ភេរវកម្មនៅ​«នីស»៖ ប្រធានាធិបតី​បារាំង​«បន្ត»​ដាក់​​ប្រទេស ក្នុង​ភាព​អាសន្ន

តែប៉ុន្មានម៉ោង ក្រោយអំពើភេរវកម្ម បង្កឡើងដោយរថយន្ដ​ដឹក​ទំនិញ​​ធុនធ្ងន់​មួយ​គ្រឿង ដែលត្រូវ​បាន​ភេរវជន​ម្នាក់ បើក​បំបុក​ចូល ក្នុងហ្វូង​មនុស្ស​រាប់​សិប​ពាន់​នាក់ នៅ​ក្រុង​នីស (Nice - ភាគខាងត្បូងបារាំង) ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានចេញមកប្រកាស បន្តដាក់​ប្រទេស​បារាំង ឲ្ស​ស្ថិត​ក្នុង​ភាព​អាសន្ន សម្រាប់​រយៈពេល​៣ខែ​ទៅមុខទៀត។
ភេរវកម្មនៅ​«នីស»៖ ប្រធានាធិបតី​បារាំង​«បន្ត»​ដាក់​​ប្រទេស ក្នុង​ភាព​អាសន្ន
ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៥ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 15, 2016
  • ប្រធានបទ: ភេរវកម្ម-នីស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងបទអន្តរាគមន៍ ទាំងកណ្ដាលរាត្រី នៃយប់ថ្ងៃទី១៤ ចូលមកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ របស់​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានបញ្ជាក់បន្ថែមដែរថា វិធានការ​ចាំបាច់​ផ្សេង​ទៀង នឹងត្រូវបង្កើតឡើង ដើម្បីជួយសម្រួល​ដល់កិច្ចការស៊ើបអង្កេត និងស្រាវជ្រាវរបស់នគរបាល និង​កង​អាវុធហត្ថ។

នាយប់ថ្ងៃបុណ្យជាតិ ថ្ងៃ១៤កក្កដា នេះ ការវាយប្រហារមួយបានកើតឡើង នៅក្រុង នីស (Nice) ដែលស្ថិត​នៅ​មាត់​សមុទ្រ មេឌីទែរ៉ាណេ (Méditerranée) ភាគខាងត្បូងបារាំង បង្កឡើងដោយរថយន្ដដឹកទំនិញ​មួយ​គ្រឿង ដែលបើកដោយភេរវជនម្នាក់ បុកសំដៅហ្វូងមនុស្ស ដែលមានចំនួនច្រើនពាន់នាក់ នៅខណៈពេល​ដែល​បណ្ដា​ជន​ទាំងនោះ កំពុងទស្សនាការបាញ់កាំជ្រួចជ្វាលា ដើម្បីអបអរថ្ងៃបុណ្យ នៅលើវិថីកំសាន្ដមួយ ដែល​មាន​ឈ្មោះ «Promenade des Anglais»។

លោក ហ្វ្រង់ស៊័រ ហូឡង់ បានបញ្ជាក់ថា នៅវេលានេះ មនុស្សចំនួនយ៉ាងហោច៧៧នាក់ បានស្លាប់ នៅក្នុង​នោះ​មាន​ទាំងកុមារតូចជាច្រើននាក់។ លោកប្រធានាធិបតីបានថ្លែងឡើង តាមកញ្ចក់ទូរទស្សន៍ថា៖ «ចរិក​"ភេរវកម្ម" នៃការវាយប្រហារនេះ មិនអាចត្រូវបានទាត់ចោលឡើយ»។

លោកបានបន្តទៀថា៖ «ប្រទេសបារាំង បានរងការវាយប្រហារ នៅចំថ្ងៃបុណ្យជាតិរបស់ខ្លួន (...) ខ្ញុំសូម​ថ្លែង​ក្នុង​នាម​ប្រជាជាតិ នូវសមាណចិត្ត​នៃសាមគ្គីភាព​របស់យើង ចំពោះជនរងគ្រោះទាំងអស់។»

ប្រធានាធិបតីបារាំង បានចេញបទបញ្ជាបន្ថែមថា៖ «ក្រោយពីភេរវកម្ម នៅរដ្ឋធានី​ប៉ារីស កាលពីខែមករា ឆ្នាំ​២០១៥ និងនៅខែវិច្ឆិការ (ឆ្នាំដដែល) នៅពេលនេះ គឺក្រុង នីស បានរងការវាយ​ប្រហារដូចគ្នា។ គឺប្រទេស​បារាំង​ទាំងមូល ដែលរងការគម្រាម ពីក្រុមភេរវនិយមអ៊ីស្លាម។ (...) វិធានការជាច្រើន ត្រូវបាន​បង្កើត​​ឡើង​​រួច​មកហើយ (...) ប៉ុន្តែយើងចាំបាច់ត្រូវធានាឲ្យខាងតែបាន នូវកម្រិត​នៃកិច្ចការពារ ប្រជាជាតិរបស់យើង។»

នៅក្នុងកិច្ចអន្តរាគមន៍ របស់ប្រធានាធិបតីបារាំងដដែល បានបញ្ជាក់ទៀតថា នឹងបន្តដាក់ប្រទេសបារាំង នៅ​ក្នុង​ភាពអាសន្ន សម្រាប់រយៈពេល​៣ខែទៅ​មុខទៀត ខណៈការដាក់ប្រទេសបារាំង ទៅក្នុងស្ថានភាពបែបនេះ ហៀប​នឹង​បញ្ចប់​ហើយ បន្ទាប់ពីភេរវកម្មលើកមុន នៅរដ្ឋធានីប៉ារីស (តាម​ធម្មតា ត្រូវបញ្ចប់នៅថ្ងៃ​ទី២៦ ខែកក្កដា​ខាង​មុខ)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...