នាឡិកាដៃ «ស៊ាំស្ស៊ុង ហ្គាឡាក់ស៊ីហ្គៀ» មាន៥ពណ៌
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្វីដែលយើងធ្លាប់លឺតាមពាក្យចចាមអារ៉ាមកន្លងមក ក្រុមហ៊ុនស៊ាំស្ស៊ុង (Samsung) កំពុងតែខិតខំផលិតនូវនាឡិកាដៃវ៉ៃឆ្លាតថ្មី (smartwatch) ហើយពួកគេនឹងត្រៀមប្រកាស នៅក្នុងព្រឹត្តិណ៏បង្ហាញផលិតផលបច្ចេកវិទ្យាដ៏ធំ នាទីក្រុងបឺលីន (Berlin) ប្រទេសអាឡឺម៉ង់ នៅថ្ងៃទី០៤ ខែកញ្ញាខាងមុខ។
ការតាំងបង្ហាញជាផ្លូវការ នូវផលិតផលនាឡិការថ្មីរបស់សាមស៊ុង។ (រូបថត ក្រុមហ៊ុន)
នាឡិកាដៃវ៉ៃឆ្លាតស៊េរីថ្មីនេះ មានឈ្មោះថា «ហ្គាឡាក់ស៊ីហ្គៀ» (Galaxy Gear) ហើយវានឹងចេញមកជាមួយនឹង ៥ពណ៌ប្លែកៗពីគ្នា។
តាមសេចក្តីរាយការណ៏ពី សាំម៉ូប៊ែល (SamMobile) បានឲ្យដឹងថានាឡិកាដៃ ស៊ាំស្ស៊ុង ហ្គាឡាក់ស៊ីហ្គៀ នឹងមានពណ៌ស, ទឹកក្រូច, ប្រផេះ នឹងពណ៌ខ្មៅ។ ហើយក្រុមហ៊ុនស៊ាំស្ស៊ុង គ្រោងនឹងចេញនូវពណ៌មាស ១ពណ៌ទៀតនៅពេលក្រោយ។
ចំពោះលក្ខណៈសម្បត្តិរបស់វាលំអិតយ៉ាងណានោះ មិនទាន់ប្រាកដនៅឡើយទេ ប៉ុន្តែអ្នកវិភាគអាចព្យាករណ៏បានខ្លះថា វាអាចចាប់យករូបភាព បានដោយលាក់ការសម្ងាត់ ដោយមិនចាំបាច់បើក ឬកាន់ទូរស័ព្ទដៃ។ ហើយវានឹងភ្ជាប់ទំនាក់ទំនងទៅនឹងប្រភេទទូរស័ព្ទដៃវ៉ៃឆ្លាត ស៊េរី ស៊ាំស្ស៊ុងណាមួយ។ នៅពេលពេលដែលមានការហៅចូល វានឹងលោតសញ្ញាប្រាប់ដល់នាឡិកានៅលើករដៃរបស់អ្នក ហើយអ្នកក៏អាចធ្វើការសន្ទនា តាមរយះនាឡិកាដៃនោះបានផងដែរ។
រីឯការរចនារបស់វា បើមើលទៅតាមរូបភាពដែលធ្លាប់លេចធ្លាយតាមគេហទំព័រកន្លងមក ឃើញថា ស៊ាំស្ស៊ុងបានធ្វើការរចនាឡើងយ៉ាងទាន់សម័យបំផុត។ វាមានអេក្រង់ទំហំ ១.៦៧អ៊ីញ ជាប្រភេទចុចលើអេក្រង់ផ្ទាល់ និងអាចបង្ហាញរូបភាបាន ៣២០ X ៣២០ភិចស្យ៊ែល។
លក្ខណៈសម្បត្តិរបស់វាសំខាន់ៗមួយចំនួនទៀតមានដូចជា៖ ម៉ាស៊ីន (CPU) ប្រភេទ ស៊ាំស្ស៊ុង អ៊ិចស៊ីណូស (Samsung Exynos), អង់ចងចាំ (RAM) ទំហំ១ជីហ្គាបៃ និងមានកាមេរ៉ាផ្ទាល់ខ្លួនទំហំ ២ម៉េហ្គាភិចស្យ៊ែល។
ស៊ាំស្ស៊ុង ហ្គាឡាក់ស៊ីហ្គៀ នឹងចរាចរណ៏លើទីផ្សារនៅចុងខែសីហា ឬនៅដើមខែតុលាខាងមុខ។ យើងនឹងដឹងបន្ថែមទៀតពីតម្លៃ និងពត៌មានលំអិតផ្សេងៗទៀត នៅពេលដែលក្រុមហ៊ុនប្រកាសជាផ្លូវការ នៅថ្ងៃទី០៤ ខែកញ្ញា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ