សង្គមស៊ីវិល៖ សាលក្រមផ្ដន្ទាទោសមេធាវី ជូង ជូងី ក្នុង«សវនាការដ៏អយុត្តិធម៌»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៤ មីនា ២០១៥
- កែប្រែចុងក្រោយ: March 15, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មេធាវីសិទ្ធិមនុស្ស ប្រឈមនឹងការជាប់ពន្ធនាគារ បន្ទាប់ពីសវនាការ ដ៏អយុត្តិធម៌»។ នេះជាចំណងជើង នៃសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ របស់មជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្ទាប់ពីសាលាដំបូង ខេត្តកណ្តាល សម្រេចផ្តន្ទាទោសលោក មេធាវី ជូង ជូងីកាលពីថ្ងៃទី១៣ ខែមីនា ម្សិលម៉ិញនេះ។
ក្នុងសេចក្រីប្រកាសព័ត៌មានបន្ទាន់នោះ បានសរសេរថា៖ «មេធាវីសិទ្ធិមនុស្សលោក ជូង ជូងី ត្រូវបានផ្តន្ទាទោស បន្ទាប់ពីសវនាការដ៏អយុត្តិធម៌ ពីបទ “ផ្ដល់មធ្យោបាយលួចរត់” តាមមាត្រា ៥៦៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩ បន្ទាប់ពីគាត់ បានជួយឲ្យកូនក្តីរបស់គាត់ ចេញពីពន្ធនាគារ។»
មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានទទួលស្គាល់ថា លោក ជូង ជូងី ជាមេធាវីម្នាក់ ដែលហ៊ានចេញមុខការពារ ឬតំណាងឲ្យកូនក្តីនយោបាយ សំខាន់ៗមួយចំនួន ដូចជា លោក សម រង្ស៊ី ដែលជាមេដឹកនាំ នៃគណៈបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ នៅកម្ពុជា ជាដើម។
សេចក្ដីប្រកាសនោះ បានចោទប្រកាន់យ៉ាងដូច្នេះថា៖ «នេះជាការរំលោភកាតព្វកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសិទ្ធិ ទទួលបានការជុំនុំជម្រះក្តី ដោយយុត្តិធម៌ ឲ្យស្របតាមរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាជារដ្ឋភាគី។»
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា បានមើលឃើញថា ការចេញសាលក្រមថ្ងៃនេះ បន្ទាប់ពី សវនាការកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយពុំមានវត្តមានលោក ជូង ជូងី ឬក៏មេធាវីរបស់លោកឡើយ។ ហើយសវនាការនោះ ក៏មិនមានសាក្សីផ្ដល់ភស្តុតាងតទល់ ឬគាំទ្របទចោទ ទៅលើលោក ជូង ជូងី នោះដែរ។ តុលាការមួយនេះ មិនបាន ទទួលយកការដាក់ពាក្យសុំពន្យាសវនាការ ព្រោះតែលោក ជូង ជូងី គ្មានពេលគ្រប់គ្រាន់ ក្នុងការត្រៀមការពារក្តីនោះដែរ។
ប្រហែលគ្នានេះ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានលើកឡើងថា ការចោទប្រកាន់ របស់សាលាដំបូងខេត្តកណ្តាលនេះ ជារឿងនយោបាយ សុទ្ធសាធ។ មន្រ្តីសិទ្ធិមនុស្ស បានមើលឃើញថា ទាំងការកាត់សេចក្តី ទាំងការប្រកាស សុទ្ធតែត្រូវបានធ្វើឡើង ដោយកំបាំងមុខ។ លោកបញ្ជាក់បន្ត ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ក្នុងស្រុកមួយ យ៉ាងដូច្នេះថា៖ «យើងមើលទៅ រឿងនេះពាក់ព័ន្ធ នឹងរឿងនយោបាយសុទ្ធសាធ។ (…)ហេតុអ្វីបានជាមិនជូនដំណឹង មិនកោះហៅគេ។»
«ការអនុវត្តបែបកុម្មុយនីស»
អ្នកឃ្លាំមើល និងស្រាវជ្រាវផ្នែកសង្គម ក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក កែម ឡី បានបង្ហាញថា តុលាការកម្ពុជាបច្ចុប្បន្ន ត្រូវបានបុគ្គលមួយចំនួន ធ្វើការបញ្ជាបានតាមចិត្ត។ លោកក៏ស្នើឲ្យរដ្ឋាភិបាលសព្វថ្ងៃ ធ្វើយ៉ាងណាពង្រឹងប្រព័ន្ធតុលាការ ឲ្យមានភាពឯករាជ្យឡើង។ លោកបន្តថា៖ «បើមិនដូច្នេះទេ ទាំងអ្នកធំ និងអ្នកតូច ត្រូវតែរងគ្រោះដូចគ្នា។ (…) វាមិនមែនជាសង្គមប្រជាធិបតេយ្យទេ តែជាសង្គមកុម្មុយនីស ព្រោះតែគេអាចបញ្ជាតុលាការបានគ្រប់គ្នា។ (…) ក្នុងរដ្ឋធម្មនុញ្ញ ជាសង្គមប្រជាធិបតេយ្យហើយ តែការអនុវត្តបែបកុម្មុយនីស។»
សូមបញ្ជាក់ថា ប្រសិនបើទោសនោះត្រូវអនុវត្ត លោក ជូង ជូងី អាចប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ រហូតដល់បីលានរៀល តាមមាត្រា ៥៦៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ឯតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ចាន់ ចេង ក៏ត្រូវបានផ្តន្ទាទោស ពីបទចោទដូចគ្នាផងដែរ។ នេះបើតាមការសន្និដ្ឋានចុងក្រោយ របស់មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា៕