កម្ពុជា៖ ច្បាប់ប្រឆាំងការរត់ពន្ធមនុស្ស នឹងគ្មាន«ន័យ» បើមន្ត្រីអនុវត្តច្បាប់«ពុករលួយ»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ច្បាប់ស្តីពីការបង្ក្រាបអំពើរត់ពន្ធមនុស្ស ជាតម្រូវការមួយត្រូវតែមាន ព្រោះ(វា)ជាផ្នែកមួយ ជួយបំពេញន្ថែមទៅនឹងភាពខ្វះចន្លោះ ឬការខ្វះខាតនៃច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ក្នុងសង្គមមានអំពើពុករលួយ «កាលណាមានច្បាប់កាន់តែច្រើន អ្នកពុករលួយកាន់តែស្រួលរកលុយ»។ នេះជាការលើកឡើងរបស់លោក សុខ សំអឿន នាយកប្រតិបត្តិ នៃអង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា។
រូបភាពជំនួស ដើម្បីបង្ហាញពីការចាប់បង្ខាំង និងបង្ខំមនុស្សនៅក្នុងទ្រុងមួយ។ (រូបថត MONOROOM.info)
សេចក្តីព្រាងច្បាប់ដោយក្រសួងយុត្តិធម៌ ស្តីពីការបង្ក្រាបរត់ពន្ធមនុស្សដែលបានព្រាងឡើង ជាងប្រាំពីរឆ្នាំហើយនោះ នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះនីសណ្ឋាគារសាន់វេ។ ក្រសូងយុត្តិធម៌រួមជាមួយអង្គការសង្គមស៊ីវិលជាតិ និងងន្តរជាតិ មន្រ្តីនៃក្រសួងនានា ចៅក្រម មេធាវី និងព្រះរាជអាជ្ញាមកពីតាមបណ្តាខេត្តក្រុងនានា ចូលរូមដើម្បីធ្វើការពីគ្រោះយោបល់គ្នា លើសេចក្តីព្រាងច្បាប់ខាងលើនេះ។
ការពិគ្រោះលើមាត្រាច្បាប់នីមួយៗ នៃសេចក្តីព្រាងច្បាប់នេះ លោក អ៊ីត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានការបង្កើតច្បាប់នេះឡើង ដើម្បីការពារដល់ពួកគាត់ងាយក្នុងការការពារខ្លួនតាមច្បាប់ ស្វែងរកការងារធ្វើ ទៅតាមច្រកមួយដែលគេហៅថាច្រក«ផ្លូវការ» និង«ស្របច្បាប់»។ កម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ដូច្នេះនេះជាការព្វកិច្ចរបស់យើងដែលត្រូវបំពេញ និងទបស់ស្កាត់នូវរាល់បទល្មើសដែលមានចែងក្នុងអនុសញ្ញានោះ។
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ បានលើកឡើងថា កន្លងមកដោយសារតែមិនទាន់មានច្បាប់ ស្តីពីការបង្ក្រាបរត់ពន្ធមនុស្ស ហើយបទល្មើសដែលបានកើតមាន ក៏មិនអាចផ្តន្ទាទោសអ្នកប្រព្រឹត្តិនោះបាន ក្រៅពីការហៅមកណែនាំប៉ុណ្ណោះ។ លោកបានបន្តរថា សម្រាប់ជនបរទេស បើកម្ពុជាមានបត្យាប័នជាមួយប្រទេសនៃជនប្រព្រឹត្តិបទល្មើសនោះ កម្ពុជានិងបញ្ជូនជនល្មើសទៅប្រទេសគេវិញ តែបើប្រទេសគេមានច្បាប់ជននោះ អាចនឹងទទួលទោសតាមច្បាប់របស់ប្រទេសគេ ប្រសិនបើគ្មានទេ កម្ពុជាក៏មិនមានសិទ្ធិអ្វីក្នុងការទាមទាឲ្យដាក់ទោសនោះដែរ។
លោកបានបន្តរថា តាមបទល្មើសជាក់ស្តែងដែលបានកើតមានកន្លងមក មានទ្រង់ទ្រាយតូចៗតែប៉ុណ្ណោះ។ លោកបានឲ្យជាឧទាហរណ៍ថា «ករណីមេខ្យល់ ដែលនាំប្រជាពលរដ្ឋខ្មែរ ឬពលករខ្មែរទៅធ្វើការនៅស្រុកថៃ។ ពលរដ្ឋខ្លួនឯងព្រោះតែចង់ទៅធ្វើការនៅស្រុកគេ បែរជាជួលគេឲ្យនាំខ្លួនទៅធ្វើការដោយខុសច្បាប់ នេះបង្ហាញថាជាការរត់ពន្ធនោះឯង។ ស្របពេលដែលប្រទេសយើងគ្មានច្បាប់នេះ ហើយដែលបណ្តាលនាំឲ្យ មេខ្យល់ ឬអ្នកនាំទាំងនោះមានឱកាស ធ្វើបាប ឬកេងប្រវ័ញ្ចសផ្សេងៗដូចជាលុយកាក់ កម្លាំងពលកម្មជាដើម។ (...) ធ្វើការទើបបានកន្លះខែត្រូវគេប្តឹងថាធ្វើការខុសច្បាប់ ហើយចាប់ដាក់គុក ឯកម្រៃពលកម្មដែលធ្វើក៏មិនបាន ខ្លួនក៏ជាប់គុក។ (...) នេះជាគ្រោះថ្នាក់សម្រាប់ប្រជាជន ដែលត្រូវគេរឹបអូស ឬជួលគេឲ្យ។»
ចំពោះលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថាការដែលតម្រូវឲ្យមានច្បាប់ស្តីពី ការរត់ពន្ធមនុស្សនេះ ជាការបំពេញបន្ថែម ចំពោះច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីអាចមានលទ្ធភាបដាក់ទោសទណ្ឌ ទៅលើអ្នកដែលបានប្រព្រឹត្តិនូវបទល្មើសទាំងនោះ។ លោកស្រីបានបន្តរថា ដោយសារតែច្បាប់ជួញដូមនុស្ស គ្មានពាក្យថា «រត់ពន្ធ» ដែលជាមូលហេតុមួយមានការទាក់ទាមគ្នា និងពិការក្នុងការកំណត់សម្រាប់ដាក់ទោសទណ្ឌលើមនុស្ស។ លោកស្រីបានបញ្ជាក់ថា ការធ្វើច្បាប់នេះដើម្បីកំណត់អត្តសញ្ញាណ នៃបទល្មើស «តើជនរងគ្រោះណាជាជនរងគ្រោះដោយអំពើរត់ពន្ធ តើជនណារងគ្រោះ ដោយការជួញដូរមនុស្ស ឬជូញដូរភេទ»។ បើមិនបានកំណត់អត្តសញ្ញាណជននោះដោយអំពើរត់ពន្ធមនុស្សទេ យើងមិនអាចរាប់បញ្ចូលបានទេ។ បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័យទើប យើងដឹងថាអំពើរត់ពន្ធមនុស្សបាន«ញែក»ចេញពីអំពើនៃការ«ជួញដូរ»មនុស្ស។
ទាក់ទិនភាពខុសគ្នានៃអំពើរ«ជួញដូរ និងរត់ពន្ធ»មនុស្ស លោក អ៊ីត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថាមានលក្ខណៈខុសគ្នា ដោយលោកបានឲ្យន័យទៅលើពាក្យ«ជួញដូរ»ថា នាំមនុស្សយកទៅដើម្បីធ្វើអាជីវកម្ម កេងប្រវ័ញ្ច។ ថ្វីផ្បិតតែមានការឆ្លងដែនដូចគ្នាក៏ពិតមែន តែជាការកេងយកនូវផលប្រយោជន៍នានា ពីជនរងគ្រោះនោះជាបន្តរបន្ទាប់មិនចេះចប់។ ឯរឿង«រត់ពន្ធ»វិញ លោកបានបញ្ជាក់ថា អ្នកដែលត្រូវបានគេរត់ពន្ធ(ជនរងគ្រោះ)នោះ នៅពេលដែលគេនាំគាត់ទៅដល់កន្លែងណាមួយជាក់លាក់ហើយនោះ អ្នកដែលរត់ពន្ធគេ(ជនល្មើស) ត្រូវចប់ភារកិច្ច ហើយក៏ទទួលកម្រៃជាថ្នូរ នឹងការងាររបស់ខ្លួន ប្រៀបបានទៅនឹងអ្នកដែលស៊ីឈ្នួលក្នុងការដឹកជញ្ជូនគេឆ្លងដែន។ ហើយកិច្ចការបន្តរជាលទ្ធភាពផ្ទាល់របស់ជនដែលត្រូវបានគេរត់ពន្ធ(ជនរងគ្រោះ)នោះ។
លោក សុខ សំអឿន នាយកប្រតិបត្តិនៃ អង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា លោកបានបង្ហាញថា«ខាងអន្តរជាតិ ចង់ឲ្យប្រទេសក្នុងតំបន់មានច្បាប់នេះ ដើម្បីការពារកុំឲ្យមានការរត់ពន្ធមនុស្សចុះឡើង។ លោកបានបន្ថែមថា ការធ្វើនេះដើម្បីជួយទប់គ្នាទៅវិញទៅមក កុំឲ្យមានការរត់ពន្ធឆ្លងប្រទេសនីមួយៗ។ ទោះជាយ៉ាងនេះក្តី ក្នុងនាមលោកជាមន្រ្តីអង្គការសង្គមស៊ីវិល នូវតែមានការព្រួយបារម្មណ៍ ចំពោះពោះច្បាប់នេះ ថាអាចជា«ជំនួញថ្មី»មួយសម្រាប់មន្រ្តីដែលធ្វើការផ្នែកនេះ ព្រោះតែ«អំពើរពុករលួយ»។ លោកក៏បានស្នើរ ឲ្យមានការតាក់តែងនូវច្បាប់នេះឲ្យបានច្បាស់ ដើម្បីឲ្យការអនុវត្តរបស់មន្រ្តីទាំងឡាយមានភាពច្បាស់លាស់។
ដើម្បីជាសវាងនូវបញ្ហាយកច្បាប់ ធ្វើជាធ្យោបាយក្នុងការបំរើផលប្រយោជន៍ឬសម្រាប់ទទួលនូវលាភសក្ការៈផ្ទាល់ខ្លួន ឬបក្សពួកនោះ នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជារូបនេះ បញ្ជាក់ថា «យើងមានច្បាប់ប្រឆាំងអំពើពុករលួយ យើងត្រូវពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពោះពុករលួយ។ ទន្ទឹមនឹងនេះត្រូវធ្វើការអប់រំ ហ្វឹកហ្វឺន បំពាក់បំប៉ន មន្រ្តីអនុវត្តច្បាប់។ (...) សំខាន់បំផុតមន្រ្តីអនុវត្តច្បាប់ខ្លួនឯង ដូចជាកងកំលាំងនគបាល ដែលអនុវត្តនេះក៏ត្រូវមានវិធានការ ធ្វើម៉េចដើម្បីការពារកុំឲ្យមានបុគ្គលិក ឬសមាជិកនៃកងកម្លាំងរបស់ខ្លួនធ្វើអ្វីផ្តេសផ្តាស។ ដូច្នេះត្រូវពង្រឹងទាំងអស់គ្នាមិនចាំបាច់ មានស្ថាប័តក្រៅផ្សេងមកជួយពង្រឹងនោះទេ។»
សេចក្តីព្រាងច្បាប់ ស្តីពីការបង្ក្រាបរត់ពន្ធមនុស្ស នេះមានចំនួនប្រាំជំពូក ចែកចេញជា១៨មាត្រា។ ជំពូក១ និយាយពីបទបញ្ញត្តិទូទៅ ដែលមានចំនួនប្រាំមួយមាត្រា។ ជំបូក២ និយាយពីបទល្មើស មានចំនួនប្រាំមួយមាត្រា។ ជំពូក៣ និយាយពីការបង្កក ការឃាត់ទុក និងការរឹបអូសទ្រព្យកខ្វក់ ដែលមានតែមួយមាត្រា។ ជំពូកទី៤ និយាយពីបត្យាប័ន និងជំនួយទៅវិញទៅមក ទាក់ទងនឹងបទល្មើសរត់ពន្ធមនុស្ស ដែលមានបីមាត្រា និងជំពូកទីប្រាំនិយាយពី អវសានប្បញ្ញត្តិ ដែលមានពីរមាត្រា៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ កញ្ញា ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ