គូសង្សាពីរនាក់ រួមរ័ក្សជាសាធារណៈនៅលើឆ្នេរ អាចជាប់គុក១៥ឆ្នាំ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៨ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 08, 2015
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនត្រូវយកប្រព័ន្ធច្បាប់ នៅបស្ចឹមលោក មកលេងសើចនោះឡើយ ជាពិសេសប្រព័ន្ធច្បាប់ នៅប្រទេសអាមេរិក ដែលដាក់ប្រឆាំង នឹងអំពើអានាចារ ជាសាធារណៈ។ នេះជាករណី របស់ស្ត្រីបុរស ជាសង្សាមួយគូ ដែលបានប្រព្រឹត្តិការរួមរ័ក្ស នៅកណ្ដាលថ្ងៃ លើឆ្នេរសមុទ្រ Bradenton Beach ដែលសម្បូរទៅដោយមនុស្ស។ ការប្រព្រឹត្តិ បានកើតឡើងតាំងពីខែកក្កដាកន្លងទៅ តែសវនាការកាត់ទោសអ្នកទាំងពីរ ទើបនឹងបើកធ្វើ កាលពីថ្ងៃចន្ទ ក្នុងសប្ដាហ៍នេះប៉ុណ្ណោះ។
នាង អេលីសា អាលវ៉ារេស (Elissa Alvarez) អាយុ២០ឆ្នាំ និងលោក ចូសេ កាបាឡេរ៉ូ (Jose Caballero) អាយុ៤០ឆ្នាំ ត្រូវបានរកឃើញថាមានកំហុស ហើយអាចប្រឈមនឹងទោស ១៥ឆ្នាំ ក្នុងពន្ធនាគារ។ មនុស្សជាច្រើន បានធ្វើសាក្សី បកអាក្រាតពីទង្វើរបស់អ្នកទាំងពីរ ក្នុងនោះមានកុមារអាយុ៣ឆ្នាំម្នាក់ផង។ សាក្សីម្នាក់ ថែមទាំងឆ្លៀតថតបានជាវីដេអូ នៃឈុតឆាកក្ដៅសាច់ នៅចំពេលស្ត្រីម្នាក់ កំពុងទូរស័ព្ទហៅនគរបាល មកទុកជាភស្ដុតាង បង្ហាញចៅក្រមនោះទៀត។
គេបានស្ដាប់ឮសម្លេងស្ត្រី ដែលនិយាយទូរស័ព្ទ ជាមួយនគរបាល យ៉ាងដូច្នេះថា៖ «ពួកគេអត់មាន ឲ្យតម្លៃនរណាម្នាក់ទេ។ គួរឲ្យស្អប់ខ្ពើមណាស់។ ហើយអាប្រុស វាទើបនឹងដោះអាវនាង ជាសង្សាចេញ មុននេះ។ នៅទីនេះ មានកូនក្មេងម្នាក់។»
នៅក្នុងសវនាការ ចៅក្រមបានប្រើពេលតែ១៥នាទីប៉ុណ្ណោះ ដើម្បីពិចារណា ពីសាលក្រមរបស់ខ្លួន។ សារព័ត៌មានអាមេរិក «New York Daily News» បានរាយការណ៍ថា៖ នាង អាលវ៉ារេស និងលោក កាបាឡេរ៉ូ បានប្រព្រឹត្តិខុស ជាមួយនឹងទង្វើអាសអាភាស ហើយពួកគេនឹងដឹង ពីសាលក្រមចុងក្រោយ នៅពេលខាងមុខ។ ក្រៅពីទោសទណ្ឌ ដែលនឹងត្រូវផ្ដន្ទាទោសនេះ អ្នកទាំងពីរ នឹងត្រូវជាប់ឈ្មោះ ក្នុងបញ្ជីស្បែកខ្មៅអាមេរិក ផ្នែកបទល្មើសខាងផ្លូវភេទបន្ថែមទៀត។
រដ្ឋអាជ្ញាប្រចាំរដ្ឋផ្លរីដា លោក អង់តូនី ដាហ្វុងស៊ីកា (Anthony Dafonseca) បានថ្លែងឲ្យដឹងថា៖ «តុលាការបានរកឃើញថា អ្នកទាំងពីរបានប្រព្រឹត្តិកំហុស នៅវេលាម៉ោង១៤និង៣០នាទីរសៀល នៅលើឆ្នេរសមុទ្រមួយ ដែលសម្បូរទៅដោយមនុស្ស និងមានកុមារ នៅមិនឆ្ងាយពីអ្នកទាំងពីរ»។
លោក ចូសេ កាបាឡេរ៉ូ ធ្លាប់ជាប់ពន្ធនាគារ៨ឆ្នាំម្ដងហើយ ពីបទជួយដូរ ម្សៅកូកាអ៊ីន។ ប៉ុន្តែក្រុមគ្រួសារបស់លោក នៅតែការពារលោកថា ទោសកំហុសរួមរ័ក្ស នៅលើឆ្នេរនេះ មិនសាកសមនឹងការផ្ដន្ទាទោស រាប់សិបឆ្នាំនោះឡើយ។ ផ្ទុយទៅវិញ នៅក្នុងសវនាការ លោករដ្ឋអាជ្ញាបានថ្លែងចំពោះចៅក្រមថា៖ «តើពួកគេបានធ្វើរឿងនេះ ដោយលួចលាក់ឬទេ? តើពួកគេបានចុះ ទៅក្នុងទឹក ដើម្បីធ្វើរឿងនេះ ឲ្យផុតកំបាំងពីភ្នែកសាធារណៈជនឬទេ? តើនាង អាលវ៉ារេស បានសាកល្បងយកកន្សែង ឬអ្វីផ្សេង មកគ្របដាក់ពីលើខ្លួនឬទេ? អត់ទេ! ពួកគេមិនបានខ្វល់ ពីអ្វីទាំងអស់។»៕