សាលា​ដំបូង​សម្រេច​ច្រាន​ចោល​បណ្ដឹង​បក្ស​ប្រឆាំង៖ មេធាវី​ថា​មិន​​ត្រឹម​ត្រូវ​តាម​គតិ​ច្បាប់

ដំណឹងពីខាងសាលា​ដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា បណ្ដឹងប្ដឹងមន្ត្រីជាន់ខ្ពស់របស់គ.ជ.ប ទៅសាលាដំបូងនោះ ត្រូវ​បានព្រះរាជអាជ្ញាច្រានចោល នៅរសៀលថ្ងៃទី១៣ខែកញ្ញា។ តែសម្រាប់មេធាវីការពារក្ដីឲ្យគណបក្សសង្គ្រោះជាតិ ថាជា​ការសម្រេចចិត្តមិនស្របតាមគតិច្បាប់ទេ។
Loading...
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: September 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងពីខាងសាលា​ដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា បណ្ដឹងប្ដឹងមន្ត្រីជាន់ខ្ពស់របស់គ.ជ.ប ទៅសាលាដំបូងនោះ ត្រូវ​បានព្រះរាជអាជ្ញាច្រានចោល នៅរសៀលថ្ងៃទី១៣ខែកញ្ញា។ តែសម្រាប់មេធាវីការពារក្ដីឲ្យគណបក្សសង្គ្រោះជាតិ ថាជា​ការសម្រេចចិត្តមិនស្របតាមគតិច្បាប់ទេ។


សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)

ទីក្រុងប៉ារីស - ប្រភពដែលស្នឹតនឹងសាលាដំបូងរាជធានីភ្នំពេញ បានទម្លាយឲ្យទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូដឹង នៅ​រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣នេះថា ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​ បាន​ច្រាន​ចោល​បណ្ដឹង​របស់ ​គណបក្ស​សង្រ្គោះ​ជាតិ​ហើយ ដោយ​សម្រេចសំអាង​ថា មិន​មែន​ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ។

បណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ គឺជាបណ្តឹងចោទប្រកាន់ពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌ ដែលបានប្ដឹងមន្ត្រី​ជាន់​ខ្ពស់បីរូប និងគូរកន របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពីបទ«ក្លែង​លិខិត​​​សាធារណៈ និង​ប្រើ​ប្រាស់​លិខិត​សាធារណៈ​ក្លែង» ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ មន្ត្រីទាំងបី​រូប​នោះ មានលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងលោក ហ៊ឺ រ៉ុង ប្រធាននាយក​ដ្ឋាន​ប្រតិបត្តិរបស់ គ.ជ.ប។

សូមអានអត្ថបទដែលទាក់ទងនេះឡើងវិញ៖ គណបក្ស​សង្រ្គោះ​ជាតិ​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់ គ.ជ.ប ទៅ​តុលាការ ពី​បទ​«ក្លែង​បន្លំ»​ឯកសារ

លោកមេធាវី កែត ឃី មេធាវីមួយរូបការពារក្ដី ឲ្យគណបក្សសង្គ្រោះជាតិក្នុងសំនុំរឿងនេះ បានថ្លែងប្រាប់ ទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូតាមទូរស័ព្ទថា លោកក៏ទទួលដំណឹងនេះដែរ តែលោកនៅមិនទាន់បានទទួលសេចក្ដីសម្រេចនោះ តាមលិខិតជាផ្លូវការនោះនៅឡើយ។ លោកបានឲ្យដឹងថា «វាជាការសម្រេចចិត្ត ដែលមិនសមស្របតាមគតិច្បាប់» ព្រោះ​បណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ទាក់ទងនឹងបណ្ដឹងព្រហ្មទណ្ឌ ដែលនរណាៗក៏ត្រូវស្ថិតនៅក្រោមច្បាប់​ទាំងអស់​គ្នា​ដែរ។ ម្យ៉ាងទៀត លោកបានបញ្ជាក់ថា ព្រះ​រាជ​អាជ្ញា​គួរកោះហៅភាគីដើមបណ្ដឹង ដើម្បីបង្ហាញពីភស្ដុតាង​ដាក់បន្ទុក​ជា​មុនសិន មុននឹងធ្វើការសម្រេចចិត្តមិនចាត់ការ ឬច្រានចោលណាមួយ។

ចំណែកលោកជួង ជូងី មេធាវីមួយរូបទៀត ការពារក្ដីឲ្យគណបក្សសង្គ្រោះជាតិក្នុងសំនុំរឿងនេះដែរ បានបដិសេធមិនធ្វើ​អត្ថាធិប្បាយអ្វីច្រើនឡើយ ទាក់ទងនឹងការច្រានចោល របស់ព្រះរាជអាជ្ញាសាលាដំបូងទេ ដោយលោកបាន​រុញអ្នក​ការសែត ឲ្យទាក់ទងជាមួយគណបក្សសង្គ្រោះជាតិវិញ។ លោកនិយាយយ៉ាងប្រយ័ត្នប្រយ៉ែងថា «សុំអធ្យាស្រ័យ ខ្ញុំសុំ​មិន​បកស្រាយ ព្រោះ​ខ្ញុំ​មិនមែនជាបេក្ខជនតំណាងរាស្ត្រ ឬអ្នកនយោបាយទេ»។

ទោះយ៉ាងណាក៏ដោយ មេធាវីទាំងពីររូប បានអះអាងដូចគ្នាថា ការប្ដឹងជំទាស់នឹងសេចក្ដីសម្រេចចិត្តនេះ ឡើងទៅ​សាលា​ឧទ្ទរណ៍ នឹងត្រូវរងចាំការសម្រេចចិត្តពីកូនក្ដីរបស់លោក គឺគណបក្សសង្គ្រោះជាតិ។ លោកមេធាវី កែត ឃី បានបញ្ជាក់ថា «ក្រុមអ្នកច្បាប់របស់គណបក្ស នឹងធ្វើការសិក្សាពីផ្លូវច្បាប់បន្ថែម ដើម្បីសម្រេចថា តើត្រូវប្ដឹងជំទាស់ឬយ៉ាងណា»។

មិនអាចទាក់ទងសុំប្រតិកម្មបានបន្ថែមទេ ពីខាងគណបក្សសង្គ្រោះជាតិ ដែលជាភាគីដើមបណ្ដឹង និងមន្ត្រីជាន់ខ្ពស់ គ.ជ.ប ដែលជាភាគីចុងចោទ នៅល្ងាចថ្ងៃទី១៣ខែកញ្ញានេះនៅឡើយ។ តែលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ធ្លាប់បាន​ថ្លែងប្រាប់ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា ការដាក់ពាក្យណ្តឹងរបស់គណបក្សសង្រ្គោះជាតិ វាគឺជាសិទ្ធិសេរីភាពរបស់គេ និងពលរដ្ឋគ្រប់រូប ហើយក៏ជាសិទ្ធិធ្វើ​សេចក្តី​សម្រេចរបស់តុលាការ ដូចដែលមានកំណត់នៅក្នុងច្បាប់។ អគ្គលេខាធិការ គ.ជ.ប រូបនេះបញ្ជាក់ថា៖ «យើងនឹងចូល​ទៅ​បំភ្លឺក្នុងតុលាការ ប្រសិនបើមានការកោះហៅ»។

ពាក្យបណ្តឹងរបស់គណបក្សសង្រ្គោះជាតិចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ បានប្ដឹងមន្ត្រីជាន់ខ្ពស់ គ.ជ.ប ពីបទក្លែង៤​ចំណុច​ធំៗ ក្នុងនោះ​រួមមាន៖ ការក្លែងបន្លំឈ្មោះអ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោត ការក្លែងបន្លំឯកសារសាធារណៈ (លិខិតបញ្ជាក់អត្តសញ្ញាណ) និងបន្លំឲ្យបោះឆ្នោតជំនួស ការក្លែងបន្លំលទ្ធផលនៃការបោះឆ្នោត និងការរំលោភច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់បោះឆ្នោត។

ប៉ុន្តែជារឿយៗ អ្នកទទួលខុសត្រូវរបស់ស្ថាប័នជាតិមួយនេះ តែងអះអាងថា ខ្លួនបានប្រតិបត្តិយ៉ាងត្រឹមត្រូវ​តាមនិតិវិធី​នៃច្បាប់បោះឆ្នោត ដែលមានជាធរមានតែប៉ុណ្ណោះ។ ច្បាប់បោះឆ្នោត ដែលក្រុមគណបក្សប្រឆាំង និងក្រុមអង្គការសង្គម​ស៊ីវិលមួយចំនួន បានបរិហារថា ត្រូវបានអ្នកទទួលខុសត្រូវទាំងនេះ យកទៅបកស្រាយស្រេចតែ«អំពើចិត្ត»៕

--------------------------------------------------------
ដោយៈ ដ. កែវ - ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...