ជនជាតិអង់គ្លេស សេពកាមជាមួយអនីតិជន ជាប់ទោសពីរឆ្នាំនៅកម្ពុជា
គ្រូបង្រៀនភាសអង់គ្លេសមួយរូប ជាជនជាតិអង់គ្លេស អាយុ៣៦ ឆ្នាំ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ពីរឆ្នាំ ពីបទប្រព្រឹត្តិ«អាណចារ» ទៅលើកុមារបីនាក់ អាយុ ៨ ១០ និង១១ឆ្នាំ។
កុមារកម្ពុជា មិនមែនជាត្រីដែលគេអាចបង់សំណាញ់ យកមកទទួលទានស្រេចនឹងចិត្តនោះទេ។ (រូបថត APLE)
ប្រព័ន្ធយុត្តិធម៌ - គ្រូបង្រៀនជនជាតិអង់គ្លេសមួយរូប ដែលចូលមករស់នៅប្រទេសកម្ពុជា ត្រូវបានផ្ដន្ទាទោសពីបទរំលោភបំពានលើអនិតិជន ឲ្យជាប់ពន្ធនាគារ២ឆ្នាំ។ ប្រទេសកម្ពុជាកំពុងធ្វើការ ប្រយុទ្ធប្រឆាំងនឹងសកម្មភាពល្មើសទាំងនេះ ដោយបានចាប់ខ្លួនជាបន្តបន្ទាប់ នូវជនប្រព្រឹត្តិទាំងឡាយ បញ្ជូនទៅតុលាការ ដើម្បី«ជួសជុល»រូបភាពរបស់ខ្លួន ដែលកន្លងមកល្បីថា ជាជម្រករបស់ជនបរទេសនានា ក្នុងការស្វែងរកការរួមភេទ ជាមួយកុមារមិនទាន់គ្រប់អាយុ។
បុរសអាយុ៣៦ឆ្នាំ ដែលបានប្រកបរបរជាអ្នកបង្រៀនភាសាអង់គ្លេស នៅក្នុងសាលាឯកជនមួយ នៅរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនកាលពីខែតុលាកន្លងទៅ ហើយតុលាការបានរកឃើញថាជននេះ បានប្រព្រឹត្តិ«អាណាចារ» ជាមួយក្មេងប្រុសបីនាក់ ដែលជាបងប្អូនគ្នាអាយុ ៨ ១០ និង១១ឆ្នាំ នៅក្នុងផ្ទះសំណាក់។
ជនបរទេសដែលបានអះអាងពីភាពគ្មានទោសពៃរបស់ខ្លួននោះ ត្រូវបានតុលាការបង្គាប់ឲ្យបង់ប្រាក់សំណងសរុប ប្រមាណជា១៨០០ដុល្លា ទៅឲ្យកុមាររងគ្រោះ និងត្រូវចាកចេញប្រទេសកម្ពុជា បន្ទាប់ពីបានបំពេញទោសក្នុងពន្ធនាគារហើយនោះ។ គេនៅមិនទាន់ដឹងនៅឡើយ ថាជនជាប់ចោទ នឹងត្រូវប្ដឹងឧទ្ទរណ៍ឬយ៉ាងណា ពីសាលដីការនេះនៅឡើយ។
សេពសន្ធវៈជាមួយកុមារ ជាប់ទោសពីរឆ្នាំ និងបង់ប្រាក់១៨០០ដុល្លា
សូមបញ្ជាក់ដែរថា ជនជាតិអង់គ្លេសរូបនេះ ធ្លាប់ត្រូវបានជាប់ពន្ធនាគារ ១ឆ្នាំ នៅក្នុងប្រទេសដើមកំណើតរបស់ខ្លួនម្ដងរួចហើយ ពីបទបានបង្កើតរូបភាព«អាណាចារ»ជាមួយអនិតិជន។
អង្គការ«ប្រយុទ្ធដើម្បីកុមារ (APLE)» ដែលធ្វើការស្និតនឹងករណីនេះ បានសម្ដែងការខកចិត្ត ថាទោសដែលបានដាក់លើជនជាតិបរទេសរូបនេះ ហាក់ដូចជាមានភាពធូរស្រាលពេក ប៉ុន្តែបានអបអរនឹងការបង្គាប់ឲ្យចាកចេញពីប្រទេស។ សកម្មជនម្នាក់ពីអង្គការនេះ លោក យី ម៉ូដិន បានបញ្ជាក់ថា «យើងអាចច្បាស់ក្នុងចិត្តថា បុរសនេះនឹងមិនធ្វើបាប កុមារខ្មែរណាម្នាក់ នៅក្នងប្រទេសកម្ពុជាទៀតទេ»។
ក្នុងរយៈពេលចុងក្រោយនេះ ជនបរទេសច្រើនជាង១០នាក់ ត្រូវបានចាប់ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ពីបទរំលោភសេពសន្ធវៈជាមួយក្មេងមិនទាន់គ្រប់អាយុ និងមួយចំនួនទៀត ត្រូវបានចាប់បញ្ជូនត្រឡប់ទៅប្រទេសដើមកំណើតវិញ ដើម្បីធ្វើការវិន្និច្ឆ័យទោស ទៅតាមការស្នើសុំរបស់ប្រព័ន្ធយុត្តិធម៌ របស់ប្រទេសទាំងនោះ។
កាលពីថ្ងៃអង្គារទី២៨ ខែកុម្ភៈ កន្លងមក តុលាការសហព័ន្ធនៃទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាមេរិក បានកាត់ទោស លើអតីតនាយទាហានចំណាស់ម្នាក់ ពីបទរំលោភបំពានលើក្មេងស្រី មិនទាន់គ្រប់អាយុចំនួន ៧នាក់ នៅក្នុងប្រទេសកម្ពុជា ដោយកំណត់ឲ្យបុរសនេះ ជាប់ពន្ធនាគាររហូតដល់ ២១០ឆ្នាំ និងបង្គាប់ឲ្យផ្ដល់សំណងជាទឹកប្រាក់ចំនួន ២៤៧ពាន់ដុល្លា ទៅដល់បណ្ដាអង្គការសមាគមទាំងឡាយណា ដែលបានទទួលយកកុមាររងគ្រោះទាំងនោះ ទៅបីបាច់ថែរក្សា៕
-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មីនា ២០១៤