កម្ពុជា៖ ស្ត្រីជំនួយការមេផ្ទះប្រមាណ ៤០០នាក់ នឹងទៅធ្វើការនៅបរទេស
ស្រ្តីកម្ពុជាចំនួន ៤០០នាក់អាចនឹង ត្រូវបញ្ជូនទៅបម្រើការ តាមផ្ទះនៅប្រទេសសិង្ហបុរី នៅពាក់កណ្តាលឆ្នាំនេះ ក្រោមគម្រោងសាកល្បងមួយ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ កម្ពុជានៅតែ បន្តបញ្ជូន ស្រ្តីជាជំនួយការមេផ្ទះ ទៅធ្វើការនៅបរទេស បើទោះបីជានាពេលកន្លង មក មានភាពមិនប្រកក្រដី ចំពោះសុវត្ថិភាពស្រ្តី កម្ពុជាដែល បានទៅធ្វើការនៅ បរទេសក៏ដោយ។
ការងារនៅក្នុងផ្ទះ។ MONOROOM.info Photo/ D. KEO
« ស្ត្រីធ្វើការតាមផ្ទះទាំងនេះ នឹងត្រូវបានបញ្ជូនឆាប់ៗ នៅពេលដែល ការបណ្តុះបណ្តាល របស់ពួកគេត្រូវបានបញ្ចប់ និងបញ្ហាសុវត្ថិភាព របស់ពួកគេត្រូវ បានធានាត្រឹមត្រូវ» នេះបើតាម លោក ហូ វុទ្ធី អគ្គនាយកនៃ ក្រសួងការងារ ដែលបានថ្លែងប្រាប់ការសែត ក្នុងស្រុកមួយកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣។
ភាពក្រីក្រ និងកង្វះការងារក្នុងស្រុក គឺជាមូលហេតុចម្បងនៃ ចំណាកស្រុករបស់ ពលរដ្ឋកម្ពុជា បើទោះបីជាពួកគេដឹងថា ការស្វែងរកការងារនៅ ក្រៅស្រុកអាចជួបប្រទះ នឹងបញ្ហាច្រើន ជាពិសេស គឺសុវត្ថិភាពរបស់ ពួកគេផ្ទាល់។ នាពេលកន្លងមក គេសង្កេតឃើញថា មានក្រុមហ៊ុនមួយចំនួនត្រូវបាន រដ្ឋាភិបាលកម្ពុជា សម្រេចដកហូតអាជ្ញាប័ណ្ណ ឬបិតក្រុមហ៊ុន ដែលស្ថិតនៅក្រោមស្លាក នាំចេញពលករ ពីព្រោះថាក្រុមហ៊ុនទាំងនោះ មានជាប់ពាក់ព័ន្ធ នឹងករណីជួញដូរផ្លូវភេទ ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការបង្ខាំងមនុស្សដោយ ខុសច្បាប់ជាដើម។ល។
«កម្ពុជាគួរតែយក បទពិសោធន៍ពីការបញ្ជូនស្រ្តីបម្រើ ការងារ តាមផ្ទះទៅប្រទេសម៉ាឡេស៊ី យកមអនុវត្ត ចំពោះប្រទេស ដ៏ទៀត» នេះបើតាមការអះអាង របស់ លោក នឿន សូឡា ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់ សហគមន៍។ យោងតាមសារពត៌មាន ដែលបានចេញផ្សាយ នាពេលកន្លងមកបានបង្ហាញថា មានស្រ្តីកម្ពុជាមួយចំនួន ដែលបានទៅបម្រើការងារ ជាជំនួយការស្រ្តីមេផ្ទះនៅប្រទេស ម៉ាឡេស៊ីត្រូវទទួលរងគ្រោះពីការ រំលោភបំពាន ផ្លូវភេទ ពីម្ចាស់ផ្ទះ ការប្រើអំពើហិង្សា ការធ្វើការងារ ច្រើនម៉ោង ជាងនេះទៅទៀត ស្រ្តីមួយចំនួន បានត្រលប់មក ប្រទេសវិញ ដោយមិនបាន ទទួលប្រាក់ឈ្នួល ត្រឹមត្រូវ ខណៈពេលដែលពួកគាត់ បានបំពេញការងារ ស្របតាមកិច្ចសន្យាក៏ដោយ។
លោក នឿន សូឡា បានលើកឡើងថា ការពុំមានប្រព័ន្ធច្បាប់គ្រប់គ្រាន់ និងពុំមានប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ មានអំពើពុករលួយ ទាំងប្រទេ បញ្ជូនពលករ និងទទួលពលករ គឺជាបញ្ហាចោទ ចំពោះពលករចំណាកស្រុក ហើយរដ្ឋាភិបាល និងអង្គការដែលពាក់ព័ន្ធ គួរធ្វើកិច្ចការនេះ ឲ្យបានល្អ។ យោតាមរបាយការណ៍ អង្គការអន្តរជាតិ អន្តោប្រវេស ប្រចាំឆ្នាំ២០១៣បានបង្ហាញថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមសមាជិកអាស៊ាន ដែលជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងការជួញដូរមនុស្ស។
របាយការណ៍ដដែល បានបញ្ជាក់ថា ជារឿយៗ ពួកគេត្រូវបានជួញដូរ ទៅកាន់ប្រទេសជិតខាង ដោយធ្វើការជាអ្នកនេសាទ អ្នកបម្រើតាមផ្ទះ ដែលការងារទាំងនោះប្រឈម នឹងបញ្ហាធ្ងន់ធ្ងរ និងមានលក្ខណៈអមនុស្សធម៌។ ហើយកន្លងមកពួកគាត់ ត្រូវបានជួយសង្គ្រោះ ដោយអាជ្ញាធរកម្ពុជា និងអង្គការអន្តរជាតិ។
ប្រទេសកម្ពុជា ត្រូវបានគេដឹងថា មានពលករច្រើនជាង ២០ ម៉ឺននាក់ បានទៅធ្វើការនៅក្រៅប្រទេស ដែលនៅក្នុង ចំណោមនោះ មានទៅដោយស្រប និងខុសច្បាប់។ បើទោះជាមានការ ប្រឈមនឹងបញ្ហាខាងលើ ក៏ដោយ ពលករកម្ពុជា មួយចំនួន នៅតែបន្តទៅស្វែងរក ការងារនៅក្រៅប្រទេស ខណៈពេលដែលទីផ្សារការងារ នៅក្នុងស្រុកនៅតូចចង្អៀត និងទទួលបានប្រាក់ឈ្នូលទាប ជាងនៅក្រៅប្រទេស៕
-------------------------------------------------
ដោយ ៖ អ៊ុំ បុរី - ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ