ក្រុមហ៊ុនអេក្សឺ បង្ហាញ អេនដ្រយក្ដាបញ្ជា (ថេប្លិត) ៧,៩អ៊ីញ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនអេក្សឺ (Acer) បានបង្ហាញពីផលិតផលថ្មីរបស់ខ្លួន ក្ដាបញ្ជា ៧,៩អ៊ីញ មានឈ្មោះថា អាយខុនៀ អេ១ (Iconia A1) កាលពីថ្ងៃអាទិត្យ ទី០៥ ខែឧសភា ម្សិលម៉ិញនេះ។ ការរចនានាំមកនូវរូបរាង្គកាន់តែស្តើង ងាយស្រួលកាន់ និងងាយស្រួលដាក់តាមកាបូប ជាពិសេសថែមទាំងនោះ វាមានតម្លៃធូរថ្លៃទៀតផង។
ក្ដាបញ្ជា អាយខុនៀ អេ១ របស់ក្រុមហ៊ុន អេក្សឺ។
អេក្សឺ អាយខុនៀ អេ១ ថ្មីនេះ អាចឲ្យអ្នកប្រើប្រាស់នូវការកំសាន្តកាន់តែសម្បូរបែប លេងអ៊ីនធើណែតបានលឿន និងម៉ាស៊ីនដំណើរការបានល្អជាងមុនដូចគ្នា។
ក្ដាបញ្ជាស៊េរីថ្មីនេះ នឹងចេញមកប្រកួតប្រជែងជាមួយ ថេប្លិតដែលមានតម្លៃប្រហាក់ប្រហែលគ្នា (១៦៩ដុល្លា) ដទៃទៀតដូចជា៖ អេចភី ស្លេត៧ (HP Slate 7), ឡេណូវ៉ូ អាយដៀថេប អេ៦០០០ (Lenovo IdeaTab A6000) និង ឃីនដល ហ្វាអឺ (Kindle Fire)។
ចំពោះលក្ខណៈសម្បត្តិរបស់វា៖ ប្រតិបត្តិការដោយប្រព័ន្ធ អេនដ្រយជេលីបីន ៤.២ (Android 4.2 Jelly Bean), ស៊ីភីយូ (CPU) ប្រភេទ ឃ្វាដខរ (Quad-core) មានទំហំ ១.២ជីហ្គាអែក, ទំងន់ ៤៦០ក្រាម, ទំហំអេក្រង់ ៧,៩អ៊ីញ អាចបង្ហាញរូបភាពបានទំហំ ៧៦៨ X ១០២៤ ភិចស្ស៊ែល។
រីឯកាម៉េរ៉ាក្រោយមានទំហំ ៥ម៉េហ្គាភិចស្ស៊ែល និងកាម៉េរ៉ាមុខ ប្រភេទវីជីអេ (VGA), រ៉េម (RAM) ១ជីហ្គាបៃ។ អាយខុនៀ អេ១ មាន ២ប្រភេទ៖ មានអង់ចងចាំ ៨ជីហ្គាបៃ និងអង់ចងចាំ ១៦ជីហ្គាបៃ។ ប៉ុន្តែអាចបន្ថែមកាត បានដល់ ៣២ជីហ្គាបៃ។ ថ្មរបស់វា ប្រភេទលីអន (Li-Ion) ដែលមានកំរិតថាមពល ៣២៥០ មីលីអំពែម៉ោង។
ចំណែកគុណវិបត្តិរបស់ថេប្លិតនេះ អ្នកប្រើប្រាស់មិនអាចសន្ទនាជាសម្លេង ជីអេសអេម (GSM), មិនអាចផ្ញើសារ (SMS) និងផ្ញើសារ (MMS) បាននោះទេ។
ក្រុមហ៊ុន នឹងដាក់លក់ «អេក្សឺ អាយខុនៀ អេ១» នេះ នៅខែមិថុនា ខាងមុខ។ ចំពោះតម្លៃរបស់វាមាន ២ជម្រើស អាស្រ័យទៅលើទំហំអង់ចងចាំ៖ អង់ចងចាំ ១៦ជីហ្គាបៃ មានតម្លៃប្រហែល ១៩៩ដុល្លា និង អង់ចងចាំ ៨ជីហ្គាបៃ មានតម្លៃប្រហែលជា១៦៩ដុល្លាសហរដ្ឋអាមេរិក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ