យន្ដហោះបង្ខំចិត្តចុះចត ព្រោះអ្នកដំណើរច្រឡំបន្ទប់បើកបរថាជា«បង្គន់» (pic)
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មេសា ២០១៤
- កែប្រែចុងក្រោយ: April 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែល«វាយតប់»ខ្លាំងៗ ទៅលើបន្ទប់បើកបររបស់យន្ដហោះ បុរសជាតិអូស្ត្រាលីអាយុ២៨ឆ្នាំ បានបង្កឲ្យមានការច្រួលច្របល់កើតឡើង នៅលើយន្ដហោះដែលកំពុងហោះហើរ។ ទង្វើរបស់បុរសនេះ បានបង្ខំឲ្យអ្នកបើកបរយន្ដហោះប្រកាសអាសន្នមកផែនដី ពីការ«ចាប់ពង្រត់»មួយ និងធ្វើការចុះចតជាបន្ទាន់។ ប៉ុន្តែបន្ទាប់ពីត្រូវបាននាំខ្លួនយកទៅសាកសួរក្រោយមក បុរសដែលធ្វើឲ្យគេគិតថា គាត់ជាមនុស្សប្រមឹកនោះ បាននិយាយថា គាត់គ្រាន់តែច្រឡំបន្ទប់អ្នកបើកបរ ទៅនឹង ...«បង្គន់»នៅលើយន្ដហោះប៉ុណ្ណោះ។
យន្ដហោះវៀជីនអូស្ត្រាលៀ ដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់។ (រូបថត Getty Images)
គ្រោះថ្នាក់យន្ដហោះ - ការភ្ញាក់ផ្អើល និងការភិតភ័យច្របូលច្របល់ បានកើតមានឡើងនៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ វៀជីន អូស្ត្រាលៀ (Virgin Australia) ភ្ជាប់ជើងហោះហើរ VA41 ពីទីក្រុង ប្រាយស្បេន (Brisbane) ប្រទេសអូស្ត្រាលី ឆ្ពោះមកកាន់ទីក្រុង បាលី ប្រទេសឥណ្ឌូនេស៊ី ហើយបានជួបហេតុការណ៍ដ៏មិនគួរឲ្យជឿបាននេះ។ បន្ទាប់ពីបោះហើរបានជាង២ម៉ោង បុរសជាតិអូស្ត្រាលីអាយុ២៨ឆ្នាំមួយរូប ដែលបានធ្វើដំណើរចេញពីអូស្ត្រាលី បានវាយតប់ទៅលើទ្វានៃបន្ទប់បើកបររបស់យន្ដហោះប៊ូអីង ៧៣៧ ខ្លាំងៗ ទំនងជាមានបំណងចង់ចូល ទៅទន្ទ្រាននៅក្នុងទីនោះ។
អ្នកនាំពាក្យក្រុមហ៊ុនយន្ដហោះ វៀជីន អូស្ត្រាលៀ ប្រចាំនៅព្រលានយន្ដហោះ ដេនប៉ាសារ (Denpasar) លោក ហេរូ សូច្យាមីកូ (Heru Sudjatmiko) បានពន្យល់ថា «គឺជាមនុស្សប្រមឹកម្នាក់។ ដោយសារបុរសនេះ ទទួលទានស្រាច្រើនពេក បានធ្វើឲ្យគាត់ប្រព្រឹត្តិសកម្មភាពជ្រុលជ្រួសទាំងនេះ។»
ប្រកាសព័ត៌មានខុសគ្នា ...
បន្ទាប់ពីឃាត់បុរសនេះលែងបាន ក្រុមអ្នកបម្រើការនៅលើយន្ដហោះ បានបង្ក្រាបបុរសដោយយកទៅទុកក្នុងបន្ទប់ខាងក្រោយបង្អស់នៃយន្ដហោះ។ រីឯអាកាសយានិក ក៏សម្រេចប្រកាសភាពអាសន្នមកផែនដី ចាត់ទុកនេះជាបំណងនៃការចាប់ពង្រត់មួយ។ នគរបាលដែនអាកាសឥណ្ឌូនេស៊ី បានថ្លែងបញ្ជាក់ថាខ្លួន បានទទួលដំណឹងពីការចាប់ពង្រត់នេះ ខុសផ្ទុយពីក្រុមហ៊ុនអាកាសចរណ៍ ដែលបានចេញមកបដិសេធថា សញ្ញាអាសន្ននេះ កើតឡើងដោយសារតែ អ្នកដំណើរ«ប្រមឹក»រូបនោះ បានវាយខ្លាំងៗ ទៅលើទ្វាបន្ទប់បើកបររបស់យន្ដហោះ។
ក្រុមហ៊ុន វៀជីន អូស្ត្រាលៀ បានសរសេរថា «ព័ត៌មានដែលនិយាយថា យន្ដហោះត្រូវបានចាប់ពង្រត់នោះ មិនត្រឹមត្រូវទេ»។
បុរសនោះមានបញ្ហាផ្លូវចិត្ត ដោយសារបាត់ប្រពន្ធ
នៅថ្ងៃសៅរ៍ទី២៦ ខែមេសានេះ នគរបាលឥណ្ឌូនេស៊ី បានថ្លែងប្រកាសថាអ្នកដំណើរអាយុ២៨ឆ្នាំរូបនោះ មិនបានប្រព្រឹត្តិក្រោមឥទ្ធិពលរបស់សុរាទេ។ ប៉ុន្តែបុរសនេះ បានឆ្លើយប្រាប់នគរបាលថា ខ្លួនបានលេបថ្នាំបំបាត់ការចុកចាប់ចំនួន៦គ្រាប់ ហើយបានផឹកកូកាកូឡា ចំនួន២កំប៉ុង។
បុរសអាយុ២៨ឆ្នាំមានឈ្មោះថា ម៉ាត គ្រីស្ដូហ្វើ ឡុកឡី (Matt Christopher Lockley) បានពន្យល់ប្រាប់នគរបាលថា ខ្លួនមានបញ្ហាផ្លូវចិត្ត ដោយសារប្រពន្ធជាតិ៌ណ្ឌូនេស៊ីរបស់បុរសនេះ បានបាត់ខ្លួន។ បុរសបានធ្វើដំណើរមកប្រទេសឥណ្ឌូនេស៊ី ដើម្បីតាមស្វែងរកប្រពន្ធដែលចាកចោល មិនឲ្យដំណឹងតាំងពី២សប្ដាហ៍មកហើយ។ បុរសបានបន្តទៀតថា ខ្លួនមានអារម្មណ៍ដូចត្រូវបាននរណាម្នាក់ តាមដានពីក្រោយ ហើយចង់លួចកាបូបរបស់ខ្លួន។
បុរសនេះត្រូវបានឃាត់ខ្លួនភ្លាម បន្ទាប់ពីយន្ដហោះបានចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះនៃទីក្រុង ដេនប៉ាសារ (Denpasar - ផ្នែកអាគ្នេយ៍នៃទីក្រុងបាលី) ហើយបច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយមកពីការអស់កម្លាំង។ ប៉ុន្តែនៅប្រទេសឥណ្ឌូនេស៊ី សកម្មភាពរបស់បុរសជាតិអូស្ត្រាលីនេះ អាចនឹងត្រូវផ្ដន្ទាទោសឲ្យជាប់ទោសរហូតដល់២ឆ្នាំក្នុងពន្ធនាគារ និងពិន័យជាប្រាក់ប្រមាណជា ៤៣ពាន់ដុល្លារ៕
-----------------------------------------------