សៀវភៅថ្មីស្ដីពី MH370៖ «មិនមែនជាគ្រោះថ្នាក់ ធ្លាក់ក្នុងសមុទ្រទេ!»
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 16, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងស្នាដៃនិពន្ធមួយ ទៅលើហេតុការណ៍ដ៏អកុសលនេះ សៀវភៅមួយសរសេរដោយអ្នកនិពន្ធពីររូប បានអះអាងសារជាថ្មីថា អ្វីដែលបានកើតឡើងទៅលើយន្ដហោះប៊ូអីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ «មិនមែនជាគ្រោះថ្នាក់ ធ្លាក់ក្នុងសមុទ្រនោះទេ» ហើយថាគឺអាជ្ញាធរទៅវិញទេ ដែលបានលាក់នូវការពិត ទាក់ទងនឹងបញ្ហានេះ។
ប្រភេទយន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាការចរណ៍ ម៉ាឡេស៊ីអែរឡាញ។ (រូបថតក្រុមហ៊ុន)
បាត់យន្ដហោះ - ការបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា នៃយន្ដហោះដែលភ្ជាប់ជើងហោះហើរ ពីរដ្ឋធានីកូឡាឡំពួរ ហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងនោះ នៅតែបន្តធ្វើឲ្យពិភពលោក យកមកត្រិះរិះពិចារណាម្ដងហើយម្ដងទៀត។ អ្នកខ្លះទៀតថែមទាំងយកបញ្ហានេះ មកគិតស្រមើស្រមៃតែផ្ដាសនោះទៀត។ ប៉ុន្តែស្នាដៃមួយដែលបានបោះពុម្ភរួច ហើយនឹងត្រៀមចេញផ្សាយក្នុងពេលខាងមុខ ទំនងជាបានសម្ដែង នូវភាពប្រាកដនិយមច្រើនជាង។
ម្នាក់ជាអាកាសយានិក និងម្នាក់ទៀតជាអ្នកសារព័ត៌មាន បានរួមគ្នាសរសេរចេញជាសៀវភៅមួយ ដែលមានចំណងជើងថា «Good Night Malaysian 370 : The truth behind the loss of Flight 370» ហើយយើងសូមយកមកបកប្រែជាខេមរភាសាថា៖ «រាត្រីសួស្ដី យន្ដហោះម៉ាឡេសី ៣៧០៖ ការពិតនៅពីក្រោយ ការបាត់ខ្លួននៃ ជើងហោះហើរ ៣៧០»។ លោក អ៊ីវាន វីលសុន (Ewan Wilson) និងលោក ជហ្វ ថៃល័រ (Geoff Taylor) បានដឹកនាំការស៊ើបអង្កេតមួយ ដែលប្រើប្រាស់វិធីសាស្ត្រ បំបែកជាចំណុចតូចៗ ដើម្បីរកឲ្យឃើញពីអ្វីដែលបានកើតឡើង ចំពោះយន្ដហោះ ប៊ូអីងមួយនេះ។
លោក អ៊ីវាន វីលសុន បានថ្លែងឡើងថា៖ «សម្រាប់ជំហានដំបូង យើងបង្ហាញនូវការវិភាគលំអិតមួយ ស្ដីពីជើងហោះហើរ ពីចលនាចរណ៍ដែលយន្ដហោះបានធ្វើ និងពីមនុស្សដែលជាអ្នកទទួលខុសត្រូវលើយន្ដហោះ នៅខណៈពេលដែលយន្ដហោះ បានហោះវិលវល់នៅលើមហាសមុទ្រឥណ្ឌា»។ ចំណែកលោក ជហ្វ ថៃល័រ វិញ បានគិតឃើញថា គឺអាជ្ញាធរម៉ាឡេស៊ីតែម្ដង ដែលមិនចង់ទម្លាយចេញនូវការពិត។ លោក ថៃល័រ និយាយថា៖ «អ្វីដែលបានកើតឡើង ទៅលើយន្ដហោះ MH370 នេះ មិនមែនជាគ្រោះថ្នាក់នោះទេ។ វាជាការកំណត់ទុក និងបានគណនាជាមុន។ វាមិនដែលរឿងកើតដល់ថ្នាក់នេះហើយ គ្មានហេតុភេទអ្វីសោះអញ្ចឹងឡើយ។»
អ្នកនិពន្ធចង់ឧទ្ទិសសៀវភៅនេះ ទៅក្នុង«បុព្វហេតុនៃគ្រួសារជនរងគ្រោះ៖ គឺការពិតត្រូវតែបញ្ចេញឲ្យដឹង»។ បន្ថែមពីលើការស៊ើបអង្កេតខាងលើ អ្នកនិពន្ធក៏ចង់ផ្លាស់ប្ដូរហេតុការណ៍ទាំងឡាយ ដូចជាគ្រោះថ្នាក់យន្ដហោះបែបនេះ គួរតែត្រូវបញ្ជៀសឲ្យបាន៕