ឥណ្ឌា តាំងបង្ហាញមហោស្រពសិល្បៈ ប្រពៃណីធំៗពីរនៅកម្ពុជា
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតនៃប្រទេសឥណ្ឌា បានសហការរៀបចំការសម្ដែងសិល្បៈរបាំប្រពៃណីឥណ្ឌា ដែលសម្ដែងដោយក្រុម កាឡាក់សាស្ត្រា នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ព្រឹត្តិការណ៍ដែលមិនធ្លាប់មាននេះ មានការរៀបចំតាំងបង្ហាញជាច្រើនដូចជា ការសម្តែងរឿង រាមាយណៈ របាំក្បាច់បុរាណ ការតាំងពិព័រណ៍រូបថត ព្រះពុទ្ធសាសនា វត្ថុបុរាណ ជាពិសេសការសូត្រធម៌ដ៍ធំបំផុតនៅក្នុងប្រទេសកម្ពុជា ។
សន្និសីទការសែត នៅស្ថានទូតនៃប្រទេសឥណ្ឌា ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ SokKheang)
មហោស្រពសិល្បៈ- ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៃស្ថានទូតប្រទេសឥណ្ឌានាថ្ងៃពុធ ទី១២ ខែកុម្ភៈកន្លងមក នៅវេលាម៉ោង១២ ថៃ្ងត្រង់ លោកឯកអគ្គរដ្ឋទូត Dinesh K. Patnaik បាននិយាយថា ប្រទេសឥណ្ឌាមានក្តីសោមនស្សរីករាយ ក្នុងការរៀបចំព្រឹត្តិការណ៍ពីរធំៗ នៅក្នុងប្រទេសកម្ពុជា៖
ព្រឹត្តិការណ៍ទីមួយ គឺជា បុណ្យព្រះពុទ្ធសាសនា មានការតាំងពិព័រណ៍ រូបចម្លាក់ រូបថតនៃវត្ថុបុរាណ របាំឡៃឡាម៉ាដែលផ្សារភ្ជាប់ ទៅនឹងជីវិតព្រះពុទ្ធ ត្រូវបានបង្ហាញ នៅតាមបណ្តោយមាត់ទន្លេ និងនៅក្នុងវត្តឧណ្ណោលោមនៅល្ងាចថៃ្ងទី ១៣ដល់១៨ ខែកុម្ភៈ ឆ្នាំ២០១៤។
ព្រឹត្តិការណ៍ ទីពីរ គឺជា របាំបុរាណដែលត្រូវបា ធ្វើឡើងនៅល្ងាចថ្ងៃទី ១៤ ដល់១៥ ខែកុម្ភៈ នៅសណ្ឋាគារ សូហ្វីតែលក្នុងក្រុងសៀមរាប និង ថ្ងៃទី ១៧ដល់ ១៩ខែកុម្ភៈដដែល នៅសាលមហោស្រពចតុមុខរាជធានីភ្នំពេញ។
លោកឯកអគ្គរដ្ឋទូត Dinesh បានអោយដឹងដែរថា មានមនុស្សជាច្រើន មានបំណងចង់ឃើញវត្ថុបុរាណព្រះពុទ្ធសាសនា នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែពេលនេះប្រទេសឥណ្ឌាបាន នាំមកនូវទស្សនីយភាពដ៍កម្រមកកាន់ប្រទេសកម្ពុជា ដើម្បីអោយទស្សនិកជនអាចមើលឃើញ និងយល់ពីតំលៃនៃព្រះពុទ្ធសាសនា វត្តអារាម និងវប្បធម៌របស់ពួកគេ។
ក្នុងអំឡុងពេលពិធីបុណ្យព្រះពុទ្ធសាសនានេះ ព្រះសង្ឃកម្ពុជាជាច្រើនមកពីវត្តផ្សេងៗគ្នា ក៏ត្រូវបានអញ្ជើញអោយចូលរួម ជាមួយសុន្ទរកថាបើកកម្មវិធី ដោយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជគណៈមហានិកាយ។
ទំនាក់ទំនង ឥណ្ឌានិងកម្ពុជា មានតាំងពីសតវត្ស ទី ៤ និង៦ ពោលគឺសាសនាហិណ្ឌូចូលមក្នុងប្រទេសកម្ពុជា ក៍ដូចជាប្រទេសដទៃទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ឯកអគ្គរដ្ឋទូតរូបបាននិយាយបន្ថែមថា នេះជាពិធីបុណ្យព្រះពុទ្ធសាសនា របស់ប្រទេសឥណ្ឌាលើកដំបូង តែនឹងមានកាន់តែច្រើនទៀត នាពេលអនាគតនៅក្នុងប្រទេសកម្ពុជា៕
-----------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៤