ISIS បង្កើតរថយន្ដបំផ្ទុះគ្រាប់បែកដោយគ្មានមនុស្សបើក ត្រៀមវាយអ៊ឺរ៉ុប
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៧ មករា ២០១៦
- កែប្រែចុងក្រោយ: January 08, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បទយកការណ៍ជាវីដេអូ របស់ទូរទស្សន៍ «Sky News»បានធ្វើឲ្យស្រៀវ ព្រឺដល់ឆ្អឹងខ្នង។ ឯកសារដើម នៃវីដេអូនោះមានរយៈពេលដល់ទៅ ៨ម៉ោង ហើយត្រូវបានទម្លាយមកឲ្យស្ថានីយ៍ ដោយសមាជិកមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។
នៅក្នុងវីដេអូនោះ ឲ្យបានដឹងថា ក្រុមរដ្ឋអ៊ីស្លាមមានស្ថាប័នមួយ (ឬជាសកលវិទ្យាល័យ) សម្រាប់«ធ្វើការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍» នៅក្រុង រ៉ាកា (Raqqa ក្រុមមួយរបស់ប្រទេសស៊ីរី) ដែលត្រូវបានក្រុមភេរវជនមួយនេះ ចាត់ទុកជារដ្ឋធានីនៃទឹកដីរបស់ខ្លួន។ នៅក្នុងស្ថាប័ននោះ ក្រុមរដ្ឋអ៊ីស្លាមបានហ្វឹកហ្វឺន ពីការបង្កើតនិងការប្រើប្រាស់ អាវុធជាតិផ្ទុះជាច្រើន ជាការបំផ្ទុះគ្រាប់បែក។
កំណប់រ៉ែមាស...
បន្ទាប់មក គេបានឃើញក្រុមរដ្ឋអ៊ីស្លាម កំពុងរៀបចំបច្ចេកវិទ្យាថ្មីមួយ ដើម្បីធ្វើការវាយប្រហារ ទៅលើទ្វីបអ៊ឺរ៉ុបទាំងមូល ដោយមិនប្រើប្រាស់មនុស្ស និងបញ្ជាពីចំងាយ។ ស្រង់សម្ដីដោយទូរទស្សន៍អង់គ្លេសដដែល លោក «Chris Hunter» អតីតនាយទាហ៊ានមួយរូប នៃកងទ័ពអង់គ្លេស ដែលបានទស្សនារូបភាពក្នុងវីដេអូនោះ បានសម្ដែងការ«ភ្ញាក់ផ្អើល»យ៉ាងខ្លាំង។ លោកបានថ្លែងឡើងថា៖ «រូបភាពទាំងនេះ ប្រៀបបាននឹងកំណប់រ៉ែមាស។ វាបានប្រាប់យើង ពីគម្រោងនានា ក្នុងការវាយប្រហារលើកក្រោយៗទៀត»។
លែងត្រូវការមនុស្ស ចូលទៅបំផ្ទុះគ្រាប់បែក ដោយសម្លាប់ខ្លួន...
វីដេអូបានបង្ហាញថា ក្រុមរដ្ឋអ៊ីស្លាមបានបង្កើតនូវរថយន្ដជាច្រើន ដែលមានផ្ទុកពេញ ទៅដោយគ្រាប់បែក តែគ្មានមនុស្សបើក ដើម្បីត្រៀមវាយលុកទ្វីបអ៊ឺរ៉ុប។ ប៉ុន្តែនៅនឹងកៅអីអ្នកបើកនោះ មានរូបតុក្កតាជាមនុស្សមួយ ត្រូវបានដាក់ឲ្យអង្គុយពីលើ ដើម្បីបន្លំភ្នែកអ្នកផង ក៏ដូចជាបន្លំឧបករណ៍ចាប់កម្ដៅដែរ។ ដូច្នេះបានសេចក្ដីថា ក្រុមរដ្ឋអ៊ីស្លាមលែងត្រូវការមនុស្ស ឲ្យបើករថយន្ដនោះ ដើម្បីចូលទៅបំផ្ទុះគ្រាប់បែក នៅទីកន្លែងណាមួយទៀតហើយ។
បន្ថែមពីលើនេះ ក្រុមអ្នកស្រាវជ្រាវ ខាងបច្ចេកវិទ្យារបស់អង្គការភេរវកម្ម ថែមទាំងបង្ហាញ ពីសមត្ថភាពរបស់ពួកគេ ថាអាចប្រើកាំជ្រួចហួសសម័យមួយចំនួន ដើម្បីកំទេចយន្ដហោះ ដែលកំពុងហោះ នៅលើមេឃនោះទៀតផង៕
» វីដេអូ«Sky News» ដកស្រង់រូបភាពមួយចំនួន ពីការសិក្សាស្រាវជ្រាវ របស់ក្រុមរដ្ឋអ៊ីស្លាម៖