ខ្មាន់​កាំភ្លើង​បាន​បាញ់​រះ​លើ​នគរបាល រួច​ព្រមាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ដាឡាស

ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារ នៅថ្ងៃសៅរ៍ទី១៣ ខែមិថុនានេះ ទៅលើអាគារនគរបាល នៃក្រុងដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក។ ដំណឹងចុងក្រោយ បានឲ្យដឹងថា អ្នកបាញ់កាំភ្លើងពីចំងាយ របស់អាជ្ញាធរ បាន​បាញ់​តប ធ្វើឲ្យជននោះរងរបួស (ឬអាចស្លាប់) នៅក្នុងរថយន្ដមួយ។
សកម្មភាពប្រឈមមុខគ្នា រវាងខ្មាន់កាំភ្លើង និងកងកម្លាំងនគរបាល ក្រុងដាឡាស នៃរដ្ខតិចសាស សហរដ្ឋអាមេរិក។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 13, 2015
  • ប្រធានបទ: បាញ់បោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបាញ់ប្រហារ បានកើតឡើង នៅរំលងអាធ្រាត យប់ថ្ងៃសុក្រ ចូលមកព្រឹកថ្ងៃសៅរ៍ទី១៣ ខែមិថុនានេះ ក្នុង​សង្កាត់បញ្ជាការដ្ឋាន របស់កម្លាំងនគរបាល ក្រុងដាឡាស របស់រដ្ឋតិចសាស សហរដ្ឋអាមេរិក។ នេះបើតាម​ការ​ប្រកាសឲ្យដឹង ពីនគរបាលក្រុង ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ រថយន្ដធុនមធ្យមមួយគ្រឿង ដែលសាក្សី​បាន​អះអាងថា មានពាសដោយដែកការពារនោះ បានបើកចូលមកបុករះ រថយន្ដតូចជាច្រើនគ្រឿង របស់នគរបាល ហើយអ្នកនៅក្នុងរថយន្ដធុនមធ្យមនោះ បានបើកការបាញ់ប្រហារឡើង សំដៅនគរបាល។ គ្រាប់បែកជាច្រើន ត្រូវបានគេរកឃើញ នៅក្រោមរថយន្ដនគរបាល។

បន្ទាប់ពីមានការបាញ់តបវិញ ពីសំណាក់នគរបាលនោះ ជនខ្មាន់កាំភ្លើង បានបើករថយន្ដគេ​ចខ្លួន តែបានចូល​ទៅ​ជាប់គាំង នៅក្នុងចំណតរថយន្ដ នៃភោជនីយដ្ឋានមួយ។ បើតាមទូរទស្សន៍ ស៊ីអិនអិន (CNN) ដែលបាន​តាម​ដាន​ករណីនេះ ជាប់រហូតនោះ បានរាយការណ៍ថា ការជជែកចរចាបានកើតឡើង រវាងជននៅក្នុងរថយន្ដ​ពាស​ដែកនោះ ជាមួយនឹងមន្ត្រីជំនាញ (ខាងចរចា) របស់កងកម្លាំងពិសេសអាមេរិក ហៅកាត់ថា SWAT។

ក្រុមអ្នកបាញ់កាំភ្លើង ពីចំងាយ (sniper) របស់នគរបាល បានអះអាងថា ពួកគេបានបាញ់ឲ្យរបួស ឬឲ្យស្លាប់ ជនសង្ស័យម្នាក់ ពីក្នុងចំណោមនោះ។ នៅក្នុងទំព័រទ្វីសធើរ របស់នគរបាល បានសរសេរជូនដំណឹងថា មនុស្ស​យន្ដមួយ ត្រូវបានបញ្ជូនទៅជិតជនសង្ស័យ ដើម្បីដឹងថា តើជននេះពិតជាស្លាប់ ឬមិនទាន់ និងពិនិត្យមើល ពី​វត្តមាន​គ្រាប់បែក។

ជនសង្ស័យ ជាឪពុកម្នាក់ ដែលចង់សងសឹក ឲ្យកូនខ្លួន!

ប្រសិនជាអត្តសញ្ញាណ របស់​ជន​សង្ស័យ មិនទាន់មានការអះអាង ពីប្រភពផ្សេងៗនៅឡើយនោះ ប៉ុន្តែជន​សង្ស័យ​ខ្លួនឯង ទំនងជាបាន​ថ្លែង​ថា ខ្លួនមានឈ្មោះ ជែម ប៊ូលវ៉ារ (James Boulware) ដែលមាន​អាយុ​​ប្រមាណ​ជាង ៥០ឆ្នាំ។ ជននេះ ត្រូវបានស្គាល់ដោយអាជ្ញាធរ ក្នុងពេលកន្លងមក ថាជាអ្នក បានប្រើប្រាស់​កាំភ្លើង និង​ប្រព្រឹត្តិ​អំពើហិង្សា នៅក្នុងគ្រួសារ។ ជននេះ បានពន្យល់ប្រាប់នគរបាលថា ខ្លួនបានសម្ដែង​ការ​ខឹង​សម្បារ ដោយ​សារតុលាការ បានចាប់កូនរបស់ខ្លួនម្នាក់ទៅ និងបានចាត់ទុកកូនប្រុសរូបនោះ ថា​ជា​«ភេវរជន»។

មិនមែនជាភេវរកម្ម

បើតាមសាក្សីដំបូងៗ បានឲ្យដឹងថា ជនខ្មាន់កាំភ្លើងអាចមានចំនួន៤នាក់ ប៉ុន្តែនគរបាលបានគិតថា ជន​សង្ស័យ​បានធ្វើសកម្មភាពនេះ តែម្នាក់ឯងប៉ុណ្ណោះ។

នាយនគរបាលក្រុង លោក ដេវីដ ប្រោន (David Brown) បានបញ្ជាក់ទៀតថា ស្បោងជាច្រើន ដែលមាន​គ្រាប់​បែកឆ្នៃ ត្រូវបានបោះដាក់ពង្រាយ នៅពីមុខ និងនៅជុំវិញស្នងការដ្ឋាននគរបាល។ ស្បោងមួយ បាន​ផ្ទុះឡើង នៅ​ខណៈពេលដែលមនុស្សយន្ដ ត្រូវបានបញ្ជូនទៅក្បែរ ដើម្បីទប់ស្កាត់កុំឲ្យផ្ទុះ។ រហូតមកដល់​ម៉ោង​នេះ នគរបាល​នៅមិនទាន់ថ្លែង ជាជនរងគ្រោះណាម្នាក់នៅឡើយ តែបានអះអាងថា ទង្វើនេះ មិនមែនជា​​អំពើ​ភេវរកម្ម​ឡើយ៕

» វីដេអូផ្សេងទៀត ក្នុងព្រឹត្តិការណ៍នេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...