ក្រុម​ប្រឆាំង នៅ​ពី​ក្រោយ​ការ​ប្លន់​គេហទំព័រ​របស់ ហ៊ុន សែន?

ការវាយប្រហារ ផ្លាស់ប្ដូរទិន្នន័យ ទៅលើគេហទំព័រផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹក​ព្រហាម ថ្ងៃ​ទី៧ ខែ​ឧសភា​នេះ ជាឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលមានក្រុមប្រឆាំងនៅពីក្រោយ។ នេះបើតាម​អ្វី ដែលគេ​អាច​អាន​បាន នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ របស់​ទំព័រ​ហ្វេសប៊ុក​របស់លោក ហ៊ុន សែន នៅក្នុងព្រឹកថ្ងៃដដែល។
ក្រុម​ប្រឆាំង នៅ​ពី​ក្រោយ​ការ​ប្លន់​គេហទំព័រ​របស់ ហ៊ុន សែន?
ខាងឆ្វេង៖ ទិដ្ឋភាពគេហទំព័ររបស់លោក ហ៊ុន សែន ដែលរងការវាយប្រហារ។ ខាងស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៧ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 07, 2016
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គេហទំព័រផ្លូវការ និងផ្ទាល់ខ្លួន​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានអាស័យដ្ឋាន​ samdechhunsen.gov.kh ត្រូវបានក្រុមវាយប្រហារ តាមប្រព័ន្ធព័ត៌មានវិទ្យា ឫហៅតាមភាសាអង់គ្លេស «Hackers» ផ្លាស់ប្ដូរទិន្នន័យ កាល​ពី​ព្រឹក​ម៉ោង៤ និង១២នាទី ថ្ងៃទី៧ ខែឧសភានេះ ដោយបានប្ដូរទម្រង់ដើម មានទាំងរូបភាព និងសម្លេង។ ក្នុង​ពេល​បច្ចុប្បន្ន គេហទំព័រ​ផ្លូវការនេះ បាន​វិល​មក​រកដំណើរការ​ដូចធម្មតាឡើងវិញ​ហើយ ប៉ុន្តែ​ទិន្នន័យ​មួយ​ចំនួន​​ធំ ​នៅ​​ក្នុង​​គេហទំព័រ​​ត្រូវ​​បាត់បង់​។

តាម​សេចក្ដី​ថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន បានសរសេរ​​ទម្លាក់​​កំហុស នៃការវាយប្រហារ ទៅលើគេហទំព័រនេះ ថាជាស្នាដៃរបស់ក្រុមប្រឆាំង និង​បាន​អះអាង​ថា ក្រុម​​​ជំនាញ​​​ស្រាវ​ជ្រាវ​​​​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា (IT Crimes) របស់​រដ្ឋាភិបាល កំពុង​​ស្រាវ​ជ្រាវ​​រក​​ប្រភព​​ជន​​ល្មើស ដើម្បី​​ចាប់​ឲ្យ​មក​ទទួលខុសត្រូវ ចំពោះមុខច្បាប់ «ជាតិ និងអន្តរជាតិ»។

សេចក្ដីថ្លែងការណ៏នោះ បានសរសេរថា៖ «ភស្តុតាងទាំងនេះ គឺជាទង្វើមិនអាចប្រកែកបាន របស់​ក្រុម​បក្សប្រឆាំង ដែល​តែងតែរិះរកវិធីទុច្ចរិត គម្រក់ៗគ្រប់យ៉ាង (ដើម្បី)ធ្វើការវាយប្រហារ មកលើសម្តេច​តេជោ ហ៊ុន សែន។ ជនល្មើស ទោះបីមានប្រភពមកពីណាក៏ដោយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់​ជាតិ និងអន្តរជាតិ។»។

គោះស្គរប្រហោងក្នុង...

សម្រាប់វិស្វករ​​ផ្នែកព័ត៌មានវិទ្យា លោក សុធា មេត្តា ដែលកំពុងធ្វើការ ឲ្យក្រុមហ៊ុនដ៏ធំមួយ ក្នុងប្រទេសកាណាដា​ បានឲ្យដឹងថា ការវាយប្រហារទៅលើគេហទំព័រណាក៏ដោយ សុទ្ធតែជាទង្វើខុសច្បាប់ ហើយ​​លោក​​មិន​​គាំទ្រ​​នូវ​​ទង្វើ​​បែប​​នេះ​ឡើយ បើ​ទោះជាស្នាដៃ​របស់ក្រុមណាក៏ដោយ។

ប៉ុន្តែចំពោះចំណាត់ការ ដែលសេចក្ដីថ្លែងការណ៍បានលើកឡើងនោះ ត្រូវបានលោកវាយតម្លៃថា វាមានប្រសិទ្ធិភាព​​តិចតួចបំផុត និងមានលក្ខណៈ​ដូចជាការគោះស្គរ ដែលឮតែសម្លេង ខណៈស្គរ​ប្រហោង​ក្នុង។ លោក សុធា មេត្តា បានពន្យល់​ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ពីក្រុងម៉ុងរ៉េអាល់ ប្រទេស​កាណាដា​ មក​ថា បើ​សូម្បីភ្នាក់ងារ «FBI» របស់រដ្ឋាភិបាលអាមេរិក ដែលមានជំនាញរាប់សិបឆ្នាំ ខាងការតាមប្រមាញ់ ក្រុម​វាយ​ប្រហារតាម​បណ្ដាញ​អ៊ិនធើណែតនេះ ក៏នៅតែពិបាកស្វែងរកក្រុម ឬជនណាមួយពិតប្រាកដ ឲ្យមកទទួល​ទោស​នោះ​ដែរ។ ហើយម្យ៉ាងទៀត មិនមែនឲ្យតែគ្រប់ការវាយប្រហារ ទៅលើគេហទំព័រទាំងឡាយណា សុទ្ធ​តែ​ជា​អំពើ​ឧក្រិដ្ឋ​នោះទេ។

លោកវិស្វករបានបញ្ជាក់ទៀតថា ផ្ទុយទៅវិញ ប្រសិនជាក្រុមវាយប្រហារ​ទៅលើ​គេហទំព័រ​ទាំង​នោះ មាន​បុព្វហេតុ​​ដ៏​ត្រឹមត្រូវ​របស់ពួកគេ និង​មាន​ទីតាំង​នៅ​បរទេស នោះក្រុម​ការងារ​របស់​លោក ហ៊ុន សែន កាន់​តែ​មានសង្ឃឹម​តិច​ទៅៗ ក្នុងការយកក្រុម ឬជននេះមកផ្ដន្ទាទោស។ លោក សុធា មេត្តា បាន​លើក​ជា​ឧទាហរណ៍​ថា កន្លង​មក គេហទំព័រជាតិធំៗជាច្រើន នៅក្នុងប្រទេសស៊ីរី បានរងការវាយ​ប្រហារ​ដូច​គ្នា ក្រោម​បុព្ធហេតុ​សេរីភាព និង​ការ​ប្រឆាំង​អំពើផ្ដាច់ការ របស់ប្រធានាធិបតី បាល់ឆារ អាល់អាសាធ (Bashar al-Assad)។ ហើយ​កន្លង​មកថ្មីៗ គេហទំព័រ​ជា​ច្រើន របស់ក្រុមរដ្ឋអ៊ីស្លាម ក៏បានរងគ្រោះដូចគ្នា ពីសំណាក់ក្រុមអនាមិក ដែលតែង​ប្រកាស​ដោយ​ចំហរ ធ្វើការ​ប្រឆាំង​នឹង​ក្រុម​ភេរវនិយម​នេះដែរ។ តែក្រុម ឬជន ដែលនៅពីក្រោយ​ការ​វាយ​ប្រហារ ទៅ​លើ​គេហទំព័រ​ទាំង​នោះ កម្រត្រូវបានគេរកឃើញ និងចាប់ឲ្យមកទទួលទោសណាស់។

សូមបញ្ជាក់ដែរថា គេហទំព័រផ្លូវការរបស់លោក ហ៊ុន សែន ទើ់បតែត្រូវបានដាក់ ឲ្យមានដំណើរការ ចាប់​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ២០១៦នេះ​ប៉ុណ្ណោះ ហើយនេះជាលើកដំបូងហើយ ដែលគេហទំព័រនេះ ត្រូវបាន​ក្រុម​វាយ​ប្រហារ​តាម​​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ចូលមកធ្វើការផ្លាស់ប្ដូរទិន្នន័យ។ ប៉ុន្តែបើប្រៀបធៀប ទៅនឹង​ឆ្នាំ​កន្លង​មក គេហទំព័រ​​ជា​​ច្រើន របស់​ក្រសួង​មន្ទីរ​ស្ថាប័ន​ជាតិ​ធំៗមួយចំនួនទៀត ក៏ធ្លាប់បានរង នូវការវាយប្រហារដូចគ្នា​នេះ​ដែរ។

ការ​វាយ​ប្រហារ ទៅ​លើ​គេហទំព័រ​ជាតិ​សំខាន់ៗ​នៅពេលនោះ ត្រូវបានក្រុមអនាមិកកម្ពុជា​​ប្រកាស​ទទួល​​ស្គាល់​ មុន​​នឹង​សមាជិករបស់​ពួកគេ​​ចំនួន​ពីរនាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ហើយបញ្ជូន​ទៅ​ឃុំនៅ​​ក្នុង​​ពន្ធនាគារ។ យុវជន​ទាំង​ពីរនាក់ ដែលសុទ្ធសឹងជានិស្សិត​ផ្នែកព័ត៌មានវិទ្យា ត្រូវបានតុលាការព្យួរទោស ដែល​នៅ​សេសសល់ និង​​បង្គាប់​​​ឲ្យ​​​ទៅ​បម្រើការ​នៅក្រសួងមហាផ្ទៃ ក្នុងផ្នែកព័ត៌មានវិទ្យាដដែល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...