នៅពេលដែលប្រធានរដ្ឋសភា ធ្វើការងាររបស់ប្រធានសន្តិសុខ...
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 03, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«លាលែង (ពីប្រធានសភា) ទៅធ្វើសន្តិសុខសភាទៅ ធ្វើប្រធានអង្គរក្ស ទៅយាមសភា ដើរមើលសន្តិសុខ ហើយឲ្យសន្តិសុខសភា គេមកធ្វើជាប្រធានសភាជំនួសវិញ» នេះជាការថ្លែងចំអក របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ទៅនឹងការរារាំងមួយ ដែលបានធ្វើឡើង ក្នុងរយៈពេលចុងក្រោយនេះ ហាមមិនឲ្យក្រុមតំណាងរាស្ត្រ របស់គណបក្សប្រឆាំង (ឬសម្លេងភាគតិច) អាចធ្វើសន្និសីទ ឬផ្ដល់បទសម្ភាស ទៅឲ្យក្រុមអ្នកសារព័ត៌មាន នៅក្នុងវិមានរដ្ឋសភា។
ការថ្លែងរបស់លោក អ៊ុំ សំអាន បានធ្វើឡើង នៅក្នុងបទសម្ភាសមួយ ជាមួយនឹងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី២ ខែកក្កដា មួយថ្ងៃបន្ទាប់ពីរូបលោក ត្រូវបានហាមឃាត់ ដោយលោក ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា (សម្លេងភាគច្រើន កំពុងកាន់អំណាច) មិនឲ្យលោក អ៊ុំ សំអាន ធ្វើបទសម្ភាសទៅឲ្យអ្នកសារព័ត៌មាន នៅក្នុងបរិវេណនៃរដ្ឋសភាជាតិ។
ប៉ុន្តែការហាមឃាត់របស់លោក ឈាង វុន ក្រោមហេតុផល ថាការផ្ដល់បទសម្ភាស ទៅអ្នកសារព័ត៌មាន ដោយគ្មានការអនុញ្ញាត ពីប្រធានរដ្ឋសភានោះ មិនមែនត្រូវបានធ្វើ ត្រឹមតែមាត់ជាពាក្យសម្ដីទេ តែលោក ឈាង វុន បានសរសេរ ជាលិខិតលាយលក្ខណ៍អក្សរមួយច្បាប់ រាយការណ៍ទៅប្រធានរដ្ឋសភានោះ ផងទៀត។ លោក ឈាង វុន បានហៅការផ្ដល់បទសម្ភាសនោះ ជាទង្វើល្មើសនឹងសារាចរណែនាំ ដែលចេញដោយប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ទាក់ទងនឹងសន្តិសុខរបស់រដ្ឋសភា។
តើការផ្ដល់បទសម្ភាស ទៅឲ្យអ្នកសារព័ត៌មាន ពិតជាប៉ះពាល់ដល់សន្តិសុខ របស់រដ្ឋសភាមែនឬ? ហើយចាំបាច់ លោក ហេង សំរិន ឬលោក ឈាង វុន ធ្វើអន្តរាគមន៍ឬ? លោក អ៊ុំ សំអាន បានឆ្លើយថា៖ «បញ្ហាសន្តិសុខ ក្នុងនោះគេមានអគ្គលេខាថិការ ជាអ្នកចាត់ចែងហើយ មិនមែនប្រធានសភា ឬលោក ឈាង វុន ទៅចាត់ចែងទេ។ សន្តិសុខនេះ ទាល់តែមានចោប្លន់ ចោរលួច ចុះខ្ញុំជាតំណាងរាស្រ្ត មិនមែនចោប្លន់ ឬចោរលួចអី?»
តំណាងរាស្ត្រមណ្ឌលសៀមរាប បានពន្យល់ទៀតថា៖ «ការចេញសារាចរ របស់គាត់ (ប្រធានរដ្ឋសភា) ក៏ខុសផងដែរ។ ក្នុងរដ្ឋធម្មនុញ្ញ ប្រធានសភាគ្មានសិទ្ធិចេញសារាចរទេ។ គាត់យល់ច្រឡំ ស្មានគាត់ហ្នឹងដូចរដ្ឋាភិបាល សភាគេមិនដែលមានចេញទេ។ ចឹងគាត់ចេញហ្នឹង មិនបានមើលរដ្ឋធម្មនុញ្ញ មិនបានមើលបទបញ្ជាផ្ទៃក្នុង (រដ្ឋសភា)។»
លោកថា ប្រធានសភា ក៏ដូចជាប្រធានគណកម្មការ មាននាទីសម្រាប់តែដឹកនាំ អង្គប្រជុំតែប៉ុណ្ណោះ មិនមានសិទ្ធិមកចាត់ចែង ឬមកដេញតំណាងរាស្រ្តដូចគ្នាទេ។ លោកបានថ្លែងទៀតថា៖ «គ្មានតួនាទីឯណាទៅ ហាមឃាត់តំណាងរាស្រ្ត ដែលចង់ធ្វើសន្និសីទការសែត ឬនិយាយទៅកាន់អ្នកការសែតអីទេ (ក្នុងរដ្ឋសភា)។ (...) ព្រោះរដ្ឋធម្មនុញ្ញ បានចែងពីសិទ្ធិអ្នកតំណាងរាស្រ្ត។»
លោក អ៊ុំ សំអាន បានអះអាងថា៖ «និយាយឲ្យចំ ប្រធានសភា មានសិទ្ធិ និងឋានៈស្មើខ្ញុំដែរតើ។ មានឋានៈអីដែលធំជាងខ្ញុំនោះ គ្រាន់តែគេឲ្យទៅដឹកនាំសភា... ឬសម្របសម្រួលអង្គប្រជុំប៉ុណ្ណោះ។ សម្ដេច ហេង សំរិន និងខ្ញុំតំណាងរាស្រ្ត ដូចគ្នាហ្នឹងឯង ឋានៈស្មើគ្នា។ (...) សភាហ្នឹងជាសភាជាតិ មិនមែនជាសភារបស់សម្ដេច ហេង សំរិន ទេ មិនមែនជាសភា របស់លោក ឈាង វុន សភារបស់គណបក្រប្រជាជនកម្ពុជាទេ។ ដូច្នេះតំណាងរាស្រ្ត ១២៣រូបហ្នឹង អាចប្រើប្រាស់សភា ជួបជាមួយអ្នកការសែត ឬប្រជាពលរដ្ឋ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ហេង សំរិន ឬពីមន្ត្រីទទួលបន្ទុកខុទ្ទកាល័យ របស់លោក បាននៅឡើយ នាព្រឹកនេះ។ ទស្សនាវដ្ដីនឹងព្យាយាម ស្វែងរកការបកស្រាយ ពីភាគីប្រធានរដ្ឋសភា ហើយនឹងធ្វើការចុះផ្សាយ តាមក្រោយ។ សូមរំលឹកដែរថា កាលពីពេលថ្មីៗនេះ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ធ្លាប់បានចារ ជាសំណេរផ្ទាល់ដៃមួយ បដិសេធក្រុមតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើសន្និសីទការសែត នៅនឹងវិមានរដ្ឋសភា ទាក់ទងនឹងករណីព្រំដែនកម្ពុជា-វៀតណាមទេ។ ចំណារនោះ បានសរសេរថា៖ «រដ្ឋសភាពុំបានចេញ លិខិតបេសកកម្មឲ្យឯកឧត្តម ចុះធ្វើកិច្ចការនេះទេ។ ដូច្នេះខ្ញុំមិនអនុញ្ញាត ឲ្យធ្វើសន្និសីទកាសែត នៅវិមានរដ្ឋសភាទេ។»៕
» សូមអានខ្លឹមសារ នៃលិខិតរបស់លោក ឈាង វុន ដែលបានរាយការណ៍ ទៅប្រធានរដ្ឋសភាកម្ពុជា ដូចខាងក្រោម៖