កាឡូស តេវែស៖ ជូវីនទូស ជួយសង្គ្រោះអាជីពខ្ញុំ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធ កាឡូស តេវែស (Carlos Tevez) បានបង្ហើបឲ្យដឹងថា គាត់បានពិចារណាថា នឹងព្យួរស្បែកជើងចូលនិវត្តន៏ ទៅហើយ មុនពេលដែលក្លិបសេះបង្កង់ ជូវីនទូស (Juventus) បានទិញគាត់ នៅក្នុងរដូវក្តៅនេះ។
កីឡាករខ្សែប្រយុទ្ធ កាឡូស តេវែស។ (រូបថត 3news.co.nz)
តេវែស បានផ្ទេរពីក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) មកកាន់ក្រុមជូវីនទូស របស់អ៊ីតាលី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ ក្នុងតម្លៃខ្លួន ១០លានផោន និងបានចុះកិច្ចសន្យារយះពេល៣ឆ្នាំ ដើម្បីបង្ហាញខ្លួនឲ្យក្រុមម្ចាស់ជើងឯកអ៊ីតាលី។
កីឡាករអន្តរជាតិអាស្សង់ទីន បានចំណាយពេល៤ឆ្នាំ នៅក្នុងកីឡាដ្ឋាន អេតាហេដ (Eithad Stadium) នៃប្រទេសអង់គ្លេស ប៉ុន្តែនៅរដូវកាល ២០១១-២០១២ គាត់ពុំសូវបានចូលលេងទេ ដោយសារតែមានជម្លោះជាមួយនឹងគ្រូបង្វឹក លោករ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini)។ ដោយសារតែអវត្តមានពីការប្រកួតយូរពេក តេវែសបានធ្លាក់ទម្រង់លេងជាងមុន នៅក្នុងរដូវកាល ២០១២-២០១៣ កន្លងទៅ ដែលធ្វើឲ្យគាត់មានគំនិតចង់បញ្ចប់អាជីពជាកីឡាករបាល់ទាត់។
ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ បានប្រាប់ដល់អ៊ីអេសភីអ៊ិន (ESPN) ថា៖ «មានរឿងរ៉ាវជាច្រើន ដែលធ្វើឲ្យខ្ញុំមានអារម្មណ៏ថាហត់នឿយ ហត់នឿយនឹងប្រភពបាល់ទាត់។ ខ្ញុំចង់ចាកចេញពីបាល់ទាត់ ប៉ុន្តែក្លិបជូវីនទូស ដែលជាក្លិបដ៏ធំមួយនៅអ៊ឺរ៉ុប បានផ្តល់ឱកាសឲ្យខ្ញុំ។ ខ្ញុំតែងតែនិយាយថា ខ្ញុំអាចនឹងចូលនិវត្តន៏នៅវ័យ២៨ឆ្នាំ ហើយខ្ញុំក៏ជិតនឹងចូលនិវត្តន៏ម្តងដែរ កាលពីមានរឿងជាមួយនឹងលោកម៉ែនស៊ីនី។»
គាត់បានបន្តថា៖ «ខ្ញុំបានចំណាយពេល៦ឆ្នាំ នៅក្នុងប្រទេសអង់គ្លេស ដូច្នេះប្រហែលជាពួកគេមិនចង់ឃើញខ្ញុំនៅទីនោះទៀតទេ។ ខ្ញុំបានឈ្នះពានឆែមពានលីក (Champions League) ជាមួយក្រុមម៉ែនញូ (Manchester United), ឈ្នះព្រីមែលីក (Premier League) ជាមួយម៉ែនញូ, ឈ្នះព្រីមែលីក និងអេហ្វអេខាប់ (FA Cup) ជាមួយនឹងក្រុមម៉ែនស៊ីធីទៀត។ ដូច្នេះខ្ញុំបានឈ្នះពានរង្វាន់ធំៗ គ្រប់បែបយ៉ាង។»
កាឡូស តេវែស លេងឲ្យក្រុមម៉ែនញូ២ឆ្នាំ បង្ហាញខ្លួនសរុបបាន ៩៩ប្រកួត និងអាចទាត់បញ្ចូលទីបាន ៣៤គ្រប់ នៅរដូវកាល២០០៧-២០០៨ និងរដូវកាល២០០៨-២០០៩។ បន្ទាប់មកគាត់ផ្ទេរមកក្រុមម៉ែនស៊ីធី នៅឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៣។ រយះពេល៤ឆ្នាំ នៅក្រុមមេឃខៀវ តេវែសបានបង្ហាញខ្លួនសរុប ១៣៨ប្រកួត និងទាត់បញ្ចូលទីបាន ៧៣គ្រាប់។
សម្រាប់ក្រុមជម្រើសជាតិអាស្សង់ទីន តេវែសបានចូលលេង ៦២ប្រកួត ទាត់បញ្ចូលទីបាន ១៣គ្រាប់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ពេលនេះគាត់ពុំត្រូវបានកោះហៅឲ្យចូលក្នុងក្រុមជម្រើសជាតិទៀតនោះទេ ដោយសារតែគាត់អវត្តមានការប្រកួតនៅឆ្នាំ២០១១យូរពេក ដែលធ្វើឲ្យទម្រង់លេងធ្លាក់ចុះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ