បាល់ទាត់ពិភពលោក៖ នីហ្សេរីយ៉ា​ឈ្នះអ៊ីស្លង់ តែ​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​អាហ្សង់ទីន

ជ័យជំនះរបស់ក្រុម នីហ្សេរីយ៉ា ក្នុងការប្រកួតទល់នឹងក្រុម អ៊ីស្លង់ ក្នុងល្ងាចនេះ បានផ្ដល់ក្ដីសង្ឃឹមយ៉ាងច្រើន សម្រាប់ក្រុម អាហ្សង់ទីន ដែលចាញ់ក្រុម ក្រូអាស៊ី យ៉ាងធ្ងន់ធ្ងរ កាលពីយប់ម្សិលម៉ិញ។ ហេតុអ្វី? ទស្សនាវដ្ដីនឹងជម្រាបលោកអ្នក ពីក្ដីសង្ឃឹមនេះ នៅផ្នែកខាងក្រោមអត្ថបទ ហើយការប្រកួតជុំចុងក្រោយ របស់ពូល D នឹងមានលក្ខណៈ«ស្លាប់រស់»។
បាល់ទាត់ពិភពលោក៖ នីហ្សេរីយ៉ា​ឈ្នះអ៊ីស្លង់ តែ​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​អាហ្សង់ទីន
កីឡាករ «Halldorsson» បង្ហាញថ្វីជើងរបស់ខ្លួន នៅខាងមុខទីរបស់ក្រុម អ៊ីស្លង់។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 22, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីប្រកួតចាញ់ក្រុម ក្រូអាស៊ី នៅក្នុងជុំដំបូងរួច ក្រុម នីហ្សេរីយ៉ាង បានភ្ញាក់ខ្លួន នៅក្នុងការប្រកួតជុំទីពីរនេះ ដោយយកឈ្នះលើក្រុម អ៊ីស្លង់ ក្នុងគ្រាប់បាល់ ២ ទល់នឹងសូន្យ។ ក្រៅពីក្រុម ក្រូអាស៊ី មួយ ដែលទទួលបានសំបុត្រឆ្លងវគ្គ កាលពីម្សិលម៉ិញនោះ ក្រុមជម្រើសជាតិបីទៀត (អាហ្សង់ទីន អ៊ីស្លង់ និងនីហ្សេរីយ៉ា) នៅក្នុងពូល D នៅមានឱកាសនៅឡើយ ដើម្បី​ដណ្ដើមសំបុត្រឆ្លងវគ្គមួយទៀត ក្នុងការប្រកួត​ជុំចុងក្រោយ នៅសប្ដាហ៍ខាងមុខ។

តាមពិតទៅ នៅក្នុងការប្រកួត ទល់នឹងក្រុម អ៊ីស្លង់ ក្នុងល្ងាចនេះ ក្រុម នីហ្សេរីយ៉ា មិនបានបង្ហាញអ្វី ឲ្យខ្លាំងក្លា នៅពាក់កណ្ដាលម៉ោងដំបូងឡើយ។ ប៉ុន្តែ នៅពេលត្រឡប់ ចូលមកក្នុងពាក់កណ្ដាលម៉ោងទីពីរ ក្រុមបាល់ទាត់ ពីទ្វីបអាហ្វ្រិកមួយនេះ បានប្ដូរសាច់បាល់ ក្រឡាទាត់ និងល្បឿនលឿនជាងមុន ហើយរកបាន គ្រាប់បាល់មួយគ្រាប់ភ្លាម នៅនាទីទី ៤៩ ដោយកីឡាករ «Halldorsson» បន្ទាប់ពីទទួលបាល់ ពីស្លាបខាងស្ដាំ។

គ្រាប់បាល់ដំបូងនេះ បានផ្ដល់កម្លាំងចិត្ត ឲ្យក្រុម នីហ្សេរីយ៉ា ទាំងមូល ដោយបង្កើនល្បឿន និងការគ្រប់គ្រងបាល់ រហូតបង្កើតឱកាសវាយសម្រុក បានជាច្រើនដង នៅចំពោះក្រុម អ៊ីស្លង់ ដែលហាក់ថមថយកម្លាំង និងដូចជាភ្ញាក់ផ្អើល នឹងគ្រាប់បាល់ នីហ្សេរីយ៉ា។ ការវាយលុកច្រើនដង លែងអីនឹងអនុញ្ញាត ឲ្យក្រុមឥន្ទ្រីយ៍ខ្មៅ​រកបាន គ្រាប់បាល់មួយទៀត នៅនាទីទី ៧៥ ដោយកីឡាករ «Halldorsson» ដដែល។

» វីដេអូសង្ខេប នៃការប្រកួត រវាងក្រុម នីហ្សេរីយ៉ា និងក្រុម អ៊ីស្លង់៖

ជ័យជំនះរបស់ក្រុម នីហ្សេរីយ៉ា បានផ្ដល់៣ពិន្ទុ (៣ពិន្ទុសរុប) ឲ្យក្រុមនេះ ឡើងទៅឈរនៅចំណាត់ថ្នាក់លេខពីរ ក្នុងពូល D បន្ទាប់ពីក្រុម ក្រូអាស៊ី ខណៈក្រុម អាហ្សង់ទីន និងក្រុម អ៊ីស្លង់ ទទួលបាន១ពិន្ទុម្នាក់។ ការប្រកួតជុំចុងក្រោយ នឹងប្រព្រឹត្តិទៅ នៅវេលាម៉ោងតែមួយ ក្នុងថ្ងៃអង្គារខាងមុខ៖ នីហ្សេរីយ៉ា ទល់នឹង អាហ្សង់ទីន និង អ៊ីស្លង់ ទល់នឹង ក្រូអាស៊ី។

សេណារីយ៉ូ ដែលផ្ដល់ក្ដីសង្ឃឹម ឲ្យក្រុមទាំងពីរក្រោយ ក្នុងការឡើងទៅវគ្គខាងមុខនោះ គឺក្រុម អាហ្សង់ទីន និង អ៊ីស្លង់ ដែលមានតែ១ពិន្ទុ ចាំបាច់ត្រូវយកឈ្នះការប្រកួត​ជុំចុងក្រោយនេះ។ ប៉ុន្តែគ្រាប់បាល់ដែលក្រុម អាហ្សង់ទីន ចាញ់ក្រុម ក្រូអាស៊ី តម្រូវឲ្យ អាហ្សង់ទីន ត្រូវរកគ្រាប់បាល់ ឲ្យបានច្រើនបំផុត និងច្រើនជាងក្រុម អ៊ីស្លង់។

តែសំនួរសួរថា នៅចំពោះក្រុម ក្រូអាស៊ី ដ៏ខ្លាំងក្លានោះ តើក្រុម អ៊ីស្លង់ អាចយកឈ្នះបានឬទេ និងឈ្នះបានគ្រាប់បាល់ប៉ុន្មាន? ចុះនៅចំពោះក្រុម នីហ្សេរីយ៉ា ដែលបានយកឈ្នះក្រុម អ៊ីស្លង់ នៅថ្ងៃនេះ ២-០ នោះ នឹងអាចឲ្យមិត្តរួមក្រុម របស់កីឡាករ ម៉េស៊ី រកគ្រាប់បាល់ច្រើន បានប៉ុន្មានគ្រាប់? ឬក៏ក្រុម អាហ្សង់ទីន បែរជាត្រូវលុតជង្គង់ នៅចំពោះក្រុម ឥន្ទ្រីយ៍ខ្មៅ ទៅវិញទេ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...