វីដេអូបង្ហាញពី «Galaxy Note 7» ផ្ទុះឆេះក្នុងភោជនីយដ្ឋាន
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១១ តុលា ២០១៦
- កែប្រែចុងក្រោយ: October 11, 2016
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះហេតុការណ៍ដ៏អាក្រក់នេះ ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា ឈ្មោះ «ស៊ាំស៊ុង (Samsung)» របស់ប្រទេសកូរ៉េខាងត្បូង បានបង្ខំចិត្តប្រាប់ដៃគូ (អ្នកលក់) របស់ខ្លួន ឲ្យឈប់លក់ និងប្រាប់ទៅអ្នកប្រើប្រាស់ ឲ្យឈប់ប្រើប្រាស់តទៅទៀត នូវទូរស័ព្ទប្រភេទ ផាប្លេត (phablette) ដ៏ទំនើបរបស់ខ្លួន គឺ «Galaxy Note 7»។
រឿងរ៉ាវបង្កាការខាត់បង់មួយនេះ បានកម្រើកមកវិញខ្លាំងក្លា បន្ទាប់ពីវីដេអូមួយ ត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញចែកផ្សាយវីដេអូ យូធូប (Youtube) កាលពីថ្ងៃទី៨ ខែតុលានេះ។ ក្នុងវីដេអូដ៏ខ្លី ដែលមានមនុស្សចូលទៅមើល ជាង១លានដងនោះ គេឃើញយុវតីអ្នកបម្រើការម្នាក់ នៅក្នុងភោជនីយដ្ឋាន «Burger King» នៃប្រទេសកូរ៉េខាងត្បូង ដែលមានពាក់ស្រោមដៃ បានដើរចូលទៅរើស យកទៅបោះចោល នូវទូរស័ព្ទមួយគ្រឿង ដែលកំពុងផ្ទុះឆេះ ចេញផ្សែងទ្រលោម នៅលើតុអាហារ។
ទូរស័ព្ទដែលផ្ទុះឆេះនោះ គឺទូរស័ព្ទទើបនឹងចេញលក់ថ្មី របស់ក្រុមហ៊ុន ស៊ាមស៊ុង មានឈ្មោះ «Galaxy Note 7»។ ប្រភេទទូរស័ព្ទ ដែលរងការផ្ទុះឆេះ ក្នុងភោជនីយដ្ឋានខាងលើ ក៏ជាការអះអាង របស់អ្នកនាំពាក្យ របស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះដែរ។
វីដេអូបង្ខំឲ្យមានប្រតិកម្ម...
ក្រុមហ៊ុន ស៊ាមស៊ុង បានប្រកាសនៅថ្ងៃអង្គារនេះ ស្នើសុំឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ «Galaxy Note 7» ទាំងអស់ ឲ្យបិទទូរស័ព្ទប្រភេទនេះ និងឈប់ប្រើប្រាស់ សម្រាប់រយៈពេលមួយ ដែលក្រុមហ៊ុនប្រកាសថា នឹងធ្វើការស៊ើបអង្កេត ទៅលើការផ្ទុះឆេះនេះ ដែលទំនងជាបណ្ដាល មកពីថ្មរបស់ទូរស័ព្ទ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ សហគ្រាសយក្សខាងបច្ចេកវិទ្យា ក៏បានប្រាប់ទៅដៃគូ ជាអ្នកលក់របស់ខ្លួន ឲ្យឈប់ចែកចាយទូរស័ព្ទប្រភេទនេះ ហើយអាចធ្វើការផ្លាស់ប្ដូរ ជាមួយទូរស័ព្ទប្រភេទថ្មីមួយ ដែលមិនមែនជា «Galaxy Note 7» ជូនទៅអតិថិជន។
ភ្លាមៗ ក្រោយការចេញផ្សាយព័ត៌មាន ជាផ្លូវការខាងលើនេះ ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់ចុះយ៉ាងគំហុក ប្រមាណជា ៧,៦% ដែលស្មើនឹងទឹកប្រាក់ ប្រមាណជា ១៥កោដដុល្លារអាមេរិក។ ការខាតបង់នេះ នៅមិនទាន់ចប់នៅឡើយទេ ដោយសារហេតុការណ៍ដ៏អាក្រក់នេះ កំពុងត្រូវបានតាមដាន យ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នកប្រើប្រាស់ នៅជុំវិញពិភពលោក ជាពិសេសអ្នកប្រើប្រាស់ ផលិតផលផ្សេងទៀត របស់ក្រុមហ៊ុន។
ដោយឡែក សម្រាប់ម្ចាស់ភោជនីយដ្ឋាន «Burger King» ខាងលើ បានប្រកាសតាមគេហទំព័រ «Wikitree» ថាខ្លួនបានទាមទារឲ្យមានសំណង ពីក្រុមហ៊ុន ស៊ាមស៊ុង ទាក់ទងនឹងតុអាហាររបស់ខ្លួន ដែលរងការខូចខាត៕