សហជីពកម្មករ៖ ទោះ​យ៉ាង​​ណា​​ប្រាក់​ខែរ​កម្មករ​ត្រូវ​​តម្លើង​ដល់​១៦០​ដុល្លា

កិច្ចប្រជុំត្រីភាគីរវាងតំណាងកម្មករ តំណាងក្រុមហ៊ុន និងក្រសួងការងារតំណាងឲ្យរដ្ឋាភិបាលកម្ពុជា បានប្រជុំ​ពិភាក្សា​ទៅលើការសេចក្តីព្រាងនៃរបាយការណ៍​ស្រាវជ្រាវ កំណត់អំពីតម្លៃនៃប្រាក់បៀរវត្សន៍ កម្មករនិយោជិក​នៅ​កម្ពុជា ជា​មួយបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំង១០ សម្រាប់អាណត្តិទីប្រាំ ក្នុងរយៈពេលប្រាំឆ្នាំម្តង។ លទ្ធផល​សម្រេច​នៃកិច្ចពិភាក្សាខាងលើ នឹងត្រូវធ្វើការអនុម័តនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ខាងមុខ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចប្រជុំត្រីភាគីរវាងតំណាងកម្មករ តំណាងក្រុមហ៊ុន និងក្រសួងការងារតំណាងឲ្យរដ្ឋាភិបាលកម្ពុជា បានប្រជុំ​ពិភាក្សា​ទៅលើការសេចក្តីព្រាងនៃរបាយការណ៍​ស្រាវជ្រាវ កំណត់អំពីតម្លៃនៃប្រាក់បៀរវត្សន៍ កម្មករនិយោជិក​នៅ​កម្ពុជា ជា​មួយបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំង១០ សម្រាប់អាណត្តិទីប្រាំ ក្នុងរយៈពេលប្រាំឆ្នាំម្តង។ លទ្ធផល​សម្រេច​នៃកិច្ចពិភាក្សាខាងលើ នឹងត្រូវធ្វើការអនុម័តនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ខាងមុខ។


កិច្ចប្រជុំត្រីភាគី ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៣ នៅក្រសួងការងារ។ (រូបថត MONOROOM.info/ O. Vary)

វិស័យការងារកម្ពុជា - សេចក្តីព្រាងរបាយការណ៍ នៃកិច្ចប្រជុំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នៅក្រសួងព័ត៌មាននេះ មានគោលបំណងកំណត់តម្លៃប្រាក់ខែ«អប្បរមា» សម្រាប់​កម្មករនិយោជិកក្នុងវិស័យ កាត់ដេរសម្លៀកបំណាក់ និងផលិតស្បែកជើងរយៈពេលប្រាំឆ្នាំ នៃអាណត្តិ​ទីប្រាំ​ឆ្នាំ​១០១៣-២០១៨ តាមរយៈការប្រៀបធៀប ជាមួយ​នឹង​បណ្តាប្រទេសនៃតំបន់អាស៊ាន។

កិច្ចប្រជុំនេះមិនមែន ជាការសម្រេចក្នុងការកំណត់ជាក់លាក់ លើតម្លៃនៃប្រាក់ឈ្នួលអប្បរមា របសស់កម្មករ​និយោជិក​ទេ។ លោកបន្តរថាជំនួបបីភាគីនេះក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាស្វែងរក​នូវ«សំយោគ»​មួយក្នុងការសម្រេចជាក់លាក់នូវប្រាក់ឈ្នួលអប្បរមា របស់កម្មករនិយោជិក ហើយនឹងលើកយកមកអនុម័ត​ជា​ផ្លូវការនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង។

ក្នុងអង្គប្រជុំដែលមានភាគីទាំងបីរដ្ឋាភិបាលក្រុមហ៊ុន សហជីព ក្រោយបីបានធ្វើនូវរបាយការណ៍សង្ខេបមួយ ស្តី​ពី​ការរតម្លើងប្រាក់ឈ្នួលសម្រាប់កម្មករ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨នោះ រដ្ឋលេខាធិការ​ក្រសួង​​សង្គមកិច្ច អតីត​យុទ្ធជន និងយុវនិតិសម្បទា លោក ឃួន រ៉ានីន បានបង្ហាញពីរបាយការណ៍ស្រាវជ្រាវរបស់ក្រុមការងារ (ត្រីភាគ) ទៅ​លើតម្លៃនៃប្រាក់បៀវត្យអប្បរមា ដែលនឹងត្រូវអនុម័តមានបីជម្រើស។ ទីមួយ ការកំណត់អាត្រាឡើង​រួមជា​រយៈ​ពេល​ប្រាំឆ្នាំ(២០១៤-២០១៨) និងធ្វើការបែងចែករកលទ្ធផល មកធ្វើការបែងចែកគិតជាភាគរយ​ប្រចាំឆ្នាំនីមួយៗ (ឧទាហរណ៍៖ តម្លៃឈ្នួល៨០ដុល្លាក្នុងឆ្នាំ២០១៤ និងឆ្នាំបន្តរបន្ទាប់ត្រូវថែមចំនួន១៦ដុល្លា រហូតដល់ឆ្នាំ២០១៨)។ ទីពីរ ការកំណត់តំឡើងប្រាក់ឈ្នួលជាសន្ទស្សន៍រួម ក្នុងរយៈពេលប្រាំឆ្នាំ នៃប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០១៤ ពី​៨០ដុល្លាឆ្នាំ២០១៤ ដល់១៦០ដុល្លាឆ្នាំ២០១៨ (ឧទាហរណ៍៖ត្រូវគិតបន្ថែមជាភាគរយ២០ភាគរយ នៃប្រាប់ខែ៨០ ដុល្លា ក្នុងឆ្នាំ២០១៣)។ ទីបី អាចតម្លើងប្រាក់ខែក្នុងកំរិតមួយរយភាគរយ គឺ១៦០ដុល្លា នៃឆ្នាំដំបូង និងពិភាគ្សា​ជា​បន្ត​សម្រាប់ឆ្នាំបន្ទាប់ ។

ទោះយ៉ាងណាក៏ដោយ ជម្រើសទាំងបីខាងលើ ទីមួយ និងទីបពីរនៅមិនទាន់មានលក្ខខណៈគ្រប់គ្រាន់ ដើម្បីផ្តល់​លក្ខណៈមួយសមរម្យសម្រាប់ជីវភាព របស់កម្មករនៅឡើយ។ ឯជម្រើសទីបី​ ក៏ត្រូវបានពិចារណា​ទទួល​យក​ដោយ​លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ព្រោះលោកបានយល់ឃើញថា ជា​ជម្រើសមួយដែលអាចឲ្យកម្មករ រស់នៅក្នុងជីវភាពសមរម្យ និងថ្លៃថ្នូរ។ តែលោកក៏បានបន្ថែមថា បើករណីនេះ​ត្រូវ​បានសម្រេចជាផ្លូវការនោះ លោកក៏សូមឲ្យរាជរដ្ឋាភិបាលធ្វើយ៉ាងណា«ទប់»នូវតម្លៃទំនិញលើទីផ្សារមិនឲ្យឡើង បើអាចធ្វើទៅបាន សូមឲ្យទំនិញលើទីផ្សារចុះថ្លៃបន្តិចកាន់តែប្រសើរ។

លោកថា ខាងសហជីពរបស់លោក ដែលមានសមាជិកជាង២០០សហជីពនោះ មានគោលការណ៍រួមមួយ ដោយ​កំណត់យក ១៥៤ដុល្លាយ៉ាងតិចក្នុងមួយខែ ព្រោះថា «ប្រាក់ខែគោលបច្ចុប្បន្នដែលកម្មករទទួលបាន ត្រឹមតែ៨០​ដុល្លា មិនអាចឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារបានឡើយ។ (…) និងមិនបានធានា ដល់ការរស់នៅរបស់ពួកគាត់​ប្រចាំថ្ងៃ ក្នុងការរក្សានូវកម្លាំងកម្មករជំនាញឡើយ។ ដូច្នេះទាមទាឲ្យពួកគាត់បង្ខំចិត្តថែមម៉ោង ដើម្បីស្វែងរកប្រាក់​កម្រៃបន្ថែម។ (…) តែបើមិនបានប្រាក់ខែមួយ ដែលឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារទេ អាចនាំឲ្យពួកគាត់ធ្វើការ​ចំណាកស្រុក ទៅក្រៅប្រទេសទាំងប្រថុយប្រថាន ដែលជាបញ្ហាមួយទៀតនឹងត្រូវប្រឈមមុខ និងដោះស្រាយ។»


កិច្ចប្រជុំត្រីភាគី ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៣ នៅក្រសួងការងារ។ (រូបថត MONOROOM.info/ O. Vary)

ជាមួយគ្នានេះ លោក កេន ដូ (Kendo) តំណាងឲ្យក្រុមហ៊ុនកាត់ដេរបានបន្ថែមថា លោកចង់ឲ្យមាន​ការតម្លើង​ប្រាក់​ឈ្នួលសម្រាប់ឆ្នាំ២០១៣ និង២០១៤ មានលក្ខណៈតិចតួចសិន។ ដល់ឆ្នាំបន្តបន្ទាប់ ចាំតម្លើងរយកច្រើន​ជារួម​តែម្តង។ លោកពន្យល់ថា ធ្វើដូចនេះអាចឲ្យក្រុមហ៊ុន មានលទ្ធភាពក្នុងការឈរជើង (រឹងដៃជើង) គ្រប់គ្រាន់សិន។ បន្ថែមលើនេះ លោក គឹម សាន តំណាងក្រុមហ៊ុនកាត់ដេរនៅកម្ពុជា ក៏បានស្នើរឲ្យមានការកំណត់​ នៃការតម្លើង​ប្រាក់ខែ ទៅតាមផលិតផលដែលកម្មករនិយោជិកទាំងនោះផលិតបាន ដែលលោកចាត់ទុកថាជាការស្មើភាព និង​យុត្តិធម៌។

ដោយឡែកលោក សោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា (CCNU) ក៏បានបង្ហាញនូវការព្រួយបារម្មណ៍ ចំពោះការទាមទានូវប្រាក់ឈ្នូលខ្លាំងហូសហេតុពេក អាចធ្ចើឲ្យអ្នកវិនោយោគនឹងអាចដកទុនចេញពីកម្ពុជាវិញ។ លោកបានបន្តរថា ពេលនោះនឹងមានការខាតបង់ទាំងអស់គ្នាទាំងរដ្ឋាភិបាល ទាំងក្រុមហ៊ុន ពិសេសខាងកម្មករ​និយោជិកតែម្តង។ លោកចង់ឲ្យមានការពិភាក្សាដ៏ពិតប្រាកដមួយ ដោយឈរលើការឯកភាពទាំងបីភាគី ក្នុងការ​ស្វែងរកដំណោះស្រាយរួមមួយ។ លោកបានបន្ថែមថា ជាគោលការនៃការតម្លើងថ្លៃឈ្នួលនេះ លោកចង់ឲ្យមាន​ការតម្លើងមួយឆ្នាំម្តងៗ រហូតដល់គ្រប់ចំនួនមួយដែលចង់បាន។ «ខ្ញុំកំពុងតែគិតថា តើត្រូវតម្លើងប៉ុន្មាន បើតម្លើង​ខ្ពស់ពេក គាត់(ក្រុមហ៊ុន)អត់អាចរកស៊ីបាន នោះគាត់ដកហើយ។ ព្រោះក្រុមហ៊ុនមិនមែនជារបស់រដ្ឋទេ ជារបស់​ឯកជន។ ដូច្នេះគាត់(ក្រុមហ៊ុន)មានជម្រើសច្រើនណាស់ ទៅប្រទេសណាដែលគាត់អាចគិតថា មានអំណោយផល​ជាងប្រទេសយើង។ ជាគោលការណ៍ត្រូវតែតម្លើង។»

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានបញ្ជាក់ថាក្រោយបញ្ចប់កិច្ចប្រជុំថា ជា​សរុបនៃរបាយការណ៍ប្រជុំ ក្នុងនោះមានរូបមន្ត (ជម្រើស) បីយ៉ាង ដែលបានស្រាវជ្រាវរួចមក​ហើយនោះ​នឹងឈាន​ទៅដល់១៦០ដុល្លា។ លោកបានបន្តរថាក្នុងនោះក៏ជម្រើសពីរទៀត មួយស្នើដោយសហជីព និងមួយទៀត​ស្នើ​ដោយក្រុមហ៊ុន ដែលមិនទាន់បានកំណត់នូវតួលេខនៃប្រាក់បៀរវត្យជាក់លាក់នៅឡើយ។ លោកបញ្ជាក់ថា «កិច្ច​ប្រជុំនេះមានលក្ខណៈបច្ចេកទេស និងស្ងាបនា ដែលមានការយោគយល់គ្នារវាងភាគីដែលពាក់ព័ន្ធទាំងអស់ ក្នុង​ការតម្លើងប្រាក់ឈ្នួលនេះ។ (…) អ្នកណាក៍ចង់ឲ្យមានប្រាក់ឈ្នួលល្អដែរ ជីវភាពកម្មករក៏ល្អប្រសើរ ផលិតកម្ម​ក៏ល្អ​ដែរ នោះកំណើនសេដ្ខកិច្ចរបស់ប្រទេសយើង ក៏ល្អទៅតាមនោះដែរ៕»

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...