«ហ៊ុន សែន អើយ ចុះចេញទៅ» ឃ្លាកំពុងពេញនិយមនៃក្រុមបាតុករ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: December 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងអំឡុងពេលបាតុម្មលើកទី ៦ របស់គណបក្សសង្គ្រោះជាតិលើកនេះ មេដឹកនាំគណបក្ស បានថ្លែងសារនយោបាយសំខាន់ៗជាច្រើន ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅទីលានប្រជាធិបតេយ្យ។ នៅក្នុងចំណោមសារនយោបាយទាំងអស់នោះ សារនយោបាយមួយដែលលេចធ្លោជាងគេ និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ដែលស្រែកទាមទារមិនដាច់ពីមាត់ គឺ «ហ៊ុន សែន អើយ ...ចុះចេញទៅ !»។
ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)
ភាសាខ្មែរ - «ហ៊ុន សែន អ៊ើយ ចុះចេញទៅ! ហ៊ុន សែន អ៊ើយ ចុះចេញទៅ!» នេះគឺជាសារនយោបាយ ដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងមហាបាតុកម្មលើកទី ៦ របស់គណបក្សសង្គ្រោះជាតិ ដែលថ្លែងចេញពីបបូរម៉ាត់របស់មេដឹកនាំកំពូលៗ នៃគណបក្សសង្គ្រោះជាតិ មានលោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម។
សារនយោបាយឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងបែបនេះ ត្រូវបានផ្សព្វផ្សាយទៅកាន់ក្រុមបាតុករ ហើយពួកគេបានទទួលយកនូវសារនេះ ដោយពេញចិត្តពេញថ្លើម និងស្រែកទាមទារតាមមេដឹកនាំរបស់ខ្លួនស្ទើរមិនដាច់ពីម៉ាត់យ៉ាងខ្លាំងៗថា ហ៊ុន សែន អ៊ើយ ចុះចេញទៅ។ ជាមួយនឹងសំឡេងនៃសម្រែកនេះ ត្រូវប្រតិកម្មមកវិញពីសំណាក់ក្រុមបាតុករ ដោយទះដៃអបអរសាទរយ៉ាងទ្រហឹងអ៊ឹងអាប់ ពាសពេញទីលានប្រជាធិបតេយ្យ និងតាមដងផ្លូវមួយចំនួន ដែលក្រុមបាតុករបានដើរដង្ហែក្បួន។
កាលពីមុនពេលបោះឆ្នោតនីតិកាលទី ៥ សារនយោបាយសំខាន់ៗ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញដូចជា សារនយោបាយថា «ដូរ មិនដូរ!» ឬ«ប្តូរៗ» ឬក៏«ដូរចេញទៅៗ!»ជាដើម។ សារនយោបាយនេះ ត្រូវបានពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់គណបក្សនេះ ហើយមានពេលខ្លះអ្នកដែលមិនគាំទ្រ ក៏ទ្រាំមិនបាន ស្រែកតាមសារនយោបាយ «ដូរមិនដូរ»នេះដែរ។ ក្រុមអ្នកស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ក៏បានយកពាក្យនេះទៅ កែឆ្នៃដែរ ដូចជា៖ «មិនដូរ ម៉េចដែ?» ឬ«មិនដូរ លុះក្ស័យ»នោះជាដើម។ ពាក្យ ឬឃ្លា«ដូរមិនដូរ»នេះ ត្រូវបានគេស្គាល់ជាទូទៅថា បង្កើតឡើងដោយកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ តាំងពីលោកនៅជាប្រធានគណសិទ្ធិមនុស្សម្លេះ។
នៅពេលនេះ សារនយោបាយថ្មី គឺ«ហ៊ុន សែន អើយ ចុះចេញទៅ» បានកំពុងចូលខ្លួនមកជំនួស ហើយទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីមជ្ឈដ្ឋានទូទៅ រាប់ទាំងក្មេង សិស្ស និស្សិត បើទោះបីជាពួកគេមិនសូវជាគាំទ្រគណបក្សសង្គ្រោះជាតិ ក៏ដោយ។ សារនយោបាយនេះត្រូវបានគេដឹង ថាទំនងជាចេញពីលោក សម រង្ស៊ី និងត្រូវបានលឺបន្ទរតាមមុនគេ ដោយក្រុមអ្នកគាំទ្រ នៅក្រុងសៀមរាប-អង្គរ កាលពីទិវាសិទ្ធិមនុស្សថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនេះ។
លោកតា ម៉ៅ ជាបាតុករមកពីខេត្តកំពង់ចាម ដែលកំពុងតែស្រែកសារថា «ហ៊ុន សែន អ៊ើយចុះចេញទៅ» បានសម្តែងការពេញចិត្តចំពោះសារនេះថា ខ្លី មានន័យជ្រៅ ត្រូវចិត្ត ដែលសមនឹងការចង់បានរបស់គាត់។ លោកតា បានបន្តថា លោក ហ៊ុន សែន បើមិនព្រមបោះឆ្នោតឡើងវិញទេ ត្រូវតែចុះចេញពីតំណែងឲ្យបានឆាប់។
បាតុករមួយរូបទៀតលោក ចាន់ ជានិស្សិតនៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ ដៃកាន់ឧឃោសនស័ព្ទតូចមួយ ម៉ាតស្រែកថា «ហ៊ុន សែន អ៊ើយចុះចេញទៅ» និងមានសំឡេងបន្ទរកងរំពងនោះ បានឆ្លៀតប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា លោកពេញចិត្តនឹងសារនេះណាស់។ លោកថា មេដឹកនាំគណបក្សសង្គ្រោះជាតិ ពូកែរកសារនយោបាយ ដែលទទួលបានការចាប់អារម្មណ៍ ពីសំណាក់ក្រុមអ្នកគាំទ្រ។
យ៉ាងណាក៏ដោយជុំវិញការប្រើសារនយោបាយថា ហ៊ុន សែន អ៊ើយចុះចេញទៅ ឬដូរៗ ដែលកំពុងពេញនិយមសម្រាប់ក្រុមបាតុករគណបក្សសង្គ្រោះជាតិពេលនេះ លោក សុខ ទូច អ្នកវិភាពនយោបាយនៅក្នុងប្រទេសកម្ពុជា បានរិះគន់ថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកនេះ ឮតែថា «ហ៊ុន សែន អ៊ើយចុះចេញពីតំណែង»ប៉ុណ្ណោះ គ្មានសារអ្វីក្រៅពីនេះនោះទេ។ លោកថា មានតែសារនយោបាយឲ្យគេចុះចេញ តែគណបក្សនេះគ្មានយុត្តិសាស្រ្ត និងយន្តការច្បាស់លាស់ ដើម្បីឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងឡើយ។ លោកបន្តថា បើនៅតែបន្តរបៀបនេះ នឹងមិនអាចរកដំណោះស្រាយបាននោះទេ។
យុទ្ធសាស្ត្រនយោបាយ អាចនៅជាមន្ទិលមែនហើយ តែយ៉ាងហោចណាស់ ឃ្លាសម្ដី ដែលត្រូវបានបង្កើតចេញពីគណបក្សប្រឆាំងមួយនេះ បានធ្វើឲ្យមានភាពរស់រវើកនៃវោហាស័ព្ទនៅក្នុងភាសាខ្មែរ។ គេនឹងរងចាំរកមើល ថាតើក្រុមអ្នកគាំទ្រលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបង្កើតឃ្លាអ្វីមកស្រែក«តប»វិញ? ប៉ុន្តែបើតាមការទស្សន៍ទាយមិនខុសនោះ នឹងអាចមាននូវឃ្លាដូចយ៉ាង «ហ៊ុន សែន អ៊ើយ នៅទីនេះទេ!» ដោយសារតែកន្លងមក ការប្រកាសរបស់លោក ហ៊ុន សែន ខ្លួនឯង បានបញ្ជាក់ថានឹងនៅកាន់អំណាចរហូតដល់អាយុ ៧៤ឆ្នាំ ពោលគឺយ៉ាងហោចក៏ពីរអណត្តិទៅមុខទៀតដែរ៕
---------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ