សហគ្រាសតូចនិងមធ្យមខ្មែរ ត្អូញពីការប្រកួតប្រជែងនៅក្រៅប្រទេស
សហគ្រាសខ្នាតតូច និងមធ្យម ជាកត្តាមួយដែលជួយធ្វើអោយសេដ្ឋកិច្ចរីកចំរើន និងបង្កើត ការងារនៅក្នុងប្រទេស។ ការជម្រុញអោយមាន ការប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិ ជាសញ្ញាណដែលបង្ហាញថា សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាកំពុងការរីកចំរើន។ តែទោះជាយ៉ាងណា ក៏នៅតែមានបញ្ហាចំនួន អាចនឹងដែលធ្វើសហគ្រាសមួយចំនួន ត្រូវដួលរលំ។
សិក្ខាសិលាថ្នាក់ជាតិស្តីពី ប្រព័ន្ធគ្រប់គ្រងសុវត្តិភាពម្ហូបអាហារបែបទំនើប នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ Channita)
សហគ្រាសឯកជន - ដោយសារតែមានបញ្ហា ប្រឈមមួយចំនួន ទើបធ្វើអោយ សហគ្រាសធុនតូច និង មធ្យម មួយចំនួនត្រូវបានបិទទ្វា។ តែក៏នៅមាន សហគ្រាសមួយចំនួននៅតែអាចឈរជើងបាន ព្រមទាំងបានកំពុងនឹងចូលរួមប្រកួតប្រជែង ជាមួយក្រុមហ៊ុនក្នុងប្រទេស និងក្រៅប្រទេស និងកំពុងពង្រឹងខ្លួនបន្ថែមទៀត ក្នុងការប្រកួតនៅទីផ្សារអន្តរជាតិ។
«នៅសមាហរណកម្មអាស៊ាន ខាងមុន ក្រុមហ៊ុនលីលី បានរៀបចំខ្លួន រួចរាល់ក្នុងការប្រកួតប្រជែង ជាមួយនឹងផលិតផលនាំចូល ពីប្រទេសជិតខាង»។ នេះជាការ លើកឡើងរបស់លោកស្រី កែវ មុំ ជានាយិកា ក្រុមហ៊ុន ផលិតនំស្រួយលីលី នៅក្នុងសិក្ខាសិលាថ្នាក់ជាតិ មួយស្តីពី ប្រព័ន្ធគ្រប់គ្រង សុវត្តិភាព ម្ហូបអាហារ បែបទំនើប នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៣។ លោកស្រី បន្តទៀតថា ក្រុមហ៊ុនលោកស្រីក៏បានត្រៀម នូវវិធានការមួយចំនួនដែរ ក្នុងនោះ៖ «កត្តាដែលចំបងបំផុតនោះគឺ គុណភាពនៃផលិតផលរបស់យើង។ បើគុណភាពមិនល្អនោះទេ យើងមិនអាចប្រកួតប្រជែង ជាមួយគេបានឡើយ។ និងមួយទៀតគឺ ខាងផ្នែកអនាម័យ។»
លោកស្រីបញ្ជាក់បន្ថែមថា «ថ្មីៗនេះយើងបាន ចាប់ផ្តើមនាំចេញ ទៅកាន់ទីផ្សារភូមា។ យើងសង្ឃឹមថា ការនាំចេញលើកទីមួយនេះ នឹងអាចប្រកួតប្រជែងដោយជោគជ័យ នៅពេលបច្ចុប្បន្ន និងនៅពេលអនាគតផងដែរ ។ក្រៅពីទីផ្សារភូមា យើងក៏កំពុងសម្លឹងទៅ ទីផ្សារនៅក្នុងប្រទេសដែលជាសមាជិកអាស៊ានផងដែរ ហើយបានបន្តទៅ ធ្វើទំនាក់ទំនងយ៉ាងល្អជាមួយ សហរដ្ឋអាមេរិក (ដោយ) សង្ឃឹមថាផលិតផលយើង នឹងអាចនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។»
ក្នុងពេលផ្តល់បទសម្ភាសន៏ជាមួយអ្នកសារពត៌មាន លោកមុនី ថៃ ទីប្រឹក្សាទទួលបន្ទុកអធិការកិច្ច ប្រចាំនៅប្រទេសវៀតណាម នៃសហគ្រាសផលិត បាតេមានជ័យ៩៩៩ បានថ្លែងឲ្យដឹងថា «ទោះបីជា សហគ្រាសរបស់លោក ជាសហគ្រាសតែមួយគត់ ដែលឈានដល់ ការប្រកួតប្រជែង នៅប្រទេសវៀតណាម ក៏នៅមានបញ្ហា មួយចំនួនដែរ ព្រោះយើងតែម្នាក់ឯង ទៅប្រកួតប្រជែងជាមួយគេ។ ម្យ៉ាង ទាក់ទងនឹងភាសា ភូមិសាស្រ្ត ច្បាប់ទម្លាប់ និងការប្រកួតប្រជែង ពីបណ្តាប្រទេសដទៃទៀតដូចជាប្រទេសថៃជាដើម ក៏ជាភាពប្រឈមរបស់សហគ្រាសយើងដែរ៕»
-------------------------------------------------
ដោយ៖ ចាន់នីតា - ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ទស្សនាវដ្តីមនោរម្យអំាងហ្វូ