ធ្លាក់យន្ដហោះយោធា អ៊ែរប៊ូស A400M នៅអេស្ប៉ាញ ស្លាប់យ៉ាងតិច៣នាក់
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ០៩ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 09, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះយោធា មួយគ្រឿង ធុន A400M បានធ្លាក់បោកខ្លួន នៅថ្ងៃសៅរ៍ វេលាម៉ោង ១៣ នេះ ក្បែរនឹងក្រុង សេវីល (Séville) នៅក្នុងភាគខាងត្បូង នៃប្រទេសអេស្ប៉ាញ។ ក្រុមអ្នកជួយសង្គ្រោះ នៅផ្ទាល់កន្លែង បានបញ្ជាក់ពីតុល្យភាពដំបូងថា មានមនុស្ស៣នាក់បានស្លាប់ និង២នាក់ទៀត រងរបួសជាទំងន់។ ប៉ុន្តែមនុស្សដែលនៅលើយន្ដហោះ មានចំនួនច្រើនជាងនេះ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ម៉ារីយ៉ូណូ រ៉ាហយ (Mariano Rajoy) បានថ្លែងទៅកាន់ អ្នកសារព័ត៌មាន និងត្រូវបានបញ្ចាំង នៅតាមកញ្ចក់ទូរទស្សន៍ថា មានមនុស្ស៨ ទៅ១០នាក់ នៅក្នុងយន្ដហោះ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងការរំលែកទុក្ខរបស់លោក ជូនទៅដល់គ្រួសារជនរងគ្រោះ ហើយបានប្រកាសលប់ចោល អង្គប្រជុំមួយ ដែលត្រូវបានរៀបចំធ្វើ សម្រាប់យុទ្ធនាការបោះឆ្នោតខាងមុខ នៅលើកោះ កាណារីស (Canaries)។
សារព័ត៌មានប្រចាំថ្ងៃ «El Pais» បានដកស្រង់ប្រភព ពីអាជ្ញាធរអាកាសចរណ៍ របស់ប្រទេសអេស្ប៉ាញ មកបញ្ជាក់ថា យន្ដហោះបានធ្លាក់ ក្នុងតំបន់គ្មានមនុស្សរស់នៅ នៅក្បែររោងចក្រ ផលិតភេសជ្ជៈ កូកាកូឡា ដែលនៅមិនឆ្ងាយប៉ុន្មាន ពីព្រលានយន្ដហោះ សាន ប៉ាឡូ (San Pablo) បន្ទាប់ពីយន្ដហោះនេះ បានហើបជើង ហោះងើបខ្លួនពីដី បានបន្តិច ដើម្បីហោះឆ្ពោះ ទៅកាន់ប្រទេសទួរគី។ ប្រភព ពីអាជ្ញាធរអាកាសចរណ៍ បានបញ្ជាក់ទៀតថា យន្ដហោះនេះ ជាយន្ដហោះថ្មីមួយ ធុន A400M សម្រាប់ដឹកជញ្ជូនសម្ភារៈយោធា។
បើទោះជាគ្រោះធ្លាក់យន្ដហោះ បានកើតឡើង នៅក្រៅព្រលានយន្ដហោះក៏ដោយ ប៉ុន្តែចរាចរណ៍ហោះហើរ របស់យន្ដហោះ ដែលត្រៀមហោះចេញ នឹងត្រៀមចុះចត បានជួបនឹងភាពរអាក់រអួលយ៉ាងខ្លាំង។ យន្ដហោះ ដែលត្រូវចុះចត ត្រូវបានបញ្ជាឲ្យទៅចុះចត នៅព្រលានយន្ដហោះផ្សេងទៀត នៅក្បែរនោះ។
នៅក្នុងពេលភ្លាមៗនេះ គេនៅមិនទាន់ដឹង ពីមូលហេតុដែលបណ្ដាល ឲ្យយន្ដហោះនេះ ធ្លាក់នៅឡើយ។ ប៉ុន្តែប្រភពមួយចំនួន បាននិយាយថា ការធ្លាក់អាចបណ្ដាលមក ពីកំហុសបច្ចេកទេស ដែលកើតមាន នៅពេលយន្ដហោះ ត្រូវងើបហោះពីដី។
រូបភាពដំបូង ដែលយើងទើបនឹងទទួលបាន ពីគ្រោះថ្នាក់នេះ ត្រូវបានបង្ហោះព្រោងព្រាត ដោយបណ្ដាជន នៅក្នុងតំបន់៖