CCHR៖ ក្រសួងព័ត៌មាន ផ្តល់អាជ្ញាប័ណ្ណផ្សព្វផ្សាយ ផ្អែកលើនយោបាយជៀសជាងតម្លាភាព
មជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា (CCHR) បានលើកឡើងថា ក្រសួងព័ត៌មានសម្រេចផ្តល់អាជ្ញាប័ណ្ណផ្សព្វផ្សាយ ដោយផ្អែកលើការស្រុះស្រួលផ្នែកនយោបាយ ជាជាងផ្តោតសំខាន់ទៅលើ គោលការណ៍តម្លាភាព និងភាពចម្រុះ។
រូបភាពកាត់ត រវាងរូបភាព និងនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ (រូបថត Mekhea)
វិស័យព័ត៌មាន - ក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីនិយតកម្មប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពបញ្ចេញមតិ មជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា(CCHR) បានអត្ថាធិប្បាយថា ក្រសួងព័ត៌មានបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយសេរី ក្នុងការសម្រេចថា គួរផ្តល់ ឬបដិសេធ ចំពោះការទាមទារអាជ្ញាប័ណ្ណផ្សព្វផ្សាយ។
បើតាមរបាយការណ៍ការដដែលនោះ ការសម្រេចថាគួរផ្តល់ឲ្យ ឬបដិសេធ ចំពោះការស្នើសុំអាជ្ញាប័ណ្ណផ្សព្វផ្សាយ គឺផ្អែកសំខាន់ទៅលើការស្រុះស្រួលផ្នែកនយោបាយ ជៀសជាងផ្តោតទៅលើ គោលការណ៍តម្លាភាព និងភាពចម្រុះ ដែលជាផ្នែកមួយសំខាន់ ក្នុងការជំរុញលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។
ក្នុងពេលថ្មីៗនេះ ក្រសួងព័ត៌មានបានទាត់ចោលជាបន្តបន្ទាប់ ចំពោះការស្នើសុំបង្កើតហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុរបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ។ ជុំវិញការបដិសេធនេះ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបកស្រាយថា មូលហេតុមកពីវិទ្យុសំបុកឃ្មុំ វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ និងវិទ្យុសារិកាជាដើម មាននិន្នាការនយោបាយទៅរកគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ហើយបែរជាផ្សាយវាយប្រហារទៅលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទៅវិញ។
ចំពោះការលើកហេតុផលរបស់លោក ខៀវ កាញ្ញារីទ្ធ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា និងអ្នកវិភាគនយោបាយឯករាជ្យ លើកជាចម្ងល់ថា តើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បង្កើតឡើងសម្រាប់តែគាំទ្រ ទាំងចំណុចខុស និងគាំទ្រទាំងចំណុចត្រូវ របស់រដ្ឋាភិបាល ហើយបែរទៅជាវាយប្រហារលើ រាល់ចំណុចខុស និងរាល់ចំណុចត្រូវ របស់គណបក្សប្រជំទាស់ និងក្រុមអង្គការសង្គមស៊ីវិល ឬយ៉ាងណា?
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤