ដេវីដ ម៉យ៖ រ៉ូនី នឹងអាចចូលលេង ពេលម៉ែនញូជួបឆែលស៊ី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) បាននិយាយថា វ៉ែន រ៉ូនី (Wayne Rooney) អាចនឹងចូលលេងក្នុងការប្រកួតព្រីមែលីក (Premier League) ខណៈដែលម៉ែនញូ នឹងប៉ះក្រុមឆែលស៊ី (Chelsea) នៅថ្ងៃច័ន្ទ បើទោះបីជា ក្លិបតោខៀវ កំពុងតែចង់ទិញខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះក៏ដោយ។
កីឡាករ វែន រ៉ូនី អង្គុយនៅរោងកីឡាករបម្រុង។ (រូបថត Michael Steele/Getty Images)
រ៉ូនី វ័យ២៧ឆ្នាំ បានចូលលេងបានកន្លះម៉ោង ក្នុងការប្រកួតបើកឆាករដូវកាលឈ្នះក្រុមស្វានស៊ី (Swansea) ៤-១ កាលពីចុងសប្តាហ៏មុន បន្ទាប់ពីវិលត្រឡប់ពីរបួសស្មាររួចមក។
ប៉ុន្តែគាត់ជាគោលដៅមួយសម្រាប់ក្រុមឆែលស៊ី ខណៈដែលក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏ បានដេញថ្លៃចំនួន២លើករួចមកហើយ ហើយពួកគេនឹងដេញថ្លៃលើកទី៣បន្តទៀត បន្ទាប់ពីការប្រកួតជំនួបគ្នា (ម៉ែនញូប៉ះឆែលស៊ី) នៅថ្ងៃច័ន្ទ។
លោកដេវីដ ម៉យ បាននិយាយថា៖ «វ៉ែន រ៉ូនី បានជាសាសស្បើយពីរបួសអស់ហើយ ហើយគាត់មានឱកាសល្អ ក្នុងការចាប់់ផ្តើមចូលលេងបាន។»
រ៉ូនី ដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោកដេវីដ ម៉យនៅក្រុមអេវើតុន (Everton) កំពុងតែចង់ចាកចេញពីកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ប៉ុន្តែគ្រូបង្វឹកសញ្ជាតិស្កុតឡែន បាននិយាយថា ខ្សែប្រយុទ្ធរូបនេះ មិនមែនសម្រាប់លក់នោះទេ។
អតីតគ្រូបង្វឹកក្រុមអេវើតុន ក៏បាននិយាយដែរ កាលពីថ្ងៃសុក្រកន្លងទៅ ដោយគាត់និយាយថា គាត់ត្រូវការទិញកីឡាករថ្មីបន្ថែមទៀត ប៉ុន្តែមិនមានសម្ពាធក្នុងទីផ្សារដោះដូរកីឡាករ ដែលនឹងជិតបិទ នៅថ្ងៃទី០២ ខែកញ្ញានេះទេ។
លោកម៉យ មិនទាន់បានទិញចូលកីឡាករណាមួយសំខាន់នៅឡើយទេ បន្ទាប់ពីបរាជ័យក្នុងការដេញថ្លៃសម្រាប់កីឡាករបាសេឡូណា (Barcelona) ទីយ៉ាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) និងកីឡាករសែស ហ្វាប្រេហ្គាស (Cesc Fabregas) ខណៈដែលកីឡាករ ឡៃតុន បែន (Leighton Baines) និងកីឡាករម៉ារ៉ូណេ ហ្វេឡៃនី (Marouane Fellaini) ក៏ត្រូវបានក្រុមអេវើតុន ធ្វើការបដិសេធ មិនព្រមលក់ថែមទៀត៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ