ទេព នីថា៖ បើកកញ្ចប់សុវត្ថិភាព«ក»តាមសេចក្ដីសម្រេច តែមិនអនុវត្តន៍លើសទេ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ កញ្ចប់សុវត្ថិភាព «ក» នឹងត្រូវបើកសម្រាប់ធ្វើការផ្ទៀងផ្ទាត់ លើបណ្តឹងតវ៉ាពីលទ្ធផលបណ្តោះអាសន្នផ្លូវការ នៃការបោះឆ្នោតនីតិលកាលទីប្រាំ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមក ក្នុងខេត្តក្រចេះជាលើកដំបូង លើការិយាល័យចំនួន១៣ នៃឃុំស្វាយជ្រះ នាថ្ងៃអាទិត្យទី២៥ ខែសីហានេះនាទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)
តាមសេចក្តីសម្រេចចុះថ្ងៃទី២៣ ខែសីហា របស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបញ្ជាក់ថា«ប្រញាប់បំផុត» បានបង្គាប់ឲ្យគ.ជ.ប.បើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីធ្វើការផ្ទៀងផ្ទាត់លើការិយាល័យបោះឆ្នោត ចំនួន១៣ការិយាល័យ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះ។ ក្នុងសេចក្តីសម្រេចនេះ ក៏បានបង្គាប់ឲ្យគ.ជ.ប ធ្វើការបើកនូវកញ្ចប់សុវត្ថិភាព«ក»នេះ នៅថ្ងៃទី២៥ ខែសីហា វេលាម៉ោង៨ព្រឹក នៅទីស្តីការគ.ជ.ប។
ការឆ្លើយតបនេះ បន្ទាប់ពីមានបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ប្ដឹងទៅ គ.ជ.ប និងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីទាមទារឲ្យមានផ្ទៀងផ្ទាត់ នូវលទ្ធផលបោះឆ្នោត តាមការិយាល័យមួយចំនួន ក្នុងខេត្តនានាដែលបានរកឃើញថា មានភាពមិនប្រក្រតីនានា តួយ៉ាងដូចជាការការចម្លងលទ្ធផលខុស ឬការកោសលុបលើឯកសារនៃការបោះឆ្នោតជាដើម។
«គ.ជ.ប មិនអាចអនុវត្តន៍លើសពីសេចក្ដីសម្រេច ...»
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា គ.ជ.ប នឹងធ្វើការបើកកញ្ចប់សុវត្ថិភាព«ក» ខេត្តក្រចេះលើការិយាល័យចំនួន១៣ នៃឃុំស្វាយជ្រះ ដែលមានភាពចម្រូងចម្រាស់ខ្លាំង។ លោកបន្តរថា «ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេចឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព “ក” នៅខេត្តក្រចេះ ដែលជាផ្នែកមួយនៃជំហានដំបូង ក្នុងការផ្ទៀងផ្ទាត់លើលទ្ធផល នៃការបោះឆ្នោតនាពេលកន្លងមក»។ លោកបានបញ្ជាក់ជាចុងក្រោយថាគ.ជ.ប «មិនអាច»អនុវត្តន៍លើសពីសេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញនូវជំនឿថា ក្រុមប្រឹក្សាធម្មនុញ្ញ និងពិនិត្យដោះស្រាយពាក្យបណណ្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ន របស់គណបក្សសង្គ្រោះជាតិ ដោយតម្លាភាព យុត្តិធម៌និងការទទួលខុសត្រូវខ្ពស់។
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ទទួលបន្ទុកកិច្ចការបោះឆ្នោត បង្ហាញភាពមិនប្រក្រតីលោក គួយ ប៊ុនរឿន បានឲ្យទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ដឹងថាការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលតម្រូវឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព«ក» មានលក្ខណៈវិជ្ជមាន ឈានទៅមុខ។លោកក៏បានបង្ហាញនូវមោទនភាពផងដែរ ចំពោះបណ្តឹងមួយចំនួន ដែលត្រូវបានបដិសេធចោលដោយ គ.ជ.ប តែក្រុមប្រឹក្សាធម្មនុញ្ញសម្រេចលើកយកមកចាត់ការ ព្រមទាំងតម្រូវឲ្យគ.ជ.ប បើកនូវកញ្ចប់សុវត្ថិភាព«ក» នោះទៀតផង។ មន្រ្តីជាន់ខ្ពស់បន្តរថា «ចង់មិនចង់ វាបង្ហាញថា គ.ជ.ប មិនបានគោរពទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដែលត្រូវដោះស្រាយលើពាក្យបណ្តឹងនោះទេ»។
លោកស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ បើកកញ្ចប់សុវត្ថិភាព«ក»នោះ ឲ្យបានច្រើនទៅតាមពាក្យបណ្តឹង ដែលស្នើទៅនោះ ជៀសវាងការបើកមួយខេត្ត នឹងធ្វើការវាយតម្លៃសរុបទាំងអស់ (គ្រប់ខេត្តតាមបណ្តឹង)។ «បើកតែ១៣ការិយាល័យនៅក្រចេះ ហើយធ្វើសេចក្តីសន្និដ្ឋាន មិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត ឬមិនប៉ះពាល់ដល់ការបែងចែកអសនៈ ដោយចាត់ទុកថាការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះមិនអាចទទួលយកបានទេ ព្រោះការិយាល័យទាំងអស់ មានចំនួនជិតពីរម៉ឺនការិយាល័យ។»
ជាមួយគ្នានេះទាំងអង្គការជាតិ និងអន្តរជាតិក៏បានចូលរួមគាំទ្រចំពោះការសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការចង្អុលឲ្យ គ.ជ.ប បើកនូវកញ្ចប់សុវត្ថិភាព«ក» នេះ។ នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោកគល់ បញ្ញា បញ្ជាក់ថា ដោយខ្លីថា «គួរតែបើកកញ្ចប់សុវត្ថិភាព “ក”នេះនៅទូទាំងប្រទេស ដើម្បីបង្ហាញពីតម្លាភាព»។ បើបើកបានគ្រប់ពាក្យបណ្តឹង និងធ្វើការផ្ទៀងផ្ទាត់មើលពីលទ្ធផល និងពិនិត្យពីបញ្ហាដែលទាក់ទងនឹងលទ្ធផលបោះឆ្នោត និងឯកសារនានា នៅក្នុងកញ្ចប់សុវត្ថិភាព«ក»ដូចជា ឯកសារបញ្ជាក់ពីចំនូនសម្លេងឆ្នោត, បញ្ជីឈ្មោះបោះឆ្នោតជាដើម។
ជាទូទៅក្រុមប្រឹក្សាធម្មនុញ្ញ តែងតែធ្វើការសម្រេចសេចក្តីនានាដោយ«បិទទ្វា»។ ជាមួយគ្នានេះដែរ ក្នុងសេចក្តីសម្រេចចុះថ្ងៃទី២៣ ខែសីហា របស់ក្រុមប្រឹក្សាធម្មនុញ្ញ ស្តីពីការបើកកញ្ចប់សុវត្ថិភាព«ក» នេះ មិនបានបញ្ជាក់ចំពោះវត្តមានអង្គការជាតិអន្តរជាតិ និងអ្នកសង្កេតការណ៍ រួមទាំងអ្នកសារព័ត៌មានចូលរួមនោះទេ តែបានប្រាប់ថានឹង ចាត់តំណាងរបស់ខ្លួនឲ្យចូលរួមក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតនេះដែរ។ តែទោះជាយ៉ាងណាក៏ដោយ តាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះថ្ងៃទី២៣ ខែសីហា ក៏បានអញ្ជើញដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ដើម្បីចូលរួមក្នុងការផ្ទៀងផ្ទាត់នេះ។
«...វាយតម្លៃលើកញ្ចប់នោះ ថាតើពិតជាបានវេចខ្ចប់ មកពីការិយាល័យនីមួយៗឬយ៉ាងណា?»
លោកគួយ ប៊ុនរឿន បន្ថែមថា ការស្នើសុំឲ្យមានការបើកនេះដោយសារតែ លទ្ធផលដែលទទួលបានពីការិយាល័យ ហើយមកផ្ទៀងផ្ទាត់ នឹងលទ្ធផលដែលគ.ជ.បប្រកាសនោះ មានលក្ខណៈខុសគ្នា។ «ត្រូវរកប្រភពដើម តើតួលេខមួយណាដែលត្រឹមត្រូវពិតប្រាកដ និងតួលេខមយយណាដែលប៉ះពាល់ដល់លទិ្ធផលបោះឆ្នោត។ (…) ការបើកកញ្ចប់សុវត្ថិភាពនេះ បង្ហាញពីតម្លាភាព ការទទួលខុសត្រូវ ហើយនឹងជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ មតិជាតិ និងអន្តរជាតិ។ (…) អ្នកឈ្នះឈ្នះដោយកិត្តិយស ឯអ្នកចាញ់ចាញ់ដោយអស់ចិត្ត។»
លោកបន្ត ក៏បានបង្ហាញនូវការសង្ឃឹមយ៉ាងមុតមាំថា ចំពោះកញ្ចប់សុវត្ថិភាព«ក» ជាកញ្ចប់មួយដែលបានវេចខ្ចប់យ៉ាងត្រូវនៅតាមការិយាល័យនីមួយៗ ក្រោយការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនោះ។«ស្អែកយើងនឹងពិនិត្យមើល នឹងធ្វើការវាយតម្លៃលើកញ្ចប់នោះ ថាតើពិតជាបានវេចខ្ចប់ មកពីការិយាល័យនីមួយៗឬយ៉ាងណា?»
សូមរម្លឹកថាសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថាបណ្តឹងចំនួន២៤ ក្នុងចំណោម៣៩បណ្តឹង ដែលដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានដោះស្រាយចប់ ហើយមានតែបណ្តឹង១៥ ប៉ុណ្ណោះដែលទាក់ទងទៅនឹងការតវ៉ា ចំពោះលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។
ក្នុងកញ្ចប់សុវត្ថិភាព«ក» រួមមាននូវឯកសារដើមពីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នីមួយៗ មានដូចជាទម្រង់បែបទលេខ ១១០១, ១១០២ និង១១០៨, បញ្ជីបោះឆ្នោតដែលត្រូវបានប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោត, ត្រាសម្ងាត់, សន្លឹកឆ្នោតខូច, សន្លឹកឆ្នោតដែលមិនបានប្រើប្រាស់, គល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើរួច, សន្លឹកឆ្នោតបានការ, សន្លឹកឆ្នោតមិនបានការ និងផ្ទាំងក្រដាសធំៗ សម្រាប់កត់ត្រាសំឡេងឆ្នោត៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៤ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ