សត្វមិនដែលត្រូវគ្នា តែមកចាប់ដៃគ្នាក្នុងការផ្សាយពាណិជ្ជកម្មមួយ
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 11, 2015
- ប្រធានបទ: មិត្តភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើយកសត្វ ដែលមានប្រវត្តិមិនដែលត្រូវគ្នា មកដើរតួក្នុងការផ្សាយពាណិជ្ជកម្ម ពិតជាបង្កការទាក់ទាញមែនឬ? មែនឬមិនមែនក៏ដោយ តែសម្រាប់ការផ្សាយពាណិជ្ជកម្ម របស់អេនដ្រ័យ (Android) មួយនេះ បានប្រមូលយករូបភាពជាច្រើន ដែលបង្ហាញពីសត្វគួរឲ្យស្រឡាញ់ជាច្រើន និងមានប្រវត្តិមិនដែលត្រូវគ្នា ឬឃើញគ្នាមិនបាន យកមកដើរតួដើម្បីឲ្យអ្នកផងចាប់អារម្មណ៍។ សត្វទាំងនោះ មានដូចជា កូនឆ្មានិងកូនមាន់ ឆ្កែនិងស្វា កូនតោនិងឆ្កែ ដំរីនិងចៀម ខ្លានិងខ្លាឃ្មុំ... ហើយពួកគេបានចូលខ្លួនមកចាប់ដៃគ្នា ឬបបោសអង្អែលគ្នា ដើម្បីបង្ហាញមកទស្សនិកជនទាំងឡាយ ឲ្យស្គាល់ពីការស្រឡាញ់រាប់អានគ្នា ថាតើវាមានអត្ថន័យយ៉ាងណា។
វីដេអូផ្សាយពាណិជ្ជកម្មនេះ មានចំណងជើងថា «មិត្តភាពជានិច្ចនិរន្ត (Friends Forever)»។ តែសំនួរប្រាកដជាសួរថា ហេតុអ្វីបានបង្កើតប្រធានបទបែបនេះ ដើម្បីផ្សាយពាណិជ្ជកម្មឲ្យប្រព័ន្ធមេ អេដ្រ័យ របស់ហ្គូហ្គ័ល (Google) អញ្ចឹង?
មិនពិបាកស្វែងយល់ ពីចម្លើយទេ។ ព្រោះហ្គូហ្គ័ល និងអ័បផល (Apple) តែងតែមើលមុខគ្នាមិនចំ ទាក់ទងនឹងប្រព័ន្ធមេរបស់ខ្លួន ដែលដាក់ទៅឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់។ ហ្គូហ្គ័ល មាន អេនដ្រ័យ រីឯ អ័បផល មាន អាយអូអេស (iOS)។ ហើយភាពខុសគ្នារវាងប្រព័ន្ធមេទាំងពីរនេះ គឺនរណាៗក៏អាចបង្កើតម៉ាស៊ីន ដែលមានយីហោតែរៀងខ្លួន និងមានកម្មវិធីជាច្រើនសិប ដែលគេអាចយកមកប្រើ ដោយបើកទូលាយ ជាមួយនឹងប្រព័ន្ធមេ អេនដ្រ័យ ដែលខុសឆ្ងាយពី អាយអូអេស របស់ អ័បផល ដែលការបង្កើតកម្មវិធីទាំងនោះ មានគោលបំណង ដើម្បីយកទៅប្រើប្រាស់ តែនៅលើម៉ាស៊ីនដែលមានយីហោរបស់ខ្លួនប៉ុណ្ណោះ។
ដូចពាក្យស្លោក ដែលពន្លេចខ្លួន នៅលើវីដេអូ ដូច្នេះថា៖ «រួមគ្នាទាំងអស់ជាមួយនឹងភាពសម្បូរបែប តែមិនមែនដដែលៗទេ (Be together, not the same)»។
តែបើទោះជាមានវីដេអូនេះ ចេញផ្សាយមកសណ្ដុំចិត្តអ្នកប្រើប្រាស់ទាំងឡាយ នៅជុំវិញពិភពលោកក៏ដោយ ក៏មិនប្រាកដថា ប្រព័ន្ធមេ អេនដ្រ័យ របស់ ហ្គូហ្គ័ល អាចនឹងធ្វើឲ្យផ្លាស់ប្ដូរអ្វីបានដែរ។ បើយោងតាមទិន្នន័យនៃទីផ្សារក្នុងត្រីមាសចុងក្រោយនេះ បង្ហាញថា តួលេខនៃការប្រើប្រាស់ប្រព័ន្ធ អេនដ្រ័យ មានការថយចុះ បើប្រៀបធៀបនឹងតួលេខកើនឡើងរបស់ អាយអូអេស៕