ភេវរកម្ម​នៅ​ប៊ូស្ដុន៖ ជន​ជាប់​ចោទ​ច្រណែន​បង​ខ្លួន ទៅ​ថាន​សួគ៌​មុន

ភស្ដុតាង មានកាន់តែច្រើនឡើង ដើម្បីដាក់បន្ទុក ទៅលើជនជាប់ចោទ ជាភេវរជនដាក់គ្រាប់បែក កាលពីឆ្នាំ ២០១៣ នៅទីក្រុង ប៊ូស្ដុន ជាពិសេសសំណេរមួយ ដែលត្រូវបានយកមកបង្ហាញចៅក្រម បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 14, 2015
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើមបណ្ដឹង បានបន្ថែមបន្ទុក កាន់តែច្រើនឡើង ដាក់ទៅលើ ជនជាប់ចោទ ជាភេវរជន ដាក់គ្រាប់បែក កាលពីបីឆ្នាំមុន ហើយដែលអាចធ្វើឲ្យទម្ងន់ទោស ឈានទៅដល់ការប្រហារជីវិត។ នៅក្នុងសវនាការកាត់ទោស ជ័កហារ ត្សាណី (Djokhar Tsarnaev) អាយុ២១ឆ្នាំ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី៤ ខែមីនាកន្លងទៅ ហើយគ្រោងនឹងបញ្ចប់ នៅខែ​មិថុនា​ខាងមុខនោះ សាក្សីមិនតិចជាង ៤០នាក់ ត្រឹមតែមួយថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះប៉ុណ្ណោះ បានចូលខ្លួន​មក​បន្ថែម​បន្ទុក កាន់​តែ​ច្រើន​ឡើង ទៅលើជនជាប់ចោទ។

រីឯខាងមេធាវីការពារក្ដីវិញ មិនបានជ្រើសរើស ការសួរនាំសាក្សីទាំងនោះ ដើម្បីជួយសម្រាលបន្ទុក ឲ្យកូនក្ដី​របស់​ខ្លួន​ទេ។ ខាងការពារក្ដី បាននិយាយទទួលស្គាល់ តាំងពីសវនាការថ្ងៃដំបូង ថា ជ័កហារ ត្សាណី ពិតជាត្រូវទទួលខុសត្រូវ ទៅ​លើ​ករណីភេវរកម្មនោះ។ ប៉ុន្តែបានអះអាងថា យុវជនម្នាក់នេះ បានធ្វើសកម្មភាព តាមការពន្យុះរបស់បងប្រុសខ្លួន តាមើឡាន ត្សាណី (Tamerlan Tsarnaev) ដែលត្រូវបានកងកម្លាំងនគរ​បាល បាញ់សម្លាប់នៅនឹងកន្លែង ក្រោយពី​ភេវរកម្ម​នោះ ប៉ុន្មានថ្ងៃ។

ជាការរំលឹកឡើងវិញ ភេវរកម្មបំផ្ទុះគ្រាប់បែកឆ្នៃ ពីរគ្រាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ បានធ្វើឡើង ក្នុងពេលដែល​មាន ការរត់កីឡាម៉ារ៉ាតុង ប្រចាំឆ្នាំរបស់ទីក្រុង ប៊ូស្ដុន ហើយបានធ្វើឲ្យមនុស្ស៣នាក់ស្លាប់ របួសដាច់ដៃជើង ធ្ងន់​ស្រាល ២៦៤នាក់។


ជនសង្ស័យ ជ័កហារ ត្សាណី ក្នុងសម្លៀកបំពាក់ជានិស្សិតទទួលសញ្ញាប័ត្រ។

កាលពីថ្ងៃអង្គារ ភស្ដុតាងមួយ បានបង្ហាញថា គេបានរកឃើញថា ជ័កហារ ត្សាណី បានសរសេរនៅក្នុងកាណូត អូប័រ ដែលជននេះ បានចូលទៅលាក់ខ្លួន មុននឹងប្រគល់ខ្លួនឲ្យនគរបាល និងបន្ទាប់ពីការស្លាប់ របស់បងប្រុសខ្លួន។ ក្នុងការ​សរសេរនោះ ដែលលាយឡំដោយស្នាមគ្រាប់កាំភ្លើង របស់នគរបាល និងស្នាមឈាមនោះ បានបញ្ជាក់ថា ជ័កហារ ត្សាណី ច្រណែននិងបងប្រុសរបស់ខ្លួន ដែលបានឡើងទៅថានសួគ៌មុនខ្លួន។

សំណេរដដែល បានសរសេរទៀតថា «ព្រះជាម្ចាស់ មានគម្រោងរួចជាស្រេច សម្រាប់មនុស្សម្នាក់ៗ ហើយគម្រោង​របស់ខ្លួន កំពុងលាក់ខ្លួន នៅក្នុងកាណូតនេះ។ ព្រះជាម្ចាស់ នឹងដឹងពីច្បាស់ ពីអ្វី ដែលខ្លួនបានធ្វើ។» សំណេរបាន​សរសេរ​ទៀតថា៖ «រដ្ឋាភិបាលអាមេរិក បានសម្លាប់ប្រជាជនស៊ីវិល ដែលគ្មានទោសកំហុស។ ខ្ញុំមិនអាចអត់ទ្រាំ នឹងឈរមើលអំពើអាក្រក់នេះ នៅតែបន្តមាន ដោយគ្មានការពិន័យដូច្នេះនោះទេ។»

គ្រូពេទ្យមួយរូប បានចូលមកធ្វើសាក្សី កាលពីថ្ងៃព្រហស្បត្តិ៍ រៀបរាប់ថា នៅក្រោយព្រឹត្តិការណ៍ភេវរកម្មប៉ុន្មានថ្ងៃ នគរបាល​មួយរូប ដែលបានចុះ ទៅត្រួតពិនិត្យអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានបច្ចេកវិទ្យា នៃរដ្ឋម៉ាស្សាឈូសេត (Massachusetts) ត្រូវបានបុរសទាំងពីរនាក់បងប្អូន បាញ់បីគ្រាប់សម្លាប់ ចំកណ្ដាលក្បាល ដោយ​ប្រើ​ចំងាយ​ប៉ុន្មាន​​​តែ​មួយដៃ ពីជនរងគ្រោះប៉ុណ្ណោះ។ មុននេះមួយថ្ងៃ និស្សិតមួយរូប ក៏បានចូលខ្លួន មកនិយាយប្រាប់ចៅក្រមដែរថា ខ្លួន​បានឃើញជនជាប់ចោទ ដ្យូកហារ ត្សារនូវ នៅក្នុងរថយន្ដនគរបាល ដែលជនជាប់ចោទទើបនឹងបាញ់សម្លាប់ និងថា​បានឃើញជនជាប់ចោទ ចង់យកកាំភ្លើង ដែលនៅនឹងសាកសពរបស់នគរបាល។

កាលពីសប្ដាហ៍មុន វីដេអូដែលប្រមូលបាន ដោយភ្នាក់ងារស៊ើបអង្កេត របស់អាមេរិក (FBI) បានបង្ហាញពីសកម្មភាព របស់បងប្អូនទាំងពីរ មុននឹងដាក់គ្រាប់បែក បំផ្ទុះ និងពីការដាក់កាបូបរបស់ខ្លួនចោល មុននឹងដើរចេញ យ៉ាងស្ងាត់​ស្ងៀម ដើម្បីឲ្យទុកកាបូប ដែលមានផ្ទុកទៅដោយគ្រាប់បែកឆ្នៃ បានផ្ទុះឡើងបង្កគ្រោះ ដល់ជនស៊ីវិលរាប់សិបនាក់។

» សូមទស្សនាវីដេអូ និងអានអត្ថបទឡើងវិញ ដោយចុចនៅលើទីនេះ

បើទោះជាខាងការពារក្ដី បានទទួលស្គាល់ការទទួលខុសត្រូវរបស់ ដ្យូកហារ ត្សារនូវ ហើយបានព្យាយាមពន្យល់ថា នោះ​ដោយសារតែ ជ័កហារ ត្សាណី លុះក្រាមការបញ្ចុះបញ្ចូល របស់បងប្រុសជនជាប់ចោទក៏ដោយ តែសម្រាប់​រដ្ឋ​អាជ្ញា​អាមេរិក​វិញ មិនគិតដូច្នោះទេ។ អ្នកជំនាញខាងច្បាប់មួយរូប លោក រ៉ូប៊ែរ ប្លូម (Robert Bloom) បានថ្លែងឡើងថា៖ «ក្រុម​រដ្ឋអាជ្ញា ចង់បង្ហាញថា ដ្យូកហារ ត្សារនូវ ជាភេវរជនអ៊ីស្លាម ដ៏ច្បាស់លាស់មួយរូប និងចង់ដាក់ទោស ប្រហារ​ជីវិត ទៅលើជនជាប់ចោទ ខណៈខាងការពារក្ដី មិនចង់ឲ្យមានការដាក់ទោស ដល់កម្រិតនេះទេ។ (...) មានសាក្សី និង​ភស្ដុតាង​ច្រើន យកតែមែនទែន ដែលពិបាកនឹង វើឲ្យចៅក្រម នឹងមិនប្រកាស ពីទោសកំហុសដ៏ធំនោះ បាន​ឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...