«ត្រាំ កំពុងរៀនធ្វើផ្ដាច់ការ ព្រោះគម្រាម គ្លីនតុន ដាក់គុក»
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ តុលា ២០១៦
- កែប្រែចុងក្រោយ: October 11, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បីឲ្យអ្នកផងភ្លេចពីរឿងរ៉ាវអាស្រូវ ដែលត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងមកឬ? នៅក្នុងវេទិកាលើកទីពីរ នៃការជជែកតទល់ ជាមួយអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ កាលពីយប់ថ្ងៃទី៩ ខែតុលានេះ បន្ទាប់ពីវាយប្រហារធ្ងន់ៗ ទៅលើស្វាមីរបស់បេក្ខនារី គឺលោក ប៊ីល គ្លីនតុន (Bill Clinton) នោះរួច បេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះ នៅបានគម្រាមអ្នកស្រី គ្លីនតុន ថាបើសិនជាលោក ជាប់ជាប្រធានាធិបតីអាមេរិកនោះ លោកនឹងតែងតាំងរដ្ឋអាជ្ញា«ពិសេស»មួយ តាមរយៈរដ្ឋមន្ត្រីយុត្តិធម៌របស់លោក ដើម្បីអង្កេត និងផ្ដន្ទាទោសអ្នកស្រី ទាក់ទងនឹងសំនុំរឿង «ទូរសាអេឡិចត្រូនិកផ្ទាល់ខ្លួន» ដែលអ្នកស្រីធ្លាប់បានប្រើ នៅពេលមានតួនាទី ជារដ្ឋមន្ត្រីការបរទេសអាមេរិក។
នៅចំពោះការគម្រាម ជាពិសេសនៅពេលដែលសំនុំរឿងនេះ ត្រូវបានបិតបញ្ចប់តាំងពីច្រើនខែមុន ដោយអ្នកស៊ើបអង្កេតអាមេរិក រួចទៅហើយនោះ រលកនៃការរិះគន់ជាច្រើន បានផ្ទុះឡើង នៅបន្ទាប់ពីវេទិកាជជែកតទល់ បានបញ្ចប់ទៅ។ នៅក្នុងការប្រគុំតន្ត្រីមួយ កាលពីយប់ថ្ងៃទី៩ ខែតុលាដដែល ក្រុមអ្នករិះគន់បាន បរិហាលោក ដូណាល់ ត្រាំ ថាកំពុងរៀនសូត្រ តាមរបបផ្ដាច់ការមួយចំនួន នៅក្នុងពិភពលោក។ លោក អេរិក ហូលដ័រ (Eric Holder) អតីតរដ្ឋមន្ត្រីយុត្តិធម៌របស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិកជិតផុតតំណែង បានវាយតម្លៃលោក ត្រាំ ថាជាមនុស្សពោរពេញដោយ «គ្រោះថ្នាក់» និង«គ្មានសមត្ថភាព»។
អ្នកស្រី គ្លីនតុន បានថ្លែងតបទៅនឹងការគម្រាម របស់លោក ត្រាំ វិញថា៖ «គឺពិតជាល្អណាស់ ដែលមនុស្សត្រជាក់ក្ដៅ ដូចលោក ដូណាល់ ត្រាំ មិនត្រូវបានជ្រើសតាំង ឲ្យទទួលខុសត្រូវ ផ្នែកច្បាប់ទម្លាប់ នៅក្នុងប្រទេសរបស់យើង»។ នៅពេលនោះហើយ ដែលបេក្ខជន មកពីគណបក្សសាធារណរដ្ឋ បានលើកឡើងពី«ពន្ធនាគារ» តបទៅបេក្ខនារី មកពីគណបក្សប្រជាធិបតេយ្យ។
ការគម្រាមគូប្រជែងរបស់ខ្លួន ដោយការផ្តន្ទាទោស ដាក់គុកច្រវ៉ាក់ ក្នុងករណីដែលខ្លួនឈ្នះឆ្នោតនេះ មិនត្រឹមតែរងការរិះគន់ ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនោះទេ តែបើសូម្បីមន្ត្រីមួយចំនួន មកពីគណបក្សសាធារណរដ្ឋខ្លួនឯង ក៏បានលើកឡើងដែរថា លោក ត្រាំ កំពុងប្រព្រឹត្តិកំហុសមួយដ៏ធំ នៅក្នុងប្រវត្តិសាស្ត្រ នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិក។ លោក អ័រី ផ្លេសឆ័រ (Ari Fleischer) អតីតអ្នកនាំពាក្យ ឲ្យអតីតប្រធានាធិបតី «George W. Bush» ដែលមកពីគណបក្សសាធារណរដ្ឋនោះ បានសរសេរនៅលើទំព័រទ្វីសធើរ (Twitter) របស់លោកថា៖ «បេក្ខជនឈ្នះឆ្នោត មិនត្រូវគម្រាមចាប់អ្នកប្រឆាំងខ្លួន ដាក់គុកច្រវ៉ាក់នោះទេ»។
លោក អ័រី បានសរសេរទៀតថា៖ «ប្រធានាធិបតីជាប់ឆ្នោតថ្មីមួយរូប មិនគម្រាមពលរដ្ឋណាម្នាក់ តាមផ្លូវតុលាការឡើយ។ លោក ត្រាំ កំពុងប្រព្រឹត្តិកំហុស នៅត្រង់ចំណុចនេះ។»
រីឯលោក ដេវិត ហ្វ្រូម (David Frum) អតីតអ្នករៀបចំសុន្ទរកថា ឲ្យអតីតប្រធានាធិបតី «Bush» ក៏បានលើកឡើងដែរថា៖ «តើនរណាម្នាក់ ដែលហ៊ានទទួលតួនាទី ជារដ្ឋមន្ត្រីយុត្តិធម៌ របស់ប្រធានាធិបតីមួយរូប ដែលចង់ប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីគម្រាមតាមផ្លូវតុលាការ ទៅលើគូប្រជែងនយោបាយរបស់ខ្លួន?»។
សម្រាប់លោក ផូល គ្រូជមេន (Paul Krugman) ម្ចាស់ពានណូបែលសន្តិភាព ខាងសេដ្ឋកិច្ច និងជាអ្នកវិភាគប្រចាំឲ្យសារព័ត៌មាន «New York Times» បានបញ្ជាក់បន្ថែមថា៖ «សូមយើងទាំងអស់គ្នា យល់ឲ្យច្បាស់ពីរឿងនេះ។ បេក្ខជនមួយរូប ទើបនឹងសន្យា ចាប់គូប្រជែងរបស់ខ្លួន ដាក់ពន្ធនាគារ ប្រសិនជាខ្លួនបានឈ្នះឆ្នោត។ ផ្ទុយទៅវិញ រឿងផ្សេងពីនេះ មិនសំខាន់ (សម្រាប់បេក្ខជនម្នាក់នេះ) ទេ។»៕