ម៉ែគ្មានលុយដណ្តឹងប្រពន្ធឲ្យ ចងកសម្លាប់ខ្លួននៅលើផ្ទះ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៨ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 09, 2015
- ប្រធានបទ: អត្តឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្នេហាពិត ចិត្តដិតជាប់លើស្រី ប៉ុន្តែលុយកាក់ ថានៈបុណ្យស័ក្ដិ ដ៏អាប្រិយ បានធ្វើឲ្យយុវជនម្នាក់ សម្រេចចិត្តគិតខ្លី ទៅចងកសម្លាប់ខ្លួន។ ប៉ុន្តែសង្ខានៅមិនទាន់អស់ យុវជនអភ័ព្វស្នេហ៍ ត្រូវបានជួយសង្គ្រោះទាន់ពេល។
យុវជនរងគ្រោះ ព្រោះស្នេហ៍មិនដូចបំណង រូបនេះឈ្មោះ សុខ សម្បត្តិ អាយុ៣០ឆ្នាំ សព្វថ្ងៃជាសន្តិសុខម្នាក់ នៅក្រុមហ៊ុនឯកជន និងកំពុងរស់នៅផ្ទះលេខ៥០ ផ្លូវ២២០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យុវជន សុខ សម្បត្តិ ត្រូវបានអ្នកជិតខាងឲ្យដឹងថា ជាអតីតកូនមេភូមិទី៩ នៅក្នុងសង្កាត់ខាងលើ តែបច្ចុប្បន្ន រស់តែជាមួយម្តាយប៉ុណ្ណោះ ព្រោះលោកឪពុក បានលាចាកលោកហើយ។
ម្តាយជនរងគ្រោះ បានត្រឹមតែយុំខ្សឹបខ្សួល ប៉ុន្តែបានឆ្លៀត រៀបរាប់តិចៗ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «ម៉ែគ្មានលុយទេកូន (...) ហេតុអ្វីក៍កូន ហ៊ានធ្វើដល់ថ្នាក់នេះ ម្តងជាពីរដង»។ អ្នកស្រីបានរំលឹក ពីហេតុការណ៍ឡើងវិញថា ពេលកូនប្រុស ត្រឡប់ពីធ្វើការវិញ នៅម៉ោង៥ និង៤០នាទី ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ យុវជនបានចូលទៅក្នុងផ្ទះ នៅជាន់ទីបី ដូចសព្វដង។ តែលើកនេះ គាត់បានលឺសំឡេង ចេញពីបន្ទប់ចម្លែក ពេលចូលទៅ មើលឃើញកូនកំពុងចងក ក៏បានស្រែកឆោឡោ ឲ្យអ្នកជិតខាងមកជួយ។
យុវជន សុខ សម្បត្តិ មិនមានគ្រោះថ្នាក់ ដល់ជីវិតនោះទេ។ នេះ បើតាមការបញ្ជាក់ របស់អ្នកម្តាយដដែល ហើយត្រូវបានជួយសង្គ្រោះ ទាន់ពេល និងត្រូវបានឡានពេទ្យ ដឹកយកទៅសង្គ្រោះព្យាបាល នៅមន្ទីពេទ្យ។
ម្នាក់ ក្នុងចំណោមអ្នកជិតខាងជាច្រើននាក់ ដែលបានចូលទៅជួយជនរងគ្រោះ ឲ្យរួចពីសេចក្តីស្លាប់ បានបង្ហើបថា កាលពីមុន យុវជន សម្បត្តិ ធ្លាប់បានប៉ុនប៉ង សម្លាប់ខ្លួនម្តងហើយ នៅលើស្ពានជ្រោយចង្វារ តែមិនបានសម្រេច លើកនេះ ជាលើកទីពីរហើយ។ ស្រ្តីខាងលើ ដែលសុំមិនប្រាប់ឈ្មោះ បានឲ្យដឹងទៀតថា ទំនងបុរសខាងលើ មានព្រលឹងខ្មោចនាំ ព្រោះនៅពេលចង់បានអ្វី ហើយមិនបាន គេឃើញគាត់ចូលចិត្ត ទៅកន្លែងស្ងាត់ៗតែម្នាក់ឯង ជាញឹកញាប់។
សតិមិននឹងនរ
ប៉ុន្តែសម្រាប់អ្នកនិពន្ធ ខាងវិបត្តិស្នេហ៍ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូវិញ បានពន្យល់ថា យុវជន សម្បត្តិ អាចមានវិបត្តិផ្លូវចិត្ត ឬសតិមិននឹងនរ តាំងពីច្រើនឆ្នាំមកហើយ ឬអាចនិយាយថា តាំងពីនៅតូច។ យុវជនគប្បីត្រូវទៅជួបជាមួយគ្រូពេទ្យជំនាញ និងទទួលការព្យាបាល ដើម្បីរំងាប់អារម្មណ៍ ដែលមិននឹងនរនេះ។
ម្យ៉ាងទៀត គេគប្បីយល់ថា មនុស្សប្រុសដើមទ្រូងប្រាំហត្ថ បើចង់បានប្រពន្ធ មិនត្រូវរំពឹងទៅលើតែម្ដាយនោះទេ តែសមត្ថភាពទាំងនេះ ត្រូវកើតចេញ ពីបាតដៃទាំងគូ ទើបជារឿងគួរឲ្យមោទនៈ។ យុវជន សម្បត្តិ អាចជាមនុស្ស មានមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ។ ប៉ុន្តែបើមានភិរយា ហើយយុជនក្លាយជាមនុស្ស មិនចេះគ្រប់គ្រងខ្លួនឯង និងគ្រួសារនោះ តើចង់បានភរិយាមកធ្វើអ្វី? ហើយតោងសួរថា តើស្ត្រីប៉ុន្មាននាក់ ដែលបានឲ្យតម្លៃ ទៅលើការគិតខ្លី របស់យុវជន?