ឃោសនា​បញ្ចប់៖ CNRP និង CPP ជួបជុំអ្នកគាំទ្ររួច​ដង្ហែ​លើ​វិថី​ធំៗ​នៅ​ភ្នំពេញ

នៅថ្ងៃបញ្ចប់ នៃការឃោសនាបោះឆ្នោត ថ្ងៃទី២ ខែមិថុនាស្អែកនេះ គណបក្សប្រជាជនកម្ពុជា នឹងជួបជុំគ្នានៅលើវិថី ៦០ម៉ែត្រ និងធ្វើការដង្ហែក្បួន នៅតាមមហាវិថីសំខាន់ៗ ពាសពេញរាជធានីភ្នំពេញ ក្នុងវេលាពេលព្រឹក។ ចំណែកឯគណបក្សសង្គ្រោះជាតិវិញ បានសម្រេចជួបជុំសមាជិក និងអ្នកគំាទ្ររបស់ខ្លួន នៅខាងមុខវត្តពោធិយារាម ហៅវត្តចាស់​ មុននឹងធ្វើការដង្ហែក្បួន នៅតាមដងមហាវិថីដ៏សំខាន់ៗ នៅវេលាពេលរសៀល។
ឃោសនា​បញ្ចប់៖ CNRP និង CPP ជួបជុំអ្នកគាំទ្ររួច​ដង្ហែ​លើ​វិថី​ធំៗ​នៅ​ភ្នំពេញ
លោក កឹម សុខា ចាប់ដៃលោក ហ៊ុន សែន (រូបថតជួរខាងមុខ) នៅក្រោយជំនួបថ្ងៃទី ២២កក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 01, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈអាជ្ញាធររាជធានីភ្នំពេញ មិនឲ្យធ្វើការជួបជុំសមាជិក និងអ្នកគាំទ្រ នៅលើទីលានប្រជាធិបតេយ្យ (ជិតស្ថាន​ទូតអាមេរិក) គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា បានសម្រេចធ្វើការជួបជុំ ដើម្បីថ្ងៃឃោសនាបញ្ចប់នេះ នៅខាងមុខវត្តពោធិយារាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ចាប់តាំងពីម៉ោង៧ព្រឹកតទៅវិញ។ បន្ទាប់មក នៅវេលាម៉ោង២រសៀល គណបក្សនេះនឹងដង្ហែក្បួនឃោសនា របស់ផងខ្លួន នៅតាមដងមហាវិថីធំៗ នៅពាសពេញរាជធានីភ្នំពេញ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់គណបក្សប្រឆាំង ដែលត្រូវបានចេញផ្សាយ នៅថ្ងៃទី១ ខែមិថុនានេះ។

មន្ត្រីគណបក្សបានថ្លែងឲ្យដឹង ជាមួយនឹងផែនទីតម្រាយផ្លូវ (ខាងក្រោមនេះ) ថាលោក កឹម សុខា នឹងដឹកនាំក្បួនដង្ហែនោះ ហើយលោកនឹងថ្លែងសារ ស្ដីពីគោលនយោបាយប្រាំចំណុច របស់គណបក្ស សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នេះ ទៅកាន់អ្នកចូលរួមដង្ហែក្បួន ដែលមានប្រមាណជា ១០ម៉ឺននាក់។

ដោយឡែក សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចវិញ បានអះអាងថា នឹងធ្វើការជួបជុំគ្នា ជាមួយនឹងវត្តមានរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្ស នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ នៅពេលព្រឹក មុននឹងធ្វើការដង្ហែក្បួន នៅតាមដងមហាវិថីដ៏សំខាន់ៗ ដូចគ្នាដែរ នៅពាសពេញរាជធានីភ្នំពេញ។ មន្ត្រីគណបក្សបានអះអាង ពីចំនួនអ្នកចូលរួម ថាមានប្រមាណជា ១៥ម៉ឺននាក់។

សេចក្ដីជូនដំណឹងមួយ របស់សាលារាជធានី បានឲ្យដឹងថា ក្បួនដង្ហែឃោសនាថ្ងៃចុងបញ្ចប់ របស់គណបក្សកាន់អំណាច នឹងកាត់តាមមហាវិថីព្រះមុនីវង្ស​ រហូតដល់រង្វង់មូលជ្រោយ ចង្វារត្រើយ​ខាង​លិច​ (រង្វង់​មូល​គួច​កាណុង​) ប​ទឆ្វេងតាមផ្លូវលេខ៧០, ២៧៣ ,៥១៦ និងផ្លូវ​២៨៩ រួចបន្តដំណើរទៅស្ពានអាកាស៥មករា ឆ្លងកាត់មហាវិថីម៉ៅសេទុង ដល់ស្តុបទេពផន បត់ទៅផ្លូវ១៨២ និងបត់​ឆ្វេង​ទៅផ្លូវ២៧១ ដល់ស្ពានស្ទឹងមានជ័យ បត់​ទៅផ្លូវ​វេងស្រេងឆ្ពោះទៅ​រង្វង់​មូល​ចោមចៅ រួច​រំសាយ​ទៅ​​វិញ​។

លោក ម៉េត មាសភក្តី​ អ្នកនំាពាក្យសាលារាជធានីភ្នំពេញ បានថ្លែងឲ្យដឹង សាលារាជធានី បានសម្រេចឲ្យគណបក្សធំទាំងពីរ​ជួបជុំគ្នា និងហែក្បួនទៅទីតំាងផ្សេងគ្នានោះ ដោយហេតុដើម្បី​ការពារ កុំឲ្យក្បួននទំាងពីរប៉ះទង្គិចគ្នា​ ជាពិសេស​ការពារ​​សុវត្ថិភាព សម្រាប់​អ្នកចូលរួម។ លោកសង្ឃឹមថា យុទ្ធនាការឃោសនាបោះឆ្នោតបិទបញ្ចប់ នៅថ្ងៃស្អែកនេះ មិនបង្កឲ្យមានបញ្ហា មិនប្រក្រតីកើតឡើងនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...