យ៉ង់ គឹមអេង៖ ធ្វើច្បាប់គ្រប់គ្រងផ្ទះជួល ឬវិលទៅរបប«កុម្មុយនីស»!
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 16, 2015
- ប្រធានបទ: វិបត្តិកម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីផ្សារសេរី ជាការប្រគួតប្រជែងគ្នា បើអ្នកមកជួល គិតថាម្ចាស់ផ្ទះណាយកថ្លៃឈ្នួលផ្ទះខ្ពស់ អ្នកជួលនោះមានសិទ្ធិ ក្នុងការមិនជួលបាន។ ផ្ទុយមកវិញ បើម្ចាស់ផ្ទះជួលទទួលថ្លៃឈ្នួលផ្ទះតិច មិនធន់ល្មម ម្ចាស់ផ្ទះក៏អាចឈប់ជួលឲ្យដែរ។ តើដល់ពេលនោះ កម្មករមានផ្ទះឯណានឹងស្នាក់នៅ?
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យ៉ង់ គឹមអេង បានលើកឡើង ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្នុងរបបទីផ្សាសេរីនេះ រដ្ឋាភិបាលមិនអាចគ្រប់គ្រង លើតម្លៃផ្ទះជួលផ្ទះ ឬបន្ទប់របស់ឯកជនបានឡើយ។ លោកបានថ្លែងឡើងថា៖ «បើចង់ឲ្យមានការគ្រប់គ្រង លើតម្លៃឈ្នួលផ្ទះនេះ មានប្រសិទ្ធភាព ល្គិកណារដ្ឋអាចលូកដៃ ក្នុងការគ្រប់គ្រងផ្ទះមួយចំនួនផ្សេងទៀត ដូចជាផ្ទះល្វែង និងបូរីជាដើម។ ធ្វើយ៉ាងណា កុំឲ្យផ្ទះល្វែង និងបូរីទាំងនោះ តម្លើងថ្លៃលក់ស្រេចតែនឹងចិត្តបានដែរ។ (...) មួយទៀត តើរដ្ឋអាចគ្រប់គ្រងលើតម្លៃឈ្នួលផ្ទះសំណាក់ សណ្ឋាគារបានទេ បើថាទៅរួច សឹមនិយាយពីផ្ទះជួលសម្រាប់កម្មករនេះ។»
លោកបានលើកជាឧទាហរណ៍ថា បើពលរដ្ឋម្នាក់ទិញផ្ទះល្វែង ឬផ្ទះក្នុងបូរីមួយ ដែលមានតម្លៃចាប់ពីប្រាំពីរ ទៅប្រាំបីម៉ឺនដុល្លា ហើយគាត់បានរៀបចំធ្វើជាបន្ទប់ ឬផ្ទះជួល តើត្រូវឲ្យគាត់ជួលផ្ទះ ឬបន្ទប់នោះក្នុងតម្លៃ១០ ទៅ២០ដុល្លាបានដែរឬ?។ លោកបានចាត់ទុកថា នេះជាយុទ្វសាស្រ្តបរាជ័យទីពី បន្ទាប់ពីយុទ្ធសាស្រ្ត «តភ្លើង» សម្រាប់កម្មករនាពេលកន្លងមក។ លោកចោទជាចម្ងល់ថា «មិនដឹងរដ្ឋបាននេះ ពីណាមកអនុវត្តនោះទេ តើវាជាគោលលការណ៍អ្វី? នៅស្រុកណា ក៏គ្មានគោលការណ៍បែបនេះដែរ គេមិនដែលអនុវត្តអញ្ចឹងទេ?»
មេដឹកនាំសង្គមស៊ីវិលរូបនេះ បានបន្តទៀតថា ទាំងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ហេតុអ្វីបានជាមកនឹកឃើញ មកធ្វើការអនុវត្តលើការគ្រប់គ្រងតម្លៃឈ្នួលផ្ទះ សម្រាប់កម្មកររបស់ឯកជន នាពេលនេះ? លោក យ៉ង់ គឹមអេង បានលើកឡើងថា ជាពិសេសមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលជាអ្នកធ្លាប់រស់នៅបារាំង បានដឹងរឿងនេះច្បាស់ណាស់ ដូច្នេះគួរតែអនុវត្តតាមបែបបារាំងដែរ។ នៅបារាំង ឬប្រទេសមួយចំនួនទៀត រដ្ឋាភិបាលគេជាអ្នកធានាទាំងស្រុង ក្នុងការផ្តល់កន្លែងស្នាក់នៅដល់កម្មករ ក្នុងតម្លៃថោកបំផុត និងប្រទេសខ្លះមិនទាំងយកថ្លៃឈ្នួលផងទេ។
រដ្ឋគួរមានកាតព្វកិច្ច ជួយដល់កម្មករទាំងនោះ តាមរយៈធ្វើផ្ទះជួល និងជួលឲ្យកម្មករក្នុងតម្លៃថោក នោះទើបជាការត្រឹមត្រូវ ជាងមកធ្វើការការបន្ទុកលើប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះជួលយ៉ាងដូច្នេះទេ។ ជាប្រសិទ្ធិភាពក្នុងការអនុវត្ត មន្រ្តីសង្គមស៊ីវិលរូបនេះ បានផ្តល់ជាគំនិត និងយោបល់ចំនួនពីរ ដែលមានប្រសិទ្ធិភាពក្នុងការអនុវត្តន៍ជាង៖
ទីមួយ៖ រដ្ឋគួរស្វែងរកដី ឬដកដីសម្បទានសេដ្ឋកិច្ចណាមួយ មកសង់ជាបន្ទប់ជួលនៅក្បែរៗកន្លែងការងារ ដែលពួកគាត់ធ្វើការ ហើយជួលឲ្យពួកគាត់ក្នុងតម្លៃថោកសមរម្យ។ ឧបមាថា បើខាងផ្ទះប្រជាពលរដ្ឋជួលក្នុងតម្លៃ២០ ទៅ៣០ដុល្លាក្នុងមួយខែ នោះរដ្ឋអាចជួល ដោយយកតម្លៃត្រឹមតែ៥ ទៅ១០ដុល្លាក្នុងមួយខែ។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលគួណាស់ យកលុយជាងពីរលានដុល្លា ក្នុងគម្រោងតបណ្តាញភ្លើងឲ្យកម្មករនោះ មកធ្វើជាផ្ទះ ឬបន្ទប់ជួលសម្រាប់កម្មករវិញនោះចំណេញ និងមានប្រយោជន៍ជាង។ (...) បើរដ្ឋមានសមាណចិត្ត ជួយថែមពីលានទៀតមក អាចធ្វើផ្ទះជួលឲ្យកម្មករបានរាប់ពាន់បន្ទប់ ជៀសជាងយកលុយ ទៅអូសខ្សែរភ្លើងដែលមានហើយ អូសថែមទៀតនោះ។»
ទីពីរ៖ ផ្ទះជួលរបស់ប្រជាពលរដ្ឋដដែលនោះ តាមរយៈ«ខ»សន្យា ជាមួយនឹងរដ្ឋ រដ្ឋអាចមិនគិតពន្ធពីម្ចាស់ផ្ទះ ហើយស្នើឲ្យម្ចាស់ផ្ទះបញ្ចុះតម្លៃបាន។ ឬមួយទៀតអាចនិយាយថា រដ្ឋជួយចេញថ្លៃឈ្នួលផ្ទះ ដល់កម្មករទាំងនោះជាប្រចាំខែ ជាមួយម្ចាស់ផ្ទះតាម«ខ»សន្យា។
រដ្ឋគួតែពិចារណាលើចំណុចទាំងពីរនេះ ជាជំហានទីមួយ ដែលមានប្រសិទ្ធិភាពក្នុងការអនុវត្ត ជាងគម្រោងនៃការធ្វើច្បាប់ គ្រប់គ្រងលើតម្លៃផ្ទះជួល ដែលគ្មានប្រសិទ្ធិភាពនោះ។ លោក យ៉ង់ គឹមអេង បានបញ្ចប់ថា៖ «គ្រប់គ្រងលើម្ចាស់ផ្ទះជួល គ្មានទៅគ្រប់គ្រងបានទេ។ វាមិនអាច គ្មានរដ្ឋណាធ្វើអន្តរាគមន៍លើតម្លៃទេ។ (...) កាលណារដ្ឋលូកដៃ ធ្វើអន្តរាគមលើតម្លៃបានន័យថា យើងកំពុងដើរទៅរក កុម្មុយនីស។ (...) នេះជាយុត្តិសាស្រ្តបរាជ័យមួយទៀត ឥតប្រយោជន៍ មិនមានប្រសិទ្ធិភាព តើទៅចាប់គេ (ម្ចាស់ផ្ទះ) ដោយរបៀបណា?»