អង្គការសហប្រជាជាតិ បារម្ភពីការធ្វើទារុណកម្មក្នុងពន្ធនាគារកម្ពុជា
បន្ទាប់ពីការធ្វើទស្សនកិច្ចរយៈពេលប្រាំថ្ងៃនៅកម្ពុជា ដោយគ្មានការជូនដំណឹងជាមុន អនុគណៈកម្មការបង្កាអំពើទារុណកម្ម នៃអង្គការសហប្រជាជាតិ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ បានសម្តែងការព្រួយបារម្ភ និងជម្រុញកម្ពុជា ឲ្យបង្កើតស្ថាប័នជាតិឯករាជ្យ ដើម្បីតាមដាន និងឃ្លាំមើល លើការគ្រប់គ្រងអ្នកជាប់ឃុំឲ្យស្របតាមខ្លឹមសារនៃអនុសញ្ញាស្ដីពីការប្រឆាំងការធ្វើទារុណកម្ម និងពិធីសារបន្ថែមដែលកម្ពុជាជារដ្ឋហត្ថលេខីដែរនោះ។
ពន្ធនាគារនៅខេត្តកណ្ដាល។ (រូបថត MONOROOM.info/ D.KEO)
ក្នុងបំណងលើកកម្ពស់ការប្រព្រឹត្តទៅលើ អ្នកជាប់ឃុំក្នុងប្រទេសកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត អនុគណៈកម្មការបង្កាអំពើទារុណកម្ម នៃអង្គការសហប្រជាជាតិ ក៏បានលើកឡើងដែរថា ក្រោយដំណើរទស្សកិច្ចនៅឆ្នាំ២០១៣នេះ គណៈប្រតិភូក្រុមការងារបង្កាអំពើទារុណកម្ម បានបង្ហាញពីការសង្កេតបណ្ដោះអាសន្ន ទៅកាន់អាជ្ញាធរកម្ពុជា ជាសម្ងាត់។ ហើយការរកឃើញទាំងប៉ុន្មាន នៅក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងត្រូវរក្សាជាការសម្ងាត់ រហូតដល់ពេលដែលរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តបង្ហាញបញ្ហានេះជាសាធារណៈ។
សូមបញ្ជាក់ថា សមាជិកនៃអនុគណៈកម្មការបង្កាអំពើទារុណកម្មរបស់អង្គការសហប្រជាតិ បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជាដោយគ្មានការជូនដំណឹងជាមុន រយៈពេល៥ថ្ងៃ គឺពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ធ្នូ ឆ្នាំ២០១៣។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមមន្រ្តីរបស់អង្គការសហប្រជាជាតិបានទៅកាន់កន្លែងឃុំឃាំងនានានៅកម្ពុជា ក្នុងនោះរួមមានពន្ធនាគារ ប៉ុស្តិ៍ប៉ូលីស មជ្ឈមណ្ឌលស្ដារនីតិសម្បទា និងកន្លែងបន្សាបសារធាតុញៀនជាដើម។
ជុំវិញបញ្ហានេះ លោក គឹម សារិន ជាប្រធាននាយកដ្ឋានអប់រំកែប្រែ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ បានលើកជាចម្ងល់ថា តើមន្រ្តីអង្គការសហប្រជាជាតិទាំងនោះអាចរកឃើញបញ្ហាធ្វើទារុណកម្មក្នុងប្រទេសកម្ពុជានៅកន្លែងណា? ហើយមន្រ្តីមួយណាជាអ្នកធ្វើជាទារុណកម្ម?។ ប្រធានាយកដ្ឋានដដែលនេះលើកឡើងថា គ្នានទេការធ្វើទារុណកម្មនៅក្នុងពន្ធនាគារកម្ពុជា ព្រោះកម្ពុជាមានច្បាប់ មានយន្តការ មានគណៈកម្មការច្បាស់លាស់ និងការសហការជាមួយអង្គការជាដៃគូរ សម្រាប់ត្រួតពិនិត្យ និងកែប្រែបញ្ហាទាំងនេះ។
លោក គឹម សារិន បញ្ជាក់ថា៖ «មកដល់ពេលនេះ យើងនៅតែថែរក្សាជនជាប់ឃុំ មិនឲ្យមានបញ្ហាអ្វីទាំងអស់ តែបើមានមានតិចតួចបំផុត ហើយជាបញ្ហារវាងជនជាប់ឃុំ និងជនជាប់ឃុំ។ ពួកគេជាមនុស្សខុសគ្នា តែត្រូវរស់នៅជាមួយគ្នាមួយបន្ទប់ពី២០ទៅ៣០នាក់ យើងរស់នៅពីរនាក់ប្តីប្រពន្ធគង់ឈ្លោះគ្នាតិចតួច ចុះទម្រាំពួកគាត់? គ្មានទេមន្រ្តីធ្វើទារុណកម្មលើអ្នកទោស»។
គួររម្លឹកថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ ក្នុងបំណងធ្វើឲ្យប្រសើរឡើងចំពោះបញ្ហាជនជាប់ឃុំ គ្រោងនឹងប្តូរឈ្នោះពីពន្ធនាគារទៅជាមន្ទីរអប់រំកែប្រែ។ ហើយនឹងផ្តល់ការអប់រំ នូវជំនាញ និងការស្តារនីតិសម្បទាផ្សេងៗទៀត ឲ្យកាន់តែប្រសើរឡើងដល់ជនជាប់ជាប់ឃុំទាំងនោះ ដើម្បីឲ្យពួកគេមានលទ្ធភាពធ្វើសមាហរណកម្មចូលទៅក្នុងសង្គមវិញ ក្រោយការអនុវត្តទោសត្រូវបានបញ្ចប់៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ