ឡេណូវ៉ូ ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីសាមស៊្សុង និងអ័បផល
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាជីវកម្មទូរស័ព្ទដៃវ៉ៃឆ្លាត របស់ក្រុមហ៊ុន ឡេណូវ៉ូ (Lenovo) កាន់តែមានភាពរីកចំរើនខ្លាំងឡើងៗ ខណៈដែលមាន កំណើនរហូតដល់ ១៣១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមការស្រាវជ្រាវចុងក្រោយបង្អស់មកពីប្រភពកាណាឡាយ (Canalys) បានឲ្យដឹងថា ក្រុមហ៊ុនចិន ឡេណូវ៉ូ ជាក្រុមហ៊ុនធំលំដាប់ទី៣ នៅលើពិភពលោកនាពេលបច្ចុប្បន្ន។
ទូរស័ព្ទទំនើបមួយរបស់ឡេណូវ៉ូ។ (រូបថត digitaltrends.com)
ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំមួយនេះ បានលក់ចេញទូរស័ព្ទដៃស៊េរីទំនើបៗបាន ១១.៣លានគ្រឿង ខណៈដែលក្រុមហ៊ុន អ័បផល (Apple) ចំណាត់ថ្នាក់លេខ២ លក់បាន ៣១លានគ្រឿង និងចំណាត់ថ្នាក់លេខ១ ក្រុមស៊ាំស្ស៊ុង (Samsung) លក់ បានច្រើនដាច់គេ រហូតដល់ ៧៥.៦លានគ្រឿងនៅលើពិភពលោក។
នៅក្នុងប្រទេសចិន ឡេណូវ៉ូបានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំលំដាប់ទី២ បន្ទាប់ពីមានអ្នកប្រើប្រាស់ ទូរស័ព្ទដៃវ៉ៃឆ្លាតដល់ទៅ ១០.៨លានគ្រឿងប្រចាំតំបន់ ដែលស្មើនឹង ៩៥ភាគរយ នៃចំនួនលក់ចេញសរុប។
ទោះជាយ៉ាងណា ឡេណូវ៉ូពុំទាន់បង្ហាញខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅឡើយទេ ប៉ុន្តែបន្ទាប់ពីមានភាពជោគជ័យខ្លាំងនៅប្រទេសរបស់ខ្លួន (ចិន) ក្រុមហ៊ុនមួយនេះ អាចនឹងពង្រីកទីផ្សារថែមទៀត ក្នុងពេលឆាប់ៗ។ ហើយបច្ចុប្បន្នក្រុមហ៊ុនឡេណូវ៉ូ ក៏ជាដៃគូដ៏ធំ ជាមួយនឹងក្រុមហ៊ុនអេចធីស៊ី (HTC) ផងដែរ។
ក្រុមហ៊ុនអេចធីស៊ីរបស់តៃវ៉ាន់ ត្រូវបានគេដឹងថា ជាក្រុមហ៊ុនមួយដែលមានទំនាក់ទំនងយ៉ាងល្អបំផុត ប្រចាំនៅតំបន់អ៊ឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ឡេណូវ៉ូ បានរាយការណ៏ថា ពួកគេកំពុងតែស្ថិតនៅក្នុងដំណាក់កាលចចារ ជាមួយនឹងដៃគូធំៗទាំងនោះ ហើយជាពិសេស គឺផ្តោតសំខាន់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅអ៊ឺរ៉ុប អ៊ិនអ៊ីស៊ី (NEC)។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនអ៊ិនអ៊ីស៊ី អាចនឹងរីករាយក្នុងការចាប់ដៃគូជាមួយនឹងឡេណូវ៉ូ បន្ថែមទៀត ដើម្បីឲ្យក្រុមហ៊ុនរបស់ពួកគេ កាន់តែមានយីហ៊ោល្បីៗច្រើន។ តាមការបង្ហាញរបស់អ្នកវិភាគ បានឲ្យដឹងថា ការចាប់ដៃគូរបស់ក្រុមចិន ឡេណូវ៉ូ នឹងក្រុមហ៊ុនអេចធីស៊ី របស់តៃវ៉ាន់នេះ ជាជំហ៊ានជោគជ័យដ៏ធំរួចទៅហើយ ប៉ុន្តែបើពួកគេអាចធ្វើជាដៃគូជាមួយក្រុមហ៊ុនធំៗនៅតំបន់អ៊ឺរ៉ុបទៀតនោះ នោះវារឹតតែជោគជ័យធំធេងទៀត៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ