ព្រះ​សង្ឃ លួន សុវ៉ាត សង្ឃឹម​ស្ថាន​ទូត​បរទេស ពេល​សវនាការ​នៅ​សាលា​ដំបូង

ព្រះសង្ឃលួន សុវ៉ាតបានដឹកនាំព្រះសង្ឃ និងប្រជាពលរដ្ឋជាង ១០០អង្គ/នាក់ ដើរ​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​​បរទេស​​មួយ​ចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យជួយតាមដាន ការបើកសវនាការជំនុំជម្រះ ករណី​របស់​ព្រះអង្គ ដែល​​នឹង​​ត្រូវ​​ឡើង​​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ខាង​មុខ​នេះ។
ព្រះ​សង្ឃ លួន សុវ៉ាត សង្ឃឹម​ស្ថាន​ទូត​បរទេស ពេល​សវនាការ​នៅ​សាលា​ដំបូង
ព្រះសង្ឃ លួន សូវ៉ាត។ (រូបថតសហការី)
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៨ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 18, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រឹត្តិការណ៍បង្កឲ្យ​មាន​ការ​ចាប់​អារម្មណ៍ នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ជា​ការ​ដង្ហែ​ដាក់​ញត្តិ នៅ​តាម​ស្ថានទូត​បរទេស​សំខាន់ៗ​នានា ដឹក​នាំ​ដោយ​ព្រះ​សង្ឃ លួន សុវ៉ាត។ ការ​ដង្ហែ​ញត្តិ​របស់​ព្រះ​សង្ឃ​អង្គ​នេះ បាន​រៀបចំ​ឡើង បន្ទាប់​ពី​ព្រះ​អង្គ​បាន​ទទួល​ដីការ របស់​ព្រះ​រាជ​អាជ្ញា​រង សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា កន្លង​មក បង្គាប់​ព្រះ​អង្គ​ដែល​ល្បី​ព្រះ​នាម ខាង​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព ឲ្យ​ចូល​សវនាការ​នៅ​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ខាង​មុខ។

ម្ចាស់ពានរង្វាន់សិទ្ធិមនុស្ស ពី​សហគមន៍​អ៊ឺរ៉ុប​អង្គ​នេះ បាន​បង្ហាញ​ជំនឿ​ថា បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ដែល​បាន​ស្គាល់​ព្រះ​នាម​របស់​ព្រះ​អង្គ អាច​នឹង​ជួយ​ជម្រុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​ឲ្យ​គោរព​សិទ្ធិ​មនុស្ស។

ព្រះសង្ឃ លួន សុវ៉ាត ដែលត្រូវបានគេស្គាល់ថា ជាសកម្មជន​អ្នក​ការពារ​សិទ្ធិ​មនុស្សផងនោះ ត្រូវ​បាន​តុលាការ​​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពីបទ​ក្បត់​ជាតិ និង​ញុះ​ញង់​ឲ្យ​ប្រ​ព្រឹត្ត​បទ​ឧក្រិដ្ឋ ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ប៉ុន្តែ​ព្រះ​តេជ​គុណ លួន សុវ៉ាត បានបដិសេធបទ​ចោទ​ប្រកាន់ទាំង​នេះ ​ដោយចាត់ទុកថា ជាការ​ប្រើ​​ដាវ​​អាជ្ញា​សឹក​មក​​ចោទ​ប្រកាន់ និង​កាត់​ទោស​លើ​ព្រះអង្គ ​រំលោភ​លើ​ច្បាប់​ព្រះពុទ្ធ​សាសនា និងច្បាប់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​។

ព្រះអង្គមានសង្ឃដីការថា សព្វថ្ងៃនេះ ព្រះអង្គមិនដែលទៅញុះញង់ ឲ្យបងប្អូនណាសម្លាប់គ្នា វាយគ្នា បាញ់​គ្នា​នោះទេ សូម្បីតែការស្លាប់របស់បាតុករ នៅផ្លូវវេងស្រេង ស្ពានមន្នីវង្ស មុខវត្តស្ទឹងមានជ័យ ទីលាន​ប្រជាធិបតេយ្យ មានការវាយតប់គ្នាទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ព្រមទាំងរឿងដីធ្លី នៅបុរីកីឡា បឹងកក់ ក៍​ព្រះ​អង្គមិនបានទៅញុះញង់នោះដែរ។

ស្ថានទូតនានា ដែលសុទ្ធសឹងជាទិសដៅ នៃការដាក់ញត្តិរបស់ព្រះអង្គ រួមមាន ស្ថាន​ទូត​អាមេរិក ​អង់​គ្លេស បារាំង កូរ៉េ​ខាងត្បូង សហ​ភាព​អឺរ៉ុប អង្គ​ការ​សហ​ប្រជាជាតិ ជប៉ុន និង​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ជា​ដើម​។ ការដង្ហែដែលបានចាប់ផ្ដើមធ្វើ តាំងពីម៉ោង៨ព្រឹកមកនោះ បានប្រព្រឹត្តិទៅ ដោយមិនមានហេតុភេទអ្វី​កើត​ឡើងទាំងអស់ បើទោះជាការដង្ហែនេះ ស្ថិតក្រោមក្រសែភ្នែកតាមដាន របស់ក្រុមសមត្ថកិច្ចចម្រុះនោះ​យ៉ាង​ណាក៏ដោយ។

ព្រះសង្ឃដែលតែងមានព្រះភ័ក្រ សឹងនៅគ្រប់ការតវ៉ានោះ មិនបានទទួលស្គាល់ថា នៅថ្ងៃទី ២៥ ខែវិច្ឆិកា ខាងមុខនេះ តុលាការមានសិទ្ធិនឹងធ្វើការកាត់ទោស លើព្រះអង្គនោះឡើយ។ ព្រះអង្គមានសង្ឃដីការថា៖ «អាត្មាទៅវិញទេ ដែលមានសិទ្ធិជាព្រះសង្ឃ ទៅទេសនានៅក្នុងតុលាការ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...