដែលបានបាត់កាលពីពេលថ្មីៗនេះ។
ទាក់ទងនឹងការបាត់ព្រះសារិរិកធាតុនេះ តាមរយៈសេចក្តីថ្លែងការណ៍មួយសន្លឹកចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ បានមានព្រះរាជព្រះបន្ទូលថា ព្រះអង្គ សោកស្តាយចំពោះការបាត់បង់ព្រះសារីរិកធាតុនេះ ដែលព្រះអង្គចាត់ទុកថា ជារតនៈវត្ថុដ៏មានជ័យមង្គលត្រជាក់ត្រជុំ សិរីសួស្តី និងមានតេជះបារមី សំបូររុងរឿង សម្រាប់កម្ពុជា។ ហើយព្រះអង្គ ស្នើឲ្យរដ្ឋាភិបាលចាត់វិធានការម៉ឺងមាត់ ចំពោះអ្នកដែលបានប្រព្រឹត្តបទល្មើស និងស្នើឲ្យក្រសួងពាក់ព័ន្ធទទួលខុសត្រូវ ចំពោះការបាត់ព្រះសារីរិកធាតុនេះ។
គួររម្លឹកថា ព្រះសារីរិកធាតុ និងវត្ថុបុរាណមានតម្លៃផ្សេងទៀត ដែលតម្កល់ទុកនៅក្នុងព្រះសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល ត្រូវបានគេដឹងថា មានជនសង្ស័យមួយក្រុមបានចូលលួច កាលពីម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ ខណៈនៅទីនោះក៏ត្រូវបានគេដឹងថា មានវត្តមានឆ្មាំចាំយាមកាមផងដែរ។
ចំពោះករណីបាត់ព្រះសារីរិកធាតុនេះ តុលាការខេត្តកណ្តាលកាលពីពេលថ្មីៗនេះ ត្រូវគេដឹងថា បានសម្រេចឃុំខ្លួនជនសង្ស័យចំនួនប្រាំនាក់ ដែលភាគច្រើនជាឆ្មាំយាមកាម នៅព្រះសក្សមុនីយចេតិយ ខណៈពួកគេបានបដិសេធចំពោះការពាក់ព័ន្ធនឹងបទល្មើសនេះ។
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ